ខេត្តកណ្តាល ៖ កុមារី២នាក់បានលង់ទឹកប្រឡាយក្នុងបរិវេណការដ្ឋានបូមខ្សាច់ដាក់ដីឡូត៍មួយកន្លែងស្លាប់យ៉ាងអាណោចអាធ័មកាលពីវេលាម៉ោង៤ និង៣០នាទីរសៀល ថ្ងៃទី៧ តុលា ២០១៥ ស្ថិតក្នុងភូមិជ្រោយដង ឃុំសំរោងធំ ស្រុកកៀនស្វាយ។
កុមារីរងគ្រោះទាំង២នាក់ដែលស្លាប់ ឈ្មោះលាង សុខហ៊ាង អាយុ១៣ឆ្នាំ ជាសិស្ស មានទីលំនៅភូមិស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ និងឈ្មោះញឹក សាក្ខណា អាយុ១២ឆ្នាំ ជាសិស្ស មានទីលំនៅភូមិជ្រោយដង២ ឃុំស្រុកជាមួយគ្នា។
ប្រភពពីប្រជាពលរដ្ឋរស់នៅជិតការដ្ឋានបូមខ្សាច់នោះនិយាយថា មុនពេលកើតហេតុគេឃើញកុមារីរងគ្រោះទាំង២នាក់រួមជាមួយកុមារី៣នាក់ទៀតបានចេញពីរៀនកួរជិះកង់ម្នាក់១ តាមបណ្តោយផ្លូវជាតិលេខ១សំដៅទៅផ្ទះ ស្រាប់តែមកដល់មុខការដ្ឋានបូមខ្សាច់ដាក់ដីឡូត៍ធំមួយកន្លែងដែលកំពុងដំណើរការបូមខ្សាច់ និងសាងសង់របងនៅជាប់ផ្លូវជាតិលេខ១ត្រង់ចំណុចខាងលើក៏នាំគ្នាចូលទៅហែលទឹកប្រឡាយនៅក្នុងបរិវេណការដ្ឋានបូមខ្សាច់នោះដោយគ្មានអ្នកណាចាប់អារម្មណ៍ឡើយ។
លុះពេលឃើញកុមារី៣នាក់ក្នុងចំណោម៥នាក់ស្រែកថាជួយផងថាមានមនុស្សលង់ទឹកក៏មានការភ្ញាក់ផ្អើលនាំគ្នារត់ទៅជួយស្រង់ តែជាអកុសលក្មេងស្រីទាំង២នាក់បានស្លាប់បាត់ទៅហើយ ប៉ុន្តែសាច់ញាតិមិនអស់ចិត្តក៏ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ពេលទៅដល់គ្រូពេទ្យប្រាប់ថា កុមារីទាំង២នាក់បានស្លាប់តាំងពីកន្លែងកើតហេតុម្ល៉េះ៕






ចែករំលែកព័តមាននេះ