ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភូមិចំនួន ៣ នៅសង្កាត់ប៉ោយប៉ែត ត្រូវបិទខ្ទប់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ ​ភូមិចំនួន៣ ក្នុងសង្កាត់ប៉ោយប៉ែត​ ត្រូវបិទខ្ទប់នៅវេលាយប់​រំលងអាធ្រាត្រ ឈានចូល​ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២១នេះ។ នេះបើយោងតាមឯកសារ ១ច្បាប់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងសារជាសំឡេងរបស់មន្ត្រីបំរើការងារ…

បន្ទាយមានជ័យ៖ ​ភូមិចំនួន៣ ក្នុងសង្កាត់ប៉ោយប៉ែត​ ត្រូវបិទខ្ទប់នៅវេលាយប់​រំលងអាធ្រាត្រ ឈានចូល​ថ្ងៃទី២៤ ខែមេសា ឆ្នាំ​២០២១នេះ។ នេះបើយោងតាមឯកសារ ១ច្បាប់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងសារជាសំឡេងរបស់មន្ត្រីបំរើការងារ នៅក្រុងប៉ោយប៉ែតម្នាក់ ដែលកោះសន្តិភាព ទើបទទួលបាន។

នៅចំណុចព្រំប្រទល់នៃភូមិសាមគ្គីមានជ័យ និងភូមិមិត្តភាព ក្នុងសង្កាត់ប៉ោយប៉ែត នាយប់ថ្ងៃទី២៣មេសានេះ គេឃើញមានដាក់ពង្រាយកងកម្លាំង តាមផ្លូវឆ្លងកាត់នានា ហើយប្រភពថា ការដាក់ពង្រាយកងកម្លាំងនេះ គឺដើម្បីបិទខ្ទប់ភូមិមួយចំនួន មិនឲ្យធ្វើចរាចរណ៍​ ព្រោះដើម្បីទប់ស្កាត់​ការរីករាលដាលជំងឺ​កូវីដ១៩ ឆ្លងចូល​សហគមន៍បន្ថែមទៀត ក្រោយរកឃើញបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ វិជ្ជមានកូវីដ។

ប្រភពព័ត៌មានបន្ថែមថា នៅថ្ងៃទី២៣មេសានេះ រកឃើញបន្ថែម ២នាក់ផ្សេងទៀត ខណៈសំណាកវិភាគមនុស្សជាច្រើននាក់ បានបញ្ជូនទៅភ្នំពេញរួចហើយ។

សមត្ថកិច្ច ដែលប្រចាំការតាមផ្លូវចេញចូលក្នុង​ភូមិសាមគ្គីមានជ័យ សុំមិនបញ្ចេញឈ្មោះ និយាយថា អ្នកធ្វើដំណើរ​ចូលតំបន់ត្រូវបិទខ្ទប់ នឹងមិនអាចចេញវិញបានទេ បើដល់ម៉ោង១២កណ្តាលអាធ្រាត្រ ដែលត្រូវបិទខ្ទប់ លើកលែងតែមន្ត្រី និងសមត្ថកិច្ចជំនាញ។

យ៉ាងណាក៏ដោយយោងតាម​ខ្សែអាត់សំឡេង១ឃ្លីប សង្ស័យជាមន្ត្រីបំរើការងារ នៅក្រុងប៉ោយប៉ែត ដែលបានបែកធ្លាយ លើកឡើងថា “រដ្ឋបាលសង្កាត់ប៉ោយប៉ែត ដោយមានបទបញ្ជាពីគណៈបញ្ជាការកងឯកភាពខេត្ត និងគណៈបញ្ជាការ​កងឯកភាពក្រុងប៉ោយប៉ែត អាជ្ញាធរសង្កាត់ និងភូមិ សម្រេចចិត្ត បិទខ្ទប់ភូមិចំនួន៣ រួមមាន៖ ភូមិក្បាលស្ពាន១ ភូមិក្បាលស្ពាន​២ និងភូមិសាមគ្គីមានជ័យ មិនឲ្យមានការធ្វើចរាចរណ៍​ចេញចូល និងសូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ សុវត្ថិភាពទប់​ស្កាត់មេរោគកូវីដ១៩ ដើម្បីរក្សាអាយុជីវិតគ្រប់គ្នាៗ”​។

គួរបញ្ជាក់ថា បន្ទាប់ពីមានករណីភ្ញាក់ផ្អើល រកឃើញវិជ្ជមានកូវីដលើបុរសជនជាតិឥណ្ឌូនេស៊ីនិងអ្នកសង្ស័យជាច្រើន នៅរសៀល និងយប់ថ្ងៃទី​២៣មេសានេះ ពលរដ្ឋនៅក្រុងប៉ោយប៉ែត ហាក់សម្រុកនាំគ្នា ទៅទិញទំនិញតាមហាង និងផ្សារ។ ទំនិញនៅកន្លែងខ្លះ ក៏ត្រូវគេដំឡើងថ្លៃទៀត​ផង។

ក្នុងលិខិត ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្រេច បិទខ្ទប់​ការធ្វើដំណើរ​ចេញ-ចូល ជាបណ្តោះអាសន្ន លើទីតាំង​មួយចំនួន ក្នុងភូមិសាស្ត្រ​ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩​។

ការបិទខ្ចប់ការធ្វើដំណើរចេញចូល​ជាបណ្តោះអាសន្ន​លើទីតាំង​មួយចំនួន​ក្នុងភូមិសាស្ត្រ​សង្កាត់ប៉ោយប៉ែត មានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោងសូន្យ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១​។

តាមលិខិតដដែល ទីតាំងដែល​ត្រូវ​បិទខ្ទប់ រួមមាន៖ ១-ប៉ែកខាងជើងផ្លូវជាតិ​លេខ៥ ចាប់ពីផ្លូវផ្សារអគ្គៈ ប៉ែកខាងលិច រហូតដល់អូរព្រំដែនកម្ពុជា-ថៃ ២-ប៉ែកខាងលិច​ផ្លូវផ្សារ​ប៉ោយប៉ែតថ្មី ( ផ្សារអគ្គៈ ) រហូតដល់​ព្រំប្រទល់​រវាងភូមិ​សាមគ្គីមានជ័យ និងភូមិព្រៃព្រិច សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ និង៣-ចាប់ពីព្រំប្រទល់ភូមិសាមគ្គីមានជ័យ និងភូមិ​ព្រៃព្រិចសង្កាត់​ប៉ោយប៉ែត រហូតដល់ព្រំដែនកម្ពុជា-ថៃ​៕ ដោយ៖ មុត សារុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ