ខេត្តត្បូងឃ្មុំ ៖ ក្រោមកិច្ចសហការរវាងកម្លាំងនគរបាលស្រុកក្រូចឆ្មារជាមួយនឹងនគរបាលស្រុកឆ្លូងបានចុះឆែកឆេរតូបលក់ទូរស័ព្ទមួយកន្លែង នៅភូមិព្រែកតាហុប ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះកាលពីវេលាម៉ោង២ និង១៥នាទីរសៀល ថ្ងៃទី៧ តុលា ២០១៥ រកឃើញថ្នាំញៀនចំនួន១៥កញ្ចប់តូច និងជញ្ជីងអេឡិចត្រូនិច១គ្រឿង ។
លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្តមានប្រសាសន៍ថា ដោយអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១៣ របស់លោកចៅក្រមស៊ើបសួរ ឈិត មិនា នៃសាលាដំបូងខេត្តត្បូងឃ្មុំសមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ ស្រ៊ាង បុត្រ ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកសំរោង ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ មានទីលំនៅបច្ចុប្បន្នភូមិស្វាយដំណាក់ ឃុំជីនិក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលមានមុខរបរលក់ទូរស័ព្ទដៃ ។
ជននេះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិទី៥ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ កាលពីថ្ងៃទី២៧ កញ្ញា ២០១៥ បទល្មើសដែលមានចែងនិងបញតិ្តឲ្យផ្តន្ទាទោសតាមមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកកាន់សាលាដំបូងខេត្តហើយ និងតាមស្រាវជ្រាវចាប់បក្សពួកមួយចំនួនទៀត ៕





ចែករំលែកព័តមាននេះ