រាជធានីភ្នំពេញ ៖ បើយោងតាមប្រភពព័ត៌មានច្បាស់ការណ៍មួយពីក្រុមហ៊ុនប្រមូលសំរាម ស៊ិនទ្រី បានឱ្យដឹងថា ក្រុមហ៊ុននឹងមានការអាក់ខានក្នុងការប្រមូលសំរាមរយៈពេល៧ថ្ងៃ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌខាងមុខ គិតចាប់ពីថ្ងៃទី៩ តុលា ដល់១៥ តុលា ២០១៥ ។
ជាមួយគ្នានោះដែរ ប្រភពផ្លូវការបានឱ្យដឹងថា តំណាងរបស់ក្រុមហ៊ុនស៊ិនទ្រី បានធ្វើលិខិតមួយជម្រាបជូនទៅលោកអភិបាលរាជធានីភ្នំពេញអំពីហេតុផលក្នុងការរអាក់រអួលប្រមែប្រមូលសំរាមនៅរដូវបុណ្យភ្ជុំបិណ្ឌខាងមុខ ដោយបញ្ហាចម្បងបំផុត គឺក្រុមកម្មករផ្នែកដើរប្រមូលសំរាមមួយចំនួនធំនាំគ្នាឈប់សម្រាកដើម្បីធ្វើដំណើរទៅស្រុកកំណើតចូលរួមធ្វើបុណ្យនៃពិធីបុណ្យភ្ជុំបិណ្ឌតាមទំនៀមទម្លាប់ប្រពៃណីខ្មែរ ដើម្បីឧទ្ទិសកុលសផលបុណ្យដល់បងប្អូន និងញាតិការទាំង៧សណ្តានដែលចែកឋានទៅ ។
ទន្ទឹមនឹងនោះ តំណាងក្រុមហ៊ុនបានប្រាប់ឱ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃនៃការឈប់សំរាករបស់ក្រុមកម្មករ កម្មការី ស៊ិនទ្រីខាងលើ គឺមិនមែនក្រុមហ៊ុនផ្តាច់ការមិនប្រមូលសំរាមទាំងស្រុងនោះទេ គឺក្រុមហ៊ុនមានមនុស្សប្រចាំការ ក្នុងការទៅយកសំរាមនៅតាមដងផ្លូវ និងតាមទីសាធារណៈនានាក្នុងរាជធានីភ្នំពេញធម្មតា គ្រាន់តែការប្រមូលវាមិនបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលាល្អ ( ពោលគឺរអាក់រអួលបន្តិច ) ព្រោះកម្មករមួយចំនួនធំ ពួកគាត់ត្រូវឈប់សម្រាក ដើម្បីទៅចូលរួមពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរនៅឯស្រុកកំណើត ។
សូមបញ្ជាក់ថា ការដែលក្រុមហ៊ុនអនុញ្ញាតឱ្យកម្មករ -កម្មការនី ឈប់សម្រាក គឺធ្វើឡើងទៅតាមលិខិតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតម្រូវឱ្យកម្មករទាំងអស់មានសិទ្ធិសេរីភាពគ្រប់គ្រាន់ ដើម្បីឈប់សម្រាកក្នុងឱកាសពេលមានបុណ្យទាន ជាពិសេសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរដែលកំពុងតែខិតជិតចូលមកដល់តែម្តង ។
ជាងនេះទៅទៀត តំណាងក្រុមហ៊ុនទាំងមូលបានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ដែលរស់នៅក្នុងរាជធានីភ្នំពេញ មេត្តាមានការយោគយល់អាធ្យាស្រ័យខ្ផង ចំពោះការរអាក់រអួលប្រមែប្រមូលសំរាមមិនទាន់ពេលវេលា ។ តែទោះជាយ៉ាងណាក្តី ក្រុមហ៊ុនសុំឱ្យបងប្អូនប្រមូលសំរាម ឬកាកសំណល់នានាទុកនៅមួយកន្លែង ឬច្រកចូលក្នុងថង់ប្លាស្ទិចណាមួយចងទុកនៅខាងមុខផ្ទះរបស់ខ្លួន ឬ យកទៅចោលនៅធុងសំរាមធំៗតាមដងផ្លូវ ដែលក្រុមហ៊ុនបានដាក់ជូនដើម្បីជាការចូលរួមចំណែកមួយក្នុងការជួញគិតគូរ និងបំពេញភាពងាយស្រួលដល់ក្រុមកម្មកររបស់ក្រុមហ៊ុនដើរប្រមែប្រមូល៕




ចែករំលែកព័តមាននេះ