ខេត្តត្បូងឃ្មុំ ៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងជាបន្តបន្ទាប់ ក្នុងនោះនៅស្រុកពញាក្រែក និងស្រុកអូររាំងឪ កាលពីថ្ងៃទី៦ តុលា និងថ្ងៃទី៧ តុលា ២០១៥ ដោយបានឆក់យកអាយុជីវិតម្នាក់ និងរងរបួសបាក់ជើងចេញឆ្អឹងម្នាក់ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
តាមមន្ត្រីនគរបាលចរាចរខេត្តត្បូងឃ្មុំឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល៧យប់ថ្ងៃទី៦ តុលា ស្ថិតនៅកំណាត់ផ្លូវជាតិលេខ៨ ត្រង់ចំណុចវាលខាងត្បូងភូមិតាអាំ ឃុំកក់ ស្រុកពញាក្រែក គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូម៉ាកស្គូពីជិះទៅបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខបាត់ដំបង 3A-0011 ដែលចតស្ងៀមពីខាងក្រោយពេញទំហឹង បណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូភ្លាមៗ ។ ជនរងគ្រោះឈ្មោះយ៉ាន វ៉ាត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ។
ចំណែកករណីទី២វិញ គឺកាលពីវេលាម៉ោង១រសៀលថ្ងៃទី៧ តុលា ២០១៥ លើផ្លូវក្រាលកៅស៊ូ គ្រោះថ្នាក់ចរាចរមួយទៀតកើតឡើងរវាងម៉ូតូវ៉េវ និងរថយន្តម៉ាកហ៊ីយ៉ានដាយដឹកស្រាបៀរ ពាក់ស្លាកលេខភ្នំពេញ3C-1465 ដែលបណ្តាលឱ្យបុរស ចំណាស់ជាអ្នកជិះម៉ូតូឈ្មោះហែម សែន ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិពោធិទង ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បានរងរបួសធ្ងន់បាក់ជើងម្ខាង ចំណែកប្រពន្ធជិះពីក្រោយរងរបួសស្រាល ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព


ចែករំលែកព័តមាននេះ