ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី៧ តុលា បានសុំទោសចំពោះលោកស្រីប្រធានអង្គការគ្រូពេទ្យគ្មានព្រំដែន MSF បន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អាមេរិកលើមន្ទីរពេទ្យមួយរបស់អង្គការនេះនៅទីក្រុងគុនឌុស ប្រទេសអាហ្វហ្គានីស្ថានដែលបណ្តាលឱ្យមនុស្សស្លាប់២២នាក់ ។
លោក JOSH EARNEST អ្នកនាំពាក្យសេតវិមានប្រកាសថា នាព្រឹកថ្ងៃទី៧ តុលា នៅឯការិយាល័យពងក្រពើ លោកអូបាម៉ា បានទាក់ទងតាមទូរស័ព្ទជាមួយលោកស្រី JOANNE LIU ប្រធាន MSF ដើម្បីសុំទោស និងសម្តែងការចូលរួមមរណទុក្ខចំពោះបណ្តាក្រុមរបស់ MSF និងបណ្តាអ្នកជំងឺដែលស្លាប់ដោយសារការវាយប្រហារតាមអាកាសច្រឡំរបស់អាមេរិក ត្រូវចំមន្ទីរពេទ្យរបស់ MSF មួយនៅទីក្រុងគុនឌុស ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា ប្រធានាធិបតីអាេមរិក ដែលក៏ទាក់ទងតាមទូរស័ព្ទដែរជាមួយប្រធានាធិបតីអាហ្វហ្គានីស្ថាន លោកអាស្ត្រូហ្វ ហ្គានី នោះ បានសន្យាធ្វើការស៊ើបអង្កេតយ៉ាងពេញលេញ និងប្រកបដោយតម្លាភាពលើការវាយប្រហារនេះ ។
ពេលសួរលើការស៊ើបអង្កេតអន្តរជាតិមួយស្នើឡើងដោយ MSF លោក EARNEST លើកឡើងជាថ្មីថា ប្រធានាធិបតីអាេមរិកមានការជឿទុកចិត្តលើមន្ទីរប៉ង់តាហ្គោន ក្នុងការស៊ើបអង្កេតដោយតម្លាភាព និងច្បាស់លាស់មួយ ។ មានការស៊ើបដល់ទៅ៣ គឺមួយរបស់អាមេរិក មួយទៀតរបស់អាហ្វហ្គានីស្ថាន និងទី៣ របស់អូតង់ បានបើកធ្វើរួចហើយលើរឿងនេះ ។
ទោះបីយ៉ាងណា MSF ដែលចាត់ទុកការវាយប្រហារនេះជាឧក្រិដ្ឋកម្មសង្គ្រាមមួយ កាលពីថ្ងៃទី៧ តុលា ពុំមានការជឿទុកចិត្តលើការស៊ើបអង្កេតយោធាផ្ទៃក្នុងឡើយ ។ លោកស្រីប្រធាន MSF ទាមទារឱ្យគណៈកម្មការមនុស្សធម៌អន្តរជាតិមួយស៊ើបអង្កេតរឿងនេះ ។ លោកស្រី LIU ដែលទទួលការគាំទ្រពីគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះអះអាងថា នេះពុំមែនត្រឹមជាការវាយប្រហារប្រឆាំងមន្ទីរពេទ្យយើងប៉ុណ្ណោះទេ តែក៏ជាការវាយប្រហារប្រឆាំងបណ្តាអនុសញ្ញាក្រុងហ្សឺណែវផងដែរ ។ យើងនឹងមិនអាចអត់ឱនឱ្យនោះទេ ៕
ចែករំលែកព័តមាននេះ