រាជធានីភ្នំពេញ ៖ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធអាករគ្រប់ប្រភេទបានចំនួនប្រមាណ៣៩៨.០៥៧,៥០លានរៀល (គិតជាដុល្លារមាន ប្រមាណ៩៩,៥១លានដុល្លារអាមេរិក) កើនឡើងប្រមាណ៦,៣៣%ធៀប នឹងខែសីហា ដែលប្រមូលពន្ធអាករបានចំនួន៩៣,៥៨លានដុល្លារអាមេរិក ។
ក្នុងរយៈពេល៩ខែដើមឆ្នាំ២០១៥នេះដែរ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធបានចំនួន ៣.៩៨៩.២៤៥,៩១លានរៀល(គិតជាដុល្លារស្មើនឹង៩៩៧,៣១លានដុល្លារអាមេរិក) ដែលសម្រេចបាន៨៥,៦២%នៃគោលដៅកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងក្នុងឆ្នាំ២០១៥ ដែលក្នុងនោះថវិកាថ្នាក់ជាតិបានចំនួន ៨៦,៨០% និងថវិកាថ្នាក់ក្រោមជាតិបានចំនួនស្មើនឹង៧៨,០៥% ។
តាមរបាយការណ៍ដែលលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹងថា ការប្រមូលពន្ធក្នុងរយៈពេល៩ខែ ឆ្នាំ២០១៥នេះ មានកំណើនប្រមាណ២៥,៥៣% ធៀបនឹងឆ្នាំ២០១៤ ។ ក្នុងរយៈពេល៩ខែនេះ ចំនួនពន្ធតាមប្រភេទពន្ធសំខាន់ៗមួយចំនួន មានការកើនឡើង ដោយពន្ធលើប្រាក់បៀវត្ស កើនឡើង២១,៣% ពន្ធលើប្រាក់ចំណេញ២៧,៦% អាករលើតម្លៃបន្ថែមមានការកើនឡើងប្រមាណ១៥,៩% និងអាករពិសេសកើនប្រមាណ២៧,១% ។ ដោយឡែកចំណូលពន្ធតាមសកម្មភាពអាជីវកម្ម ក៏មានការកើនឡើងស្ទើរតែទាំងអស់ដែរ ក្នុងនោះ ផ្នែកសេវាហិរញ្ញវត្ថុកើន៤០% ផ្នែកផលិតភេសជ្ជៈកើន ១៥,៥% ផ្នែកសណ្ឋាគារ និងផ្ទះសំណាក់ កើនប្រមាណ៣២,៣% ផ្នែកផលិតថ្នាំជក់កើន ១២៧,៩% ផ្នែកផលិតសម្លៀកបំពាក់កើន ១៧,៥% ផ្នែកដឹកជញ្ជូន និងទេសចរណ៍កើនឡើង ១១,៩% ផ្នែកកសិកម្មកើនប្រមាណ៦២,៩% ផ្នែកលក់ភេសជ្ជៈកើនប្រមាណ២៦,៥% ផ្នែកអាកាសយានដ្ឋាននិងកំពង់ផែកើន១០,៨% ផ្នែកលក់គ្រឿងឧបភោគបរិភោគកើនប្រមាណ៨៧,៦% ផ្នែកលក់សម្ភារការិយាល័យកើន៣៦,២% ផ្នែកផលិតម្ហូបអាហារកើនប្រមាណ១៥% ផ្នែកផលិតយានយន្តកើនប្រមាណ១៧២,៨%។ ចំណែកទូរគមនាគមន៍ កើន១៤,៣% ផ្នែកគ្រឿងប្រើប្រាស់កើន៤,៨% និងផ្នែកនីហរ័ណ អាហរ័ណ កើន១៦,១%។
លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានជំរុញឲ្យនាយកដ្ឋានសាខាខេត្ត ខណ្ឌ ខិតខំបន្តអនុវត្តការងារប្រកបដោយការទទួលខុសត្រូវ ក្នុងការបន្តពង្រឹងការប្រមូលពន្ធគ្រប់ប្រភេទ។ លោកថា ៖ « យើងនឹងពង្រឹងការបម្រូលពន្ធលើអចលនទ្រព្យ បន្តពង្រឹងប្រមូលពន្ធគ្រប់ប្រភេទ ជាពិសេសពន្ធលើប្រាក់ចំណេញ ការចុះបញ្ជីពន្ធដារតាមប្រព័ន្ធថ្មី ដោយបន្តពង្រឹងការធ្វើបច្ចុប្បន្នសហគ្រាស ព្រមទាំងលើកកម្ពស់និងបញ្ជ្រាបវប្បធម៌បង់ពន្ធតាមរយៈការធ្វើសិក្ខាសាលា ផ្សេងៗ និងបន្តជំរុញការប្រមូលពន្ធខាងវិស័យសំណង់ផងដែរ ៕
ចែករំលែកព័តមាននេះ