កងទ័ពស៊ីរី និងសម្ព័ន្ធមិត្តកាលពីថ្ងៃទី៧ តុលា បានបើកធ្វើការវាយលុកតាមជើងគោកដ៏ធំមួយជាមួយការជួយទ្រទ្រង់ពេញទំហឹងរបស់រុស្ស៊ី ។ ដូច្នេះសង្គ្រាមស៊ីរីឈានចូលដំណាក់កាលថ្មីមួយ ។
រុស្ស៊ីបានជួយវាយប្រហារយ៉ាងខ្លាំងក្លាបំផុត ។ នាវាពិឃាត៤គ្រឿងរបស់រុស្ស៊ីនាថ្ងៃទី៧ តុលា នោះ បានបាញ់មីស៊ីលបណ្តែតពីសមុទ្រកាស្ពីយែន ដល់ទៅ២៦គ្រាប់ សំដៅលើគោលដៅ ១១ ។
តាមជើងគោកកងទ័ពស៊ីរីបើកធ្វើការវាយលុកធំមួយ ។ បំពាក់ដោយឧបករណ៍យោធារុស្ស៊ី កងទាហានស៊ីរីប៉ុនប៉ងវាយដណ្តើមយកវិញនូវបណ្តាទីតាំងពីពួកឧទ្ទាមនៅភាគកណ្តាលប្រទេស ។ នេះជាប្រតិបត្តិការយោធាលើកដំបូងដែលមានការសម្របសម្រួលគ្នារវាងកងទ័ពលោកអាសាដ និងរុស្ស៊ី ។ គោលបំណង គឺរក្សាសន្តិសុខដល់ផ្នែករបស់ប្រទេសត្រួតត្រា ដោយរបបលោកអាសាដ ដែលរួមមានមូលដ្ឋានអាកាសចរណ៍រុស្ស៊ីដែរ ។
ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន ថ្លែងថា ប្រសិនបើយើងអាចសម្រេចការកម្ទេចធ្ងន់ធ្ងរដល់បណ្តាអង្គការភេរវកម្មដូចជាក្រុមរដ្ឋអ៊ិស្លាម ឬក្រុមអាល់ណូស្ត្រាជាដើម នោះនឹងជាជំហានធំមួយឆ្ពោះទៅរកដំណោះស្រាយ នយោបាយមួយនៅស៊ីរី ។
ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី SANA ដកស្រង់ប្រភពយោធារាយការណ៍កាលពីថ្ងៃទី៧ តុលា ថា បណ្តាមីស៊ីលបណ្តែតរុស្ស៊ីបានតម្រង់ និងកម្ទេចទីតាំងជាច្រើនរបស់ក្រុមរដ្ឋអ៊ិស្លាមក្នុងខេត្ត៣របស់ស៊ីរី ។ ការវាយប្រហារទាំងនេះចេញពីនាវាចម្បាំងនៅសមុទ្រកាស្ពីយែន បានកម្ទេចរោងចក្រផលិតគ្រឿងផ្ទុះមួយ បណ្តាឃ្លាំងអាវុធ ឃ្លាំងស្តុកគ្រឿងឆេះ និងបណ្តាមជ្ឈមណ្ឌលហ្វឹកហ្វឺនរបស់ក្រុមរដ្ឋអ៊ិស្លាម នៅខេត្តភាគខាងជើងប្រទេស គឺខេត្តរ៉ាកា អាឡែប និងអីុដលីប ។
ព័ត៌មាននេះត្រូវទម្លាយពេលក្រសួងការពារប្រទេសរុស្ស៊ីចេញផ្សាយរូបភាពវីដេអូបង្ហាញពីការបាញ់មីស៊ីលបណ្តែតនាពេលយប់ពីសមុទ្រកាស្ពីយែន ប្រឆាំងបណ្តាទីតាំងរបស់ក្រុមរដ្ឋអ៊ិស្លាមនៅស៊ីរី ។ មីស៊ីលទាំងនេះហោះកាត់ប្រទេសអីុរ៉ង់ និងអីុរ៉ាក់ មុនពេលធ្លាក់លើបណ្តាគោលដៅនៅស៊ីរី ។
រដ្ឋមន្ត្រីការពារប្រទេសរុស្ស៊ី លោកស័រហ្គេយឆយហ្គូ ពេលពិភាក្សាជាមួយលោកពូទីន នៅសូតជីជាប់មាត់សមុទ្រខ្មៅនិយាយថា នាព្រឹកថ្ងៃទី៧ តុលា កងនាវាចម្បាំងនៅសមុទ្រកាស្ពីយែន បានចូលរួមក្នុងយុទ្ធនាការវាយប្រហារ ។ នាវាចម្បាំង៤គ្រឿងបានបាញ់មីស៊ីលបណ្តែត២៦គ្រាប់ ប្រឆាំងគោលដៅ១១ផ្សេងគ្នា ។ លោកបន្តថា រាល់គោលដៅស្ថិតនៅចម្ងាយដល់ទៅ១.៥០០គីឡូម៉ែត្រ រងការកម្ទេចដោយពុំបណ្តាលឱ្យមានជនរងគ្រោះស៊ីវិលឡើយ ។ ចំណែកយន្តហោះចម្បាំង២៣គ្រឿងរបស់រុស្ស៊ីបានបន្តវាយប្រហារលើបណ្តាទីតាំងរបស់រដ្ឋអ៊ិស្លាម ។ លោកឆយហ្គូ គូសបញ្ជាក់ថា កងទ័ពអាកាសរុស្ស៊ីបានធ្វើការវាយប្រហារគោលដៅសរុបចំនួន១១២ ដោយកម្ទេចប៉ុស្តិ៍បញ្ជាការ១៩ ឃ្លាំងគ្រាប់១២ រថពាសដែក៧១គ្រឿង ព្រមទាំងបណ្តារោងចក្រ និងរោងជាងផលិតគ្រឿងផ្ទុះផ្សេងៗ ក្នុងនោះរួមទាំងបណ្តាឧបករណ៍ប្រើប្រាស់សម្រាប់រថយន្តផ្ទុកគ្រឿងផ្ទុះផង តាំងពីរុស្ស៊ីចាប់ផ្តើមវាយប្រហារតាមអាកាសពីថ្ងៃទី៣០ កញ្ញា មក ប្រឆាំងពួកភេរវករនៅស៊ីរី ។
អូតង់រួមប្រជុំពេលមានការវាយលុកធំទ្រទ្រង់ដោយរុស្ស៊ីបណ្តារដ្ឋមន្ត្រីការពារប្រទេសអូតង់បានរួមប្រជុំកាលពីថ្ងៃទី៨ តុលា នៅក្រុងព្រុចសែល ពេលភាពតានតឹងជាមួយរុស្ស៊ីមានការកើនឡើងតាមរយៈ ដែលអន្តរាគមន៍យោធារបស់មហាអំណាចនេះនៅស៊ីរី ដែលអាចឱ្យរបបលោកបាចា អាល់អាសាដ បើកការវាយលុកតាមជើងគោកធំមួយ។
ក្រុងវ៉ាស៊ីនតោនជាប្រមុខក្រុមចម្រុះមួយ ប្រយុទ្ធប្រឆាំងពួកជីហាដ ក្រុមរដ្ឋអ៊ិស្លាមនិយាយជាថ្មីកាលពីថ្ងៃទី៧ តុលា ថា ប្តូរចិត្តវិញមិនរួមសហការជាមួយរុស្ស៊ីលើការទម្លាក់គ្រាប់បែកតាមអាកាសដែលធ្វើនៅស៊ីរី ដោយរដ្ឋមន្ត្រីការពារប្រទេសអាមេរិក លោក ASHTON CARTER ចាត់ទុកថាបែបនេះជាការខុសឆ្គងធំមួយ ។
យោងតាមអ្នកនាំពាក្យម្នាក់របស់មន្ទីរប៉ង់តាហ្គោនថា ក្រុមចម្រុះប្រឆាំងរដ្ឋអ៊ិស្លាមត្រូវកាត់បន្ថយយន្តហោះពីលើដែនអាកាសស៊ីរី ហើយចៀសវាងមិនឱ្យហោះក្បែរយន្តហោះរុស្ស៊ើ ។
ប្រធានាធិបតីរុស្ស៊ី លោកពូទីន ប្រកាសថា ប្រតិបត្តិការរុស្ស៊ីនឹងបង្កើនកាន់តែខ្លាំង ខណៈសហរដ្ឋអាេមរិកអះអាងកាលពីថ្ងៃទី៧ តុលា ថា ការទម្លាក់គ្រាប់បែកស្ទើរទាំងស្រុងរបស់រុស្ស៊ីនៅស៊ីរីពុំសំដៅលើពួកជីហាដក្រុមរដ្ឋអ៊ិស្លាម ឬបណ្តាក្រុមស្និទ្ធអាល់កៃដាឡើយ តែលើបណ្តាអង្គការប្រដាប់អាវុធនិយមកណ្តាលស៊ីរី ដែលប្រយុទ្ធប្រឆាំងរបបក្រុងដាម៉ាស់ ។
អង្គការសិទ្ធិមនុស្សស៊ីរី OSDH គូសបញ្ជាក់ថា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីពិតជាខ្លាំងក្លាខុសពីធម្មតា ។ នាយកអង្គការនេះ លោករ៉ាមី អាប់ដែលរ៉ាហ៍ម៉ាន់ និយាយថា ជាលើកដំបូងកងយន្តហោះរុស្ស៊ីបានវាយប្រហារអមការប្រយុទ្ធតាមជើងគោករវាងកងទ័ពស៊ីរី និងពួកឧទ្ទាម ៕









ចែករំលែកព័តមាននេះ