ខេត្តបន្ទាយមានជ័យ ៖ ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជំបិណ្ឌ នៅថ្ងៃទី៨ តុលា ២០១៥ នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រដល់លំនៅឋានចំនួន១៧គ្រួសារ ក្នុងក្រុងសិរីសោភ័ណ ។
លោក លី សារី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ និងការណែនាំពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរដល់ការរស់នៅ និងទុក្ខលំបាករបស់ពលរដ្ឋក្រីក្រទូទាំងប្រទេសនោះ អាជ្ញាធរខេត្តបាននាំយកអំណោយទៅចែកជូនជនចាស់ជរាទីទ័លក្រគ្មានទីពឹង និងគ្រួសារក្រីក្រ ទោះបីជាអំណោយទាំងនេះតិចតួចក៏ពិតមែន ប៉ុន្តែបានជួយសម្រាលទុក្ខលំបាកបានមួយគ្រាល សម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នេះ ។
អំណោយដែលយកមកចែកជូនពលរដ្ឋក្រីក្រទាំង១៧គ្រួសារនេះ ក្នុង១គ្រួសារៗ ទទួលបានអង្ករ៥០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ភួយ១ សារុង១ ទឹកបរិសុទ្ធ២យួរ និងប្រាក់មួយចំនួនផងដែរ ៕




ចែករំលែកព័តមាននេះ