រាជធានីភ្នំពេញ ៖ បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានស្រង់សម្តីមន្រ្តីមួយចំនួននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឲ្យដឹងថា ភាពយឺតយ៉ាវនៃការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ដោយសារតែខាងអគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណក្រសួងមហាផ្ទៃផ្តល់មកខាងស្នងការយឺត ។
ការលើកឡើងរបស់មន្រ្តីនគរបាលមួយចំនួននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញខាងលើនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីប្រជាពលរដ្ឋសួរពីរឿងគាត់ធ្វើអត្តសញ្ញាណប័ណ្ណច្រើនខែមកហើយ តែអត់ទាន់បានទទួល ។
សេចក្តីរាយការណ៍បានបន្តថា មកដល់ពេលនេះមានប្រជាពលរដ្ឋជិត២សែននាក់មិនទាន់ទទួលបានអត្តសញ្ញាណប័ណ្ណ ខណៈពួកគាត់បានមកធ្វើអត្តសញ្ញាណប័ណ្ណអស់រយៈពេល៣-៤ខែមកហើយ ។
ទាក់ទងទៅនឹងការចោទប្រកាន់ខាងលើនេះ គេហទំព័រកោះសន្តិភាពមិនអាចរកការឆ្លើយតបបានភ្លាមៗនៅឡើយទេពីលោកនាយឧត្តមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណប័ណ្ណ នៅវេលាថ្ងៃត្រង់ថ្ងៃទី០៨តុលានេះ ។ ចំណែកអ្នកនំាពាក្យក្រសួងមហាផ្ទៃ លោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៍មិនអាចសុំការអត្ថាធិប្បាយបានដែរ ដោយទូរស័ព្ទរបស់លោកទទួលការហៅចូលជាច្រើនដង ប៉ុន្តែគ្មានអ្នកលើកទទួល ៕
ចែករំលែកព័តមាននេះ