រាជធានីភ្នំពេញ ៖ នៅថ្ងៃសៅរ៍នេះ កីឡាករ៤រូបត្រូវគេមើលឃើញថា គេចមិនផុតពីការប្រកួតស៊ីសាច់ហុតឈាម ឬគេហៅភាសាការទូតថា ការប្រកួតស្លាប់រស់នៅលើសង្វៀននោះទេ បើទោះជាកីឡាករម្នាក់ៗសុទ្ធតែមានភារៈត្រូវទៅសប្បាយក្នុងឱកាសបុណ្យភ្ជុំនៅស្រុកដូចគ្នាក៏ដោយ ។ នោះគឺដោយសារតែការប្រកួតរបស់ពួកគេជាការប្រកួតបិទគូទក្នុងពូល ឆ្ពោះទៅកាន់វគ្គដណ្ដើមខ្សែក្រវាត់ ដែលមានន័យថា អ្នកឈ្នះបានឡើង ហើយអ្នកចាញ់ហាលអាវ ។
នៅលើសង្វៀនទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ចាប់ពីម៉ោង២រសៀលតទៅ នៅក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់ជើងឯក «អធិរាជស៊ីម៉ង់ត៍អូដ្ឋ» នៅសង្វៀនTIFFY ARENA TV5 ការប្រកួតបញ្ចប់ពូលB នឹងឈានមកដល់នៅរសៀលថ្ងៃសៅរ៍ ទី១០ តុលា នេះហើយ ។ កីឡាករ៣រូបត្រូវគេមើលឃើញស្ថិតក្នុងភាពប្រកៀកប្រកិតគ្នាយ៉ាងខ្លាំងទាំងសមត្ថភាពនិងពិន្ទុ ។ ប៉ុន្តែកីឡាករដែលមានសម្ពាធសម្រាប់ការដណ្ដើមកៅអីទៅកាន់វគ្គបន្តនោះ គឺមានតែកីឡាករ២រូបប៉ុណ្ណោះ។ កីឡាករធី តុងហ៊ី មកពីក្លិបសាលវ័ន្តកីឡា នឹងត្រូវជួបប្រកួតជាមួយកីឡាករ ថៃ ប៊ុនហាន មកពីក្លិបឫទ្ធីពោធិសែនជ័យ ដែលការប៉ះគ្នារបស់ពួកគេ គឺមិនមានអ្នកណាម្នាក់អាចចាញ់បានទេ ជាពិសេសគឺធី តុងហ៊ី ។ ការប្រកួត២លើកកន្លងមក ធី តុងហ៊ី ឈ្នះ១ ចាញ់១ មានតែ៤ពិន្ទុ ទើបគេត្រូវការ៣ពិន្ទុសម្រាប់ថ្ងៃស្អែក ដើម្បីបោះជំហានទៅកាន់វគ្គបន្ត ។ រវាង២នាក់នេះ បើធី តុងហ៊ី វាយឲ្យថៃ ប៊ុនហាន សន្លប់មុនទឹកទី៣ នោះគេនឹងបានឡើងដោយស្វ័យប្រវត្តិ ប៉ុន្តែបើបណ្ដោយឱ្យចាញ់ ឬត្រឹមឈ្នះពិន្ទុ គឺស្ថិតក្នុងភាពប្រទាញប្រទង់ពិន្ទុជាមួយគូប្រកួតក្នុងពូល ។ កីឡាករថៃ ប៊ុនហ៊ាន ២លើកកន្លងមក គេវាយឈ្នះ អៀង ច័ន្ទល័ក្ខ ដោយពិន្ទុ និងលើកទី២ ត្រូវចាញ់កីឡាករថៃWeerachai នោះទេ ប៉ុន្តែដោយកីឡាករថៃជ្រុលថែមនាំឱ្យមានកំហុសបច្ចេកទេស ទើបបណ្ដាលឱ្យបាន៣ពិន្ទុដោយស្រួល ។ សរុបមកត្បិតថាថៃ ប៊ុន ហាន មាន៦ពិន្ទុនាំមុខគេ ប៉ុន្តែបើគេភ្លាត់ចាញ់ នោះឱកាសឈានឡើងទៅកាន់វគ្គបន្ត ក៏មិនទាន់ប្រាកដនោះដែរ ដោយសារតែកីឡាករ២រូបផ្សេងទៀត សុទ្ធតែមានឱកាសដណ្ដើមយកកៅអីដូចគ្នា ។ ថៃ ប៊ុនហាន ដាច់ខាតត្រូវតែប្រឹងឲ្យឈ្នះធី តុងហ៊ី ដើម្បីបញ្ចៀសភាពប្រទាញប្រទង់ពិន្ទុ ។ អញ្ចឹងហើយ ទើបការប្រកួតមួយគូនេះ គឺអ្នកណាក៏មើលឃើញថា នឹងគេចមិនផុតពីការប្រកួតស៊ីសាច់ហុតឈាមនោះទេ សម្រាប់ស្វាគមន៍ថ្ងៃបុណ្យភ្ជុំធំ ។ នោះគឺដោយសារតែធី តុងហ៊ី ត្រូវការផ្ដួលគូប្រកួតយក៣ពិន្ទុឲ្យសន្លប់មុនទឹកទី៣ ហើយកីឡាករថៃ ប៊ុនហាន ត្រូវការឈ្នះដាច់ខាតដើម្បីបានរួចខ្លួន ។ សរុបមកអ្នកទាំងពីរអត់មានអ្នកណាចង់ចាញ់ដាច់ខាត សម្រាប់ការប្រកួតវគ្គបញ្ចប់ក្នុងពូលថ្ងៃស្អែក ដោយកីឡាករទាំងពីរសុទ្ធតែបានប្រកាសជំហរត្រូវតែឈ្នះ១០០%សម្រាប់ការប្រកួតដូចគ្នា ។ នៅក្នុងព្រឹត្តិការណ៍នោះដែរ កីឡាករថៃWeerachaiMenayuthin ហាក់មិនមានសម្ពាធដូចកីឡាករទាំង២នោះទេ បើទោះជាគេទើបតែមាន៤ពិន្ទុ ។ ការប្រកួតថ្ងៃស្អែកមានការវិភាគថា ១០០% កីឡាករថៃពិតជាឈ្នះកីឡាករអៀង ចាន់ល័ក្ខ ដោយសារអៀង ចាន់ល័ក្ខ គឺជាកីឡាករខ្សោយជាងគេក្នុងពូល ហើយកីឡាករថៃគឺជាជើងខ្លាំងនាំមុខគេក្នុងពូល។ ទោះវាយឈ្នះកីឡាករអៀង ច័ន្ទល័ក្ខ កីឡាករថៃបានទទួលតែ៧ពិន្ទុស្មើធី តុងហ៊ី និងថៃ ប៊ុនហាន បើធី តុងហ៊ី វាយឈ្នះថៃ ប៊ុនហាន ក៏កីឡាករថៃបានឡើង១០០% ដោយសារតែគេមានក្រេឌីតវាយផ្ដួលឲ្យគូប្រកួតសន្លប់ ។ ដូច្នេះមានន័យថាកីឡាករថៃមិនសូវមានសម្ពាធប៉ុន្មានទេ សម្រាប់ការប្រកួតជុំចុងក្រោយនេះ។ ទោះបីយ៉ាងណា ឱកាសរបស់កីឡាករថៃក៏ត្រូវមើលលទ្ធផលប្រកួតរវាងធី តុងហ៊ី និងថៃ ប៊ុនហានផងដែរ ទើបអាចកំណត់បានថាបានឡើងប្រាកដមែនឬអត់ ?
ថៃ ប៊ុនហាន និងធី តុងហ៊ី នេះ មិនដែលប៉ះគ្នាទេកន្លងមក ហើយបើក្រឡេកទៅមើលបទពិសោធន៍ និងកលល្បិចក្នុងការប្រកួត គឺម្នាក់ៗសំបូរដូចគ្នា ទើបមានការព្យាករថា ការប្រកួតសម្រាប់ថ្ងៃស្អែក គឺពិតជាអ្នកឈ្នះ និងអ្នកចាញ់វេទនាខ្លួនដូចគ្នា ។
មិនខុសពីការប្រកួតរវាងកីឡាករ២រូប គឺធី តុងហ៊ី និងថៃ ប៊ុនហាន នៅថ្ងៃសៅរ៍នោះដែរ កីឡាករ២រូបទៀតក៏ត្រូវគេមើលឃើញថា គេចមិនផុតពីជំនួបស៊ីសាច់ហុតឈាមដូចគ្នាផងដែរ នៅក្នុងព្រឹត្តិការណ៍ដណ្ដើមខ្សែក្រវាត់កំពូលជើងឯក K.Cement របស់ស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ចាប់ពីម៉ោង២រសៀលតទៅ ។ កីឡាករ សល់ ពិសិដ្ឋ មកពីក្លិបកុសលកីឡា នឹងត្រូវប្រកួតបញ្ចប់ការសន្សំពិន្ទុក្នុងពូលB ជាមួយកីឡាករ សេង ស្រឿន មកពីក្លិបព្រះខ័នរាជ ដែលការប្រកួតរបស់ពួកគេ គឺជាការកំណត់ជោគវាសនាតែម្ដង ដើម្បីបានឡើងទៅវគ្គបន្ត។ រវាង២នាក់នេះ គឺជាជើងខ្លាំងដូចគ្នា ហើយការប្រកួតសម្រាប់ថ្ងៃខានស្អែក បើអ្នកណាឈ្នះបានឡើង ហើយអ្នកចាញ់ហាលអាវ ។ ទោះជាការប្រកួតកន្លងមក សល់ ពិសិដ្ឋ ធ្លាប់ចាញ់ សេង ស្រឿនម្ដងដោយពិន្ទុ ក៏ការប្រកួតសម្រាប់ថ្ងៃស្អែក មិនអាចផ្អែកតាមលទ្ធផលចាស់បានទេ ដោយសារតែការប្រកួតកាលមុនកីឡាករសល់ ពិសិដ្ឋ មិនទាន់ល្អដូចពេលនេះ និងម្យ៉ាងមកពីការប្រកួតលើកនេះ គឺជាការប្រកួតក្នុងន័យបិទ និងបើកឱកាសទៅយកខ្សែក្រវាត់របស់K-Cement ដែលមានន័យថាអត់មានអ្នកណាចង់ចាញ់ ។ ការប្រកួតសន្សំពិន្ទុកន្លងមក អ្នកទាំងពីរមាន៤ពិន្ទុដូចគ្នាដោយសារតែមានលទ្ធផលឈ្នះ១ ចាញ់១ដូចគ្នា ។ ក្រុមអ្នកតាមដានការប្រកួត បានយល់ឃើញថា ការប្រកួតនៅរសៀលស្អែកមិនថា ពិសិដ្ឋ ឬស្រឿន នោះទេ ទោះអ្នកណាឈ្នះ ក៏ទេវនាខ្លួនមិនខុសគ្នា ។ ជាក់ស្ដែងបើគិតពីចំណុចល្អ គឺអ្នកទាំងពីរមានលក្ខណៈពិសេសដូចគ្នាទាំងផ្លែដៃ កែង និងជង្គង់ ។
ក្នុងការប្រកួតសន្សំពិន្ទុបញ្ចប់សម្រាប់ពូលB នោះដែរ កីឡាករ ឯម លីថូ មកពីក្លិបឫទ្ធិពោធិសែនជ័យ និងកីឡាករហេង វាសនា មកពីក្លិបព្រៃទទឹងខេត្តបាត់ដំបង មិនមានសម្ពាធនោះទេ ដោយសារតែហេង វាសនា ទោះចាញ់ ឬឈ្នះ ក៏បានឡើងដោយស្វ័យប្រវត្តិ ហើយត្រូវរង់ចាំតែដឹកដៃម្នាក់ក្នុងចំណោមសល់ ពិសិដ្ឋ និង សេង ស្រឿន យកទៅវគ្គខ្វែងពូលប៉ុណ្ណោះ។
តាមការប្រកាសឱ្យដឹង ទាំងកីឡាករធី តុងហ៊ី និងកីឡាករថៃ ប៊ុនហាន នៅសង្វៀនប៉ុស្តិ៍លេខ៥ ទាំងកីឡាករសល់ ពិសិដ្ឋ និងកីឡាករសេង ស្រឿន នៅសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍នៅថ្ងៃខានស្អែក ពិតជាគេចមិនផុតពីការប្រកួតដ៏ក្ដៅគគុក ។ ជាការព្យាករ អ្នកទាំង២ ពិតជាបើកឆាកប្រយុទ្ធខ្លាំងក្លាដាក់គ្នាដើម្បីអបអរថ្ងៃភ្ជុំបិណ្ឌមិនខាន មុននឹងម្នាក់ៗរកឃើញចាញ់ឈ្នះ ដើម្បីឡើងទៅស្រុកជួបជុំគ្រួសារក្នុងថ្ងៃភ្ជុំធំនោះ ៕


ចែករំលែកព័តមាននេះ