ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ុន ឈុ​ន​ហេង និង​សូត្រ ប៊ុ​ន​ធី ត្រៀម​ស្វាគមន៍​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ស៊ី​ធី​អិន​ថ្ងៃ​សៅរ៍​​នេះ

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហ៊ុន ឈុ​ន​ហេង មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ​បង្ក្រាប​គ្រឿងញៀន និង​សូត្រ ប៊ុ​ន​ធី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​បានត្រៀម​កណ្ដាប់ដៃ​ស្វាគមន៍​កីឡាករ​ថៃ​នា​ថ្ងៃ​សៅរ៍ ទី​១០ តុលា ខានស្អែក​នេះ ក្នុង​កម្មវិធី​ប្រកួតប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​ស្ថានីយទូរទស្សន៍​ស៊ីធី​អិន ។

ហ៊ុន ឈុ​ន​ហេង ត្រូវ​ជួប​ប្រកួត​ជាមួយកីឡាករ​ថៃ​ឈ្មោះ​លូក​យ៉​ត ស៊ី​ត​ផ្យា​ក់ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ សម្រាប់​ការ​ប្រកួត​លើក​នេះ​លោក​មាស សុខ​គ្រី ដែល​ជា​គ្រូបង្ហាត់​របស់​ហ៊ុន ឈុ​ន​ហេង មិន​ហ៊ាន​អះអាង​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ​ថា​យ៉ាងណា​នោះ​ទេ គ្រាន់តែ​លោក​ប្រាប់​ថា​កូនសិស្សលោក​មួយ​រយៈ​នេះ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ណាស់​ទើប​លោក​ទុកចិត្ត​តែ​មិន​ដល់​ថ្នាក់​ទាំងស្រុង​នោះ​ទេ ។ តាម​ការ​សង្កេត​ការ​ប្រកួត​កន្លង​មក ហ៊ុន ឈុ​ន​ហេង មាន​ល្បិច​ប្រយុទ្ធ​ខ្ពស់ ផ្លែ​កែង​និង​ជង្គង់​អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ ចិត្ត​ក៏​សឿង ឯ​ចលនា​វាយ​ចេញ​ក៏​រហ័សរហួន​ទៀត​ផង​។ លោក​ម៉ា សេរី អ្នកគ្រប់គ្រង​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍៍​ស៊ី​ធី​អិន​ប្រាប់​ថា ដៃគូ​របស់​ហ៊ុន ឈុ​ន​ហេង មិនមែន​ជា​ជើង​អន់​ទេ​សូមជ្រាប ។ កីឡាករ​ថៃ​រូប​នេះ​គឺជា​ជើង​ខ្លាំង​មួយ​រូប​ដែល​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យ៉ាង​ក្រាស់ក្រែល ។ ដូច្នេះ​សម្រាប់​ការ​ប្រកួត​លើក​នេះ​កីឡាករ​កម្ពុជា​មិន​អាច​ធ្វេសប្រហែស​បាន​ឡើយ​បើ​មិន​ដូច្នោះ​ទេ​ច្បាស់​ជាស៊យ​ធំ​មិន​ខាន ។

 ចំណែក​សូត្រ ប៊ុ​ន​ធី ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ភិត​ណ​យ ពៀក​ខា​ឃែ​រ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដូចគ្នា ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជា​ច្រើន​លើក​រួច​មក​ហើយ ប៉ុន្តែ​មិន​ដែល​ជួប​សូត្រ ប៊ុ​ន​ធី ម្ដងណាទេ ទើប​គេ​ពិបាក​ព្យាករណ៍​ទុក​មុន​ពី​លទ្ធផល​ចុង​ក្រោយ ។ ម្យ៉ាង​សូត្រ ប៊ុ​ន​ធី មួយ​រយៈ​មកនេះ​បាន​បាត់​មុខ​ពីលើ​សង្វៀន​ទៀត​ផង​មិនដឹង​ថា​ថ្វីដៃ​ប្រកួត​របស់​គេ​នៅ​ខ្លាំង​ដូច​មុន​ឬ​យ៉ាងណា ។ រីឯ​កីឡាករ​ថៃ​មាន​ផ្លែ​កែង​និង​ជង្គង់​ល្អ​គ្រាន់បើ ចលនា​វាយ​ចេញ​ក៏​រហ័ស​កណ្ដាប់ដៃ​ក៏​ធ្ងន់ ដូច្នេះ​ចាំ​មើល​សូត្រ ប៊ុ​ន​ធី អាច​ទៅ​រួច​អត់​ជាមួយ​កីឡាករ​ថៃ​រូប​នេះ?

ក្រៅពី​គូ​អន្តរជាតិ​២​គូ​នេះ​ទៅ​នៅ​មានការ​ប្រកួត​រវាង​កីឡាករ​កម្ពុជា​និង​កម្ពុជា​ចំនួន​៣​គូ​ទៀត ។ កីឡាករ​ជ័យ ប៊ុ​ន​សង់ មក​ពី​ក្លិប​គី​សែ​មាន​រិ​ទ្ធ ត្រូវ​ប្រកួត​ជាមួយ​កីឡាករ​ញ៉េ សិទ្ធ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ។ កីឡាករ​វ៉​ន សា​វី មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ហេង វិ​ឆ័​យ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​កីឡាករ​សំ​អឿ​ន សុ​ផា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​គុ​ជ វាសនា មក​ពី​ក្លិប​គជសារ​កីឡា ៕