ខេត្តមណ្ឌលគិរី ៖ រថយន្ដក្រុងពាក់ស្លាកលេខវៀតណាម មួយគ្រឿង ត្រូវបាននគរបាលសេដ្ឋកិច្ចខេត្ត និងនគរបាលសេដ្ឋកិច្ចក្រសួង ចាប់ឃាត់កាលពីវេលាម៉ោង៩និង៥៥នាទីព្រឹកថ្ងៃទី៨ តុលា ២០១៥ នៅចំណុចចំណតរថយន្តថ្មី ក្នុងសង្តាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ក្រោយពីឆែកឆេររកឃើញឈើប្រណីតបង្កប់ក្រោមកៅអី ។
លោក សូ សុវិទ្យា ព្រះរាជអាជ្ញាដែលដឹកនាំបញ្ជាផ្ទាល់ បានឲ្យដឹងថា ដោយសារនៅតាមដងផ្លូវមានសភាពចង្អៀតនោះ ទើបលោកបញ្ជាឲ្យនាំរថយន្តដឹកបទល្មើសនោះមកកាន់ស្នងការដ្ឋាននគរបាលខេត្ត រួចធ្វើការត្រួតពិនិត្យឃើញមានបង្កប់ឈើប្រណីតប្រភេទនាងនួន ធ្នង់ ឈើពក មួយចំនួន ដែលឈ្មួញលាក់ទុកនៅក្រោមកៅអី ដោយរថយន្តក្រុង១គ្រឿងនេះ ពុំមានដឹកអ្នកដំណើរទេ មានតែអ្នកបើកបរ និងព្រូរថយន្តម្នាក់ប៉ុណ្ណោះ ។
បើតាមប្រភពព័ត៌មាន បានបង្ហើបថា រថយន្ដក្រុង១គ្រឿងខាងលើនេះ តែងតែធ្វើចរាចរណ៏រៀងរាល់ថ្ងៃចេញចូលតាមច្រកទ្វារទ្វេរភាគីដាក់ដាំ ដោយមានច្បាប់ទម្លាប់ត្រឹមត្រូវ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺរថយន្តក្រុង១គ្រឿងនេះ បែរជាលួចបង្កប់ឈើប្រណីតជំនួសអ្នកដំណើរទៅវិញ ។
ពាក់ព័ន្ឋករណីខាងលើនេះ លោក យូ សុធា មេប៉ុស្តិ៍ទ្វេភាគីដាក់ដាំ មិនអាចសុំការបំភ្លឺបានទេដោយសារទូរស័ព្ទចូលជាច្រើនដងមិនមានអ្នកទទួល ៕



ចែករំលែកព័តមាននេះ