«ថាហ្គេស អាន់ស៊ីហ្គ័រ» ដែលជាទីភ្នាក់ងារព័ត៌មានរបស់ស្វ៊ីសផ្សាយថា គណៈកម្មការផ្នែកវិន័យរបស់សហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) អាចបញ្ជាឱ្យផ្អាកការងារលោកសេប ប៊្លេតធ័រ ប្រធាន FIFA និងលោកមីកាអែល ប្លាទីនី ប្រធានសហព័ន្ធបាល់ទាត់អឺរ៉ុប (UEFA) រយៈពេល៩០ថ្ងៃពីបទជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ។
លោកប្លេ៊តធ័រ មានលេចឮរឿងអាស្រូវរាប់ភ្លេចទាក់ទិននឹងអំពើទុច្ចរិត ហើយកាលពីថ្ងៃទី២៥ កញ្ញា កន្លងមក អយ្យការស្វ៊ីសបានសើុបអង្កេតប្រធានFIFAរូបនេះ ក្រោយពីជាប់សង្ស័យបង្កបទឧក្រិដ្ឋ និងកិបកេងប្រាក់ ។ ផ្នែកមួយនៅក្នុងបទចោទប្រកាន់ដែលលោកប៊្លេតធ័រ ត្រូវក្រុមអយ្យការចេញបញ្ជាឱ្យសើុបអង្កេត គឺរឿងដែលលោកបានចំណាយប្រាក់ចំនួន២លានហ្វ្រង់ស្វ៊ីសដល់លោកបា្លទីនី នៅក្នុងឆ្នាំ២០១១ ដោយមិនបានបញ្ជាក់ថា ប្រាក់ខាងលើជាប្រាក់ចំណាយលើអ្វី ? ទោះបីជាលោកប្លាទីនី បានចេញមុខបញ្ជាក់ថា ប្រាក់នេះជាថ្លៃឈ្នួលដែលលោកបានបំពេញការងារឱ្យFIFA ក្នុងរវាងពីឆ្នាំ១៩៩៨-២០០២ ដោយកាលណោះ FIFA គ្មានប្រាក់ចំណាយឱ្យលោកទើបប្រគល់នៅក្នុងឆ្នាំ២០១១ ស្របពេលដែលស្ថានភាពហិរញ្ញវត្ថុក្នុងមជ្ឈដ្ឋានបាល់ទាត់ចាប់ផ្ដើមមានស្ថេរភាព ។
កាសែតរបស់ស្វ៊ីស បានបញ្ជាក់ថា ឱកាសដែលលោកប៊្លេតធ័រ និងលោកប្លាទីនីត្រូវផ្អាកការងារមានភាពប្រាកដប្រជាខ្ពស់ ព្រោះអាជ្ញាធររបស់ FIFA ចំនួន៧រូប ត្រូវបានចាប់ខ្លួនពីបទ ពុករលួយ កិបកេងប្រាក់ និងបង្កចលាចល កាលពីខែឧសភា កន្លងទៅ ដោយម្នាក់ៗអាចផ្អាកការងាររយៈពេល៩០ថ្ងៃយ៉ាងតិច ៕
ចែករំលែកព័តមាននេះ