ប្រទេសថៃ ៖ ការប្រកួតប្រជែងក្នុងចំណោមផ្សារលក់ទំនិញដែលមានហាងឬតូបលក់ជាជួរៗដែលគ្រប់គ្រងដោយម្ចាស់តែមួយកំពុងតែឡើងកម្តៅ ស្របពេលដែលក្រុមហ៊ុនLawson របស់ជប៉ុននិយាយថា ខ្លួននឹងបន្ថែមផ្សារលក់ជាង១០០ទៀតនៅឆ្នាំក្រោយនេះ ។
ក្រុមហ៊ុនកំពុងបង្កើនល្បឿននៅក្នុងការពង្រីកខ្លួន ស្របតាមប្រតិបត្តិការដ៏ខ្លាំងក្លា តាំងពីការចាប់ផ្តើមជាលើកដំបូងនៅប្រទេសថៃក្នុងឆ្នាំ២០១៣ តាមរយៈក្រុមហ៊ុន Saha Lawson Co ដែលប្រកបជំនួញរួមគ្នាជាមួយនឹងក្រុមហ៊ុនពហុផលិតផលប្រើប្រាស់ក្នុងស្រុក Saha Group ។
បច្ចុប្បន្ន សម្ព័ន្ធអាជីវកម្មនេះបើកប្រតិបត្តិការផ្សារLawson 108 ចំនួន៤១សាខាដែលបានពាំនាំមកនូវការផ្តល់ឲ្យតែមួយគត់នូវអាហារក្តៅៗរបស់ជប៉ុន ។
អគ្គនាយករងក្រុមហ៊ុន Saha Lawson Co លោក Kantapat Ithiravipongse បានថ្លែងថាផ្សារលក់ទំនិញ Lawson 108 គឺអាចរកប្រាក់ចំណេញបាននៅក្នុងរយៈពេល៣ទៅ៦ខែលឿនជាងការគ្រោងទុកកាលពីពេលមុនទៅទៀត ។
នេះមានន័យថា ក្រុមហ៊ុនអាចបន្ថែមផ្សារលក់កាន់តែច្រើន ខណៈដែលផ្សារនីមួយៗត្រូវការការវិនិយោគ៣ទៅ៥លានបាត ដូចនេះវាបាននាំមកនូវផ្សារលក់សរុប១៦០នៅឆ្នាំក្រោយ២០១៦ ។
ម្យ៉ាងទៀត ក្រុមហ៊ុនក៏រៀបចំទិសដៅកាន់តែគួរឲ្យទាក់ទាញថែមទៀតនៅក្នុងការពង្រីកសាខា១.០០០ទីតាំងក្នុងប្រទេសថៃនៅឆ្នាំ២០១៩ ។ផ្នែកមួយនៃគម្រោងនេះនឹងផ្ទេរឬផ្លាស់ប្តូរផ្សារ ១០៨ មួយចំនួនដែលគ្រប់គ្រងដោយក្រុមហ៊ុន Saha Group ទៅជាស្ថិតក្រោម Lawson 108 វិញ ។
លោក Kantapat បានថ្លែងថា ផ្សារលក់ទំនិញថ្មីៗនឹងត្រូវបានបើកឲ្យដំណើរការនៅតំបន់ជាយក្រុងបាងកក និងតាមបណ្តាខេត្តនានានៅភាគខាងជើងនិងភាគឦសានប្រទេសដើម្បីជាដើមទុននៅលើក្តីរំពឹងនៃការធ្វើឲ្យរីកលូតលាស់សេដ្ឋកិច្ចផ្អែកតាមគម្រោងផ្លូវរថភ្លើងល្បឿនលឿនក្នុងតំបន់ទាំងពីរនោះ ។
លោកបន្ថែមថា ក្រុមហ៊ុននឹងអនុវត្តនូវការពង្រីកខ្លួនលឿនតាមរយៈការទទួលបានសិទ្ធិលក់ផ្តាច់មុខ ។ វិនិយោគិនក្នុងរង្វង់១០០ក្រុមហ៊ុនទន្ទឹងរង់ចាំបញ្ជីឈ្មោះនៅក្នុងការដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណទទួលសិទ្ធិលក់ផ្តាច់មុខ ។
ពពួកផ្សារលក់ទំនិញរាយធំទូលាយគឺដើរតួនាទីសំខាន់និងចម្បងនៅក្នុងទីផ្សារលក់រាយដែលមានទំហំទឹកប្រាក់១,៥ទ្រីលានបាតនៅទូទាំងប្រទេសថៃ ។
នាពេលបច្ចុប្បន្ន មានផ្សារលក់ទំនិញរាយធំៗជាប្រភេទផ្សារគ្រប់គ្រងដោយម្ចាស់តែមួយប្រមាណជា១២.០០០កន្លែងដែលបានបើកប្រតិបត្តិការនៅទូទាំងប្រទេស ហើយ7-Eleven គឺជាផ្សារឈានមុខដែលមានហាងលក់ចំនួន៨.៦០០កន្លែង ។
ការប្រកួតប្រជែងក្នុងចំណោមផ្សារធំៗគឺមានសន្ទុះខ្លាំងក្លា ជាពិសេសនៅតំបន់ទីក្រុងដែលជាទីតាំងប្រមូលផ្តុំដោយក្រុមហ៊ុនជំនួញធំៗ និងជាគូប្រជែងរបស់ខ្លួនផងដែរ ។
ប្រភពពីឧស្សាហកម្មឲ្យដឹងថា ដំណើរនៃភាពរអាក់រអួលក្នុងផ្នែកសេដ្ឋកិច្ចបច្ចុប្បន្នទំនងជានឹងប៉ះពាល់តិចតួចនៅផ្នែកលក់រាយ។ ចំណែកពាណិជ្ជកម្មនៅតែបន្តកើនឡើងដដែលបើទុកជាវាស្ថិតក្នុងល្បឿនយឺតយ៉ាងណាក្នុងក្តី ។
ប្រភពបានបន្តទៀតថា «បណ្តាក្រុមហ៊ុនជាច្រើនកំពុងផ្តល់នូវយុទ្ធសាស្ត្រប្រកបអាជីវកម្មថ្មីដូចជា ក្រុមហ៊ុន 7-Eleven ជាដើមដែលបានដាក់ទិសដៅពង្រីកផ្សារលក់ទំនិញឲ្យកាន់តែធំជាងនេះ ហើយថែមទាំងផ្តល់នូវសេវាកម្មពេញលេញទៀតផង » ៕
ចែករំលែកព័តមាននេះ