ខេត្តបាត់ដំបង ៖ មន្ត្រីរដ្ឋបាលព្រៃឈើរស្រុកសំឡូតបានបញ្ជូនជនសង្ស័យម្នាក់ដែលជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរសាច់សត្វព្រៃទៅកាន់តុលាការហើយ នេះបើយោងតាមការផ្ដល់ដំណឹងពីមន្ត្រីព្រៃឈើស្រុកសំឡូត នៅព្រឹកថ្ងៃទី០៨ តុលា ២០១៥នេះ។
មន្ត្រីរដ្ឋបាលព្រៃឈើស្រុកសំឡូតបានឲ្យដឹងថា បុរសឈ្មោះដិន ណាង អាយុ៣៩ឆ្នាំ រស់នៅក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ត្រូវកម្លាំងរដ្ធបាលព្រៃឈើ និងកម្លាំងកងរាជអាវុធហត្ថស្រុកសំឡូតឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី០៧ តុលា គ្រាដែលជននេះបានតាំងលក់សាច់សត្វព្រៃជាច្រើនប្រភេទនៅខាងមុខផ្ទះដោយខុសច្បាប់។
មន្ត្រីព្រៃឈើបានបញ្ជាក់ថា ជនសង្ស័យរូបនេះជាឈ្មួញកណ្ដាលក្នុងការជូញដូរសាច់សត្វព្រៃគ្រប់ប្រភេទនៅក្នុងស្រុកសំឡូត ហើយយកមកដាក់តាំងលក់ដោយចំហមិនខ្វល់អំពីច្បាប់ទម្លាប់ឡើយ។
ឈ្មួញសត្វព្រៃឈ្មោះដិន ណាង បាននិយាយនៅពេលត្រូវសមត្ថកិច្ចសួរនាំថា ខ្លួនបានទិញសាច់សត្វព្រៃទាំងនេះបន្តពីអ្នកប្រមាញ់ តែជននេះមិនបានបង្ហាញអំពីអត្តសញ្ញាណនៃអ្នកប្រមាញ់នោះទេ ដោយប្រាប់ថា មិនស្គាល់ប្រភពច្បាស់លាស់។
ជននេះបានបញ្ជាក់ដែរថា យូរៗម្ដងម៉ូយបានយកសាច់សត្វព្រៃមកលក់ឲ្យខ្លួន តែមិនដឹងថា ពួកគេប្រមាញ់សត្វព្រៃទាំងនោះបានពីខាងណាមកនោះទេ ហើយខ្លួនចេះតែទិញយកមកលក់បន្តទៅ៕
ព័ត៌មានលម្អិតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព



ចែករំលែកព័តមាននេះ