រាជធានីភ្នំពេញ ៖ វិស័យឧស្សាហកម្មបានចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិកាន់តែខ្លាំងឡើងៗពីប្រមាណ១២,៦%នៅឆ្នាំ១៩៩៣ បានកើនឡើងដល់២៥,៧% នៅឆ្នាំ២០១៤ ។ បើគណនាជាមធ្យមប្រចាំឆ្នាំ កំណើនពិតប្រចាំឆ្នាំនៃវិស័យនេះសម្រេចបានអត្រា១២,៥%ដល់ឆ្នាំ២០១៤ ដែលជាកំណើនមួយខ្ពស់បំផុតក្នុងចំណោមវិស័យសំខាន់ៗដើម្បីរួមចំណែកដល់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព ។
ដោយឈរលើទស្សនៈវែងឆ្ងាយ ពិសេសដើម្បីពង្រឹងនូវឧត្តមភាព ការប្រកួតប្រជែង និងការលើកកម្ពស់គុណភាពផលិតផលតាមបទដ្ឋានស្ដង់ដា កាលពីថ្ងៃទី៦ ខែកញ្ញា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសម្រេចប្រគល់វិញ្ញាបនបត្រ ISO/IEC 17025 : 2015 ដល់ក្រុមហ៊ុន SGS គ្រប់គ្រងមន្ទីរពិសោធន៍មុខទំនិញ មុនធ្វើការនាំចេញដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ។
តំណាងក្រុមហ៊ុន SGS លោក Malcom Reild បានឲ្យដឹងថា ការទទួលស្គាល់ក្រុមហ៊ុន SGS ជាមន្ទីរពិសោធន៍ល្អនេះ នឹងធ្វើឲ្យអតិថិជន កាន់តែមានទំនុកចិត្តលើក្រុមហ៊ុន ដែលបញ្ជាក់ពីគុណភាព និងការផ្ដល់សេវាកម្មដ៏ត្រឹមត្រូវ ។
លោក Malcom Reild បានមានប្រសាសន៍យ៉ាងដូច្នេះថា « គោលបំណងរបស់ក្រុមហ៊ុន គឺការរក្សានូវស្តង់ដាខ្ពស់បំផុត ការផ្ដល់សេវាកម្មមន្ទីរពិសោធន៍ ដើម្បីបំពេញនូវតម្រូវការកើនឡើងនៃអតិថិជនក្នុង និងក្រៅប្រទេសលើផ្នែកឧស្សាហកម្មវាយនភ័ណ្ឌ សម្លៀកបំពាក់ ក្រណាត់ និងផលិតផលស្បែកជើង ជាដើម។ ទន្ទឹមនឹងនោះយោងទៅតាមការបន្តកើនឡើងនៅថ្ងៃអនាគត និងការវិនិយោគក្នុងវិស័យមន្ទីរពិសោធន៍ នឹងធ្វើឲ្យយើងអាចបំពេញតម្រូវការរបស់រោងចក្រឧស្សាហកម្មផ្សេងទៀតលើផ្នែកកសិកម្ម បរិស្ថាន និងឧស្សាហកម្មចំណីអាហារ »។
លោកបន្តថា ដោយការខិតខំប្រឹងប្រែង និងធនធាន ទើបអាចបង្កើតឡើងនូវមន្ទីរពិសោធន៍ដ៏ទំនើបនេះបាន ហើយការទទួលបានវិញ្ញាបនបត្រនេះ ជាជោគជ័យដ៏ធំមួយ ហើយក៏ជាជំហានឆ្ពោះទៅមុខក្នុងការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពរបស់ខ្លួន ដែលបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្ត ក្នុងការផ្ដល់សេវាកម្មដល់អតិថិជននូវសេវាដំណោះស្រាយដ៏មានប្រសិទ្ធភាព និងការទទួលស្គាល់លទ្ធផលពិសោធន៍ជាអន្តរជាតិ ។
លោកបញ្ជាក់ថា៖ « ការបង្កើតឲ្យមានសេវាកម្មមន្ទីរពិសោធន៍នេះ គឺមានសារសំខាន់ណាស់សម្រាប់អតិថិជនអន្តរជាតិ ដែលធ្វើវិនិយោគក្នុងប្រទេសកម្ពុជា ដោយពួកគេមានជម្រើសក្នុងការជ្រើសរើសសេវាកម្មមន្ទីរពិសោធន៍ណាមួយក៏បាន ។ សម្រាប់ចំណុចខ្លាំងរបស់មន្ទីរពិសោធន៍SGS គឺពឹងផ្អែកទៅលើសមត្ថភាពនៃការធ្វើពិសោធន៍ជាអាទិ៍ ពិសោធទៅលើសារធាតុគីមី និងវិភាគលើលក្ខណៈរូប។ មន្ទីរពិសោធន៍ SGS មានបរិក្ខារ និងឧបករណ៍ទំនើបៗ អ្នកជំនាញមានបទពិសោធន៍ ភាពប៉ិនប្រសប់ក្នុងការធ្វើទំនាក់ទំនងជាមួយអតិថិ ជន និងមានប្រពន្ធ័គ្រប់គ្រងព័ត៌មានក្នុងមន្ទីរពិសោធន៍ ដែលធ្វើឲ្យSGS អាចបម្រើសេវាកម្មវិភាគគ្រប់បែបយ៉ាង ក្នុងការផ្ដល់ដំណោះស្រាយ ដែលជាតម្រូវការចាំបាច់របស់អតិថិជន ។
លោក ឯក សុនចាន់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាមានកាតព្វកិច្ចដើម្បីធានាថា វិស័យសាធារណៈផ្តល់ក្របខ័ណ្ឌល្អមួយដល់ការផ្តល់សេវាកម្មដែលមានសុវត្ថិភាព។ ដោយមានហេតុផលមួយចំនួន បានជំរុញឲ្យក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានសម្រេចបង្កើតឲ្យមានការផ្ដល់វិញ្ញាបនបត្រនេះឡើង សម្រាប់លើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុន ដែលមានបម្រើសេវាកម្មប្រកបដោយគុណភាព ហើយយើងក៏មានកាតព្វកិច្ចដើម្បីធានាមិនឲ្យមានការក្លែងបន្លំផលិតផល មុនពេលនាំចេញផងដែរ ។
យោងតាមលទ្ធផលជំរឿនសហគ្រាសកាលពីឆ្នាំ២០១១ក្នុងចំណោមសហគ្រាស៥១០.០០០ គឺមានតែ៧០.០០០ឬស្មើនឹង១៤%តែប៉ុណ្ណោះ ដែលជាសហគ្រាសផ្នែកលក់កម្មន្តសាល ។ វិស័យនេះគ្របដណ្តប់ភាគច្រើនទៅលើផ្នែកចំណីអាហារ និងកាត់ដេរ ដែលគ្របដណ្តប់៤៥%និង៣០% ។ ក្នុងចំណោមសហគ្រាសខ្នាតធំប្រហែល៨០% ស្ថិតក្នុងវិស័យកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ៕
ចែករំលែកព័តមាននេះ