ខេត្តព្រះសីហនុ ៖ ដើមឈើគ្រញូងរស់ទំហំពី១១ទៅ១៩សង្ទីម៉ែត្រ ចំនួនជាង៤០ដើមដឹកតាមរថយន្ត២គ្រឿងត្រូវបានសង្កាត់រដ្ឋបាលព្រៃឈើវាលរេញចាប់ឃាត់ដើម្បីសួរនាំ កាលពីព្រឹកថ្ងៃទី៧ តុលា ២០១៥ នៅតាមផ្លូវលំក្រាលក្រួសក្រហម(ផ្លូវព្រែកក្រាញ់) ស្ថិតក្នុងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ ។
លោកសំ សឿន នាយសង្កាត់រដ្ឋបាលព្រៃឈើវាលរេញបានឱ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនោះថា ដើមគ្រញូងរស់ទាំងនេះ តាមដែលលោកចុះធ្វើកំណត់ហេតុ គឺមិនមែនសម្រាប់ឈ្មួញនាំចេញទៅក្រៅប្រទេស ឬជាលក្ខណៈបំផ្លាញធំដុំនោះទេ គឺត្រូវបានទិញដឹកយកទៅកាន់តំបន់អភិវឌ្ឍភ្នំពេញដើម្បីដាំលំអតាមក្នុងបរិវេណអភិវឌ្ឍ ហើយដើមគ្រញូងនេះសរុបមានចំនួន៤២ដើម មានទំហំចាប់ពី១១ទៅ១៩សង្ទីម៉ែត្រ។
លោកនាយសង្កាត់បានបន្តទៀតថា ការឃាត់នេះគឺដើម្បីណែនាំឱ្យពួកគាត់យល់ពីច្បាប់ឱ្យមានការសុំច្បាប់ រាយការណ៍ជូនស្ថាប៏នពាក់ព័ន្ធដើម្បីងាយស្រួលស្ថាប័នពាក់ព័ន្ធ ជាបិសេសស្ថាប័នជំនាញមានវិធានការធ្វើទៅតាមគោលការណ៍ច្បាប់។
ទោះបីជាឈើទាំងនេះកើតឡើងពីប្រជាពលរដ្ឋនៅក្នុងតំបន់នេះកាប់គាស់លក់បន្តមកក៏ដោយ ជៀសវាងប៉ះពាល់ដល់តំបន់គំរបព្រៃឈើដែលគ្រប់គ្រងថែរក្សាដោយរដ្ឋបាលព្រៃឈើ។
សូមបញ្ជាក់ថា ដើមឈើគ្រញូងរស់ដែលត្រូវគេដឹកតាមរថយន្តដើម្បីចូលទៅក្រុងភ្នំពេញនេះ គឺចេញពីប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំកំចាយ ភ្នំបូគោ ក្នុងទឹកដីស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលមានតម្លៃក្នុងមួយដើមជាង១០ម៉ឺនរៀលតាមប្រភេទតូច ធំ ហើយការដើរគាស់ដើមគ្រញូងរស់លក់នេះក៏ទើបតែចាប់ផ្តើមដែរនៅក្នុងតំបន់ខាងលើនេះ តែទោះបីជាយ៉ាងណាស្ថាប័នជំនាញគួរតែមានវិធានការ ព្រោះជាដើមឈើកម្រ ទោះបីជាការទិញក្នុងលក្ខណៈណាក៏ដោយគួរតែមានច្បាប់ត្រឹមត្រូវ៕



ចែករំលែកព័តមាននេះ