ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នៅ​តែ​ដើរតួ​សំខាន់​ក្នុង​វិស័យ​កសិកម្ម និង​អាជីវកម្ម​ខ្នាត​តូច

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មីក្រូហិរញ្ញវត្ថុ​កម្ពុជា តាំងពី​ដើម​រៀង​មក​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ប្រជា​កសិករ​ក្នុង​ការ​ផ្ដល់​កម្ចី​សម្រាប់​ប្រកប​របរ​កសិកម្ម ការ​ចិញ្ចឹមសត្វ និង​ការ​ដាំ​ដុះ​ដំណាំ​ផ្សេង​ៗ ហើយ​ក្រៅពី​នោះ មីក្រូហិរញ្ញវត្ថុ​ក៏​ផ្ដល់​កម្ចី​សម្រាប់​ម្ចាស់​អាជីវកម្ម​ខ្នាត​តូច​ៗ​មួយ​ចំនួន​ផង​ដែរ តែ​សម្រាប់​កម្ចី​ខ្នាត​ធំ មីក្រូហិរញ្ញវត្ថុ​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​នៅឡើយ​ទេ ដូច​ជា​កម្ចី​សម្រាប់​ទិញ​ផ្ទះ និង​អចលនទ្រព្យ​ផ្សេង​ៗ​ជាដើម​។ ជាមួយ​គ្នា​នេះ វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏​បាន​និង​កំពុង​មានការ​រីក​ចម្រើន​គួ​ឲ្យ​កត់សម្គាល់​ផង​ដែរ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​អាច​ឆ្លុះ​បញ្ចាំង​បាន​តាម​រយៈ​ការ​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​គ្របដណ្តប់​នៅ​ទូ​ទាំង​ប្រទេស ។

តាម​ប្រសាសន៍ លោក ប៊ុ​ន មុន្នី ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​ជានា​យក​ប្រតិបត្តិ​នៃ​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា​លីមីត​ធី​ត បាន​មាន​ប្រសាសន៍​ថា ៖ « មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ភាគច្រើន​ទាក់ទង​នឹង​វិស័យ​កសិកម្ម ដែល​អតិថិជន​របស់​យើង​ប្រមាណ​៥០​ទៅ​៦០​ភាគរយ​ជា​កសិករ ហើយ​ក្រៅពី​នោះ ទាក់ទង​នឹង​វិស័យ​ជំនួញ​ខ្នាត​តូច​និង​វិស័យ​សេវាកម្ម​ផ្សេង​ៗ​ទៀត » ។

នៅ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា នៅ​មិន​ទាន់​ឃើញ​មាន​មីក្រូហិរញ្ញវត្ថុ​ណាមួយ​មាន​គោលការណ៍​ផ្ដល់​កម្ចី​សម្រាប់​ទិញ​ផ្ទះ ឬ​អចលនទ្រព្យ​ផ្សេង​ៗ​នៅឡើយ​ទេ ស្រប​ពេល​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុង​ស្ទុះ​ងើបឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ លោក ប៊ុ​ន មុន្នី ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ « យើង​អត់​មាន​សម្រាប់​ជា​កម្ចី​ទិញ​ផ្ទះ ឬ អចលនទ្រព្យ​ផ្សេង​ៗ​ទេ ព្រោះ​មីក្រូហិរញ្ញវត្ថុ​យើង​ឲ្យ​តែ​សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ៗ​ទេ  ហើយ​យើង​ក៏​អត់​មាន​ផែនការ​សម្រាប់​ផ្ដល់​កម្ចី​ទិញ​ផ្ទះ ឬ​កម្ចី​សម្រាប់​វិស័យ​អចលន ទ្រព្យ​ដែរ »។

លោក​បញ្ជាក់​ថា​៖« តទៅ​មុខ​ទៀត មីក្រូហិរញ្ញវត្ថុ​នឹង​បង្កើត​ផលិតផល​ថ្មី​ៗ​ថែម​ទៀត ដើម្បី​បម្រើ​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ ដូច​ជា​យើង​នឹង​ខិតខំ​ឲ្យ​ចេញ​អេ​ធី​អឹ​ម​ខាត (ATM CARD) សម្រួល​ដល់​ការ​ប្រើប្រាស់ និង​ការ​ផ្ទេរ​ប្រាក់​រហ័ស​ជាដើម ជា​ពិសេស​នោះ មីក្រូហិរញ្ញវត្ថុ​បាន​ពង្រីក​សាខា​របស់​ខ្លួន​ពាសពេញ​ផ្ទៃ​ប្រទេស​បាន​ផង​ដែរ » ។
លោក តាន់ យូ​ហៃ ប្រធាន​នាយកដ្ឋាន​ផ្នែក​លក់​ឥណទាន​នៃ​មីក្រូហិរញ្ញវត្ថុ​អម្រឹត ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា អតិថិជន​ឥណទាន​របស់​អម្រឹត​ភាគច្រើន ជា​អ្នក​នៅ​តាម​ជនបទ និង​ប្រកប​របរ​កសិកម្ម ហើយ​បើ​នៅ​ទីក្រុង​វិញ អម្រឹត​បាន​ផ្ដល់​ឥណទាន​ដល់​អតិថិជន​ជំនួញ​មធ្យម ឬ​កណ្ដាល ដូច​ជា​អាជីវករ និង​សហគ្រាស​ខ្នាត​តូច ប៉ុណ្ណោះ ។
លោក​បញ្ជាក់​ថា សព្វ​ថ្ងៃនេះ អម្រឹត​នៅ​តែ​ដើរតួ​នាទី​សំខាន់​សម្រាប់​ប្រជាជន​នៅ​តាម​ជនបទ​ដដែល ហើយ​ជាក់ស្ដែង​ពេល​នេះ សាខា​របស់​មីក្រូហិរញ្ញវត្ថុ​នៅ​តាម​ជនបទ​ច្រើន​ជាង​នៅ​ទីប្រជុំជន ដូច​ជា​ទីរួមខេត្ត និង​ទីក្រុង​ជាដើម ។

លោក​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​បេសកកម្ម​របស់​អម្រឹត​ធ្វើ​យ៉ាងម៉េច ដើម្បី​បង្កើន​កម្រិតជីវភាព​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ​តាម​រយៈ​ការ​ផ្ដល់​កម្ចី ហើយ​កម្ចី​នោះ​អាច​ឲ្យ​គាត់​បើក​អាជីវកម្ម​ថ្មី ឬ​មួយ​ពង្រីក​អាជីវកម្ម​របស់​គាត់ ។ ដូច​យើង​ដឹង​ស្រាប់​ហើយ​ថា ប្រជាជន​ពិបាក​យក​លុយ​ពី​ធនាគារ ឬ​ពួក​គាត់​អត់​សូវ​មាន​ទម្លាប់​ចូល​ធនាគារ​ជាដើម ហើយ​ម្យ៉ាងទៀត ធនាគារ​មួយ​ចំនួន បើ​អតិថិជន​ខ្ចី​តូច​ៗ​ក៏​គេ​អត់​ឲ្យ​ដែរ ហើយ​ជា​ពិសេស​ធនាគារ គឺ​ទាមទារ​ឲ្យ​មានការ​ដាក់បញ្ចាំ​ប្លង់​រឹង ។ សម្រាប់​មីក្រូហិរញ្ញវត្ថុ​វិញ ដូច​ជា​អម្រឹត​ជាដើម មិន​តម្រូវការ​ឲ្យ​មាន​ប្លង់​រឹង​អី​ទេ គ្រាន់តែ​មាន​លិខិតបញ្ជាក់​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ហើយ ។ អ្វី​ដែល​សំខាន់​នោះ អតិថិជន​អាច​មក​ខ្ចី​ដល់​កន្លែង​ក៏​បាន ឬ​មន្ត្រី​ឥណទាន​ចុះ​ដល់​ផ្ទះ​ពួក​គាត់​ក៏​បាន » ។

លោក​បន្ថែម​ថា សព្វ​ថ្ងៃនេះ មាន​មីក្រូហិរញ្ញវត្ថុ​តូច​ៗ​ជា​ច្រើន​បើក​ដំណើរការ តែ​វា​មិនមែន​ជា​ការ​ប្រកួតប្រជែង​ជាមួយ​មីក្រូហិរញ្ញវត្ថុ​ធំ​ៗ​នោះ​ទេ ប៉ុន្តែ​មីក្រូហិរញ្ញវត្ថុ​តូច​ៗ​ទាំងនោះ​នឹង​រំខាន ឬ​ធ្វើ​ឲ្យ​ខូច​ទីផ្សារ​ជាដើម ព្រោះ​មីក្រូហិរញ្ញវត្ថុ​តូច​ៗ​មួយ​ចំនួន ធ្វើ​ហិរញ្ញវត្ថុ​ដោយ​មិន​មាន​វិជ្ជាជីវៈ តួយ៉ាង​ដូច​ជា​អតិថិជន​ដែល​ខ្ចីប្រាក់ មិន​មាន​គោលបំណង​ច្បាស់លាស់ ក៏​ពួក​គេ​ឲ្យ​ដែរ ។

បើ​តាម​ប្រសាសន៍​លោក​ជំទាវ អ៊ុ​ក ម៉ា​លី ទេសាភិបាល​រង​ធនាគារជាតិ​នៃ​កម្ពុជា បាន​ឲ្យ​ដឹង​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​និង​កំពុង​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​គ្របដណ្តប់​ទូ​ទាំង​ប្រទេស ដែល​ក្នុង​នោះ​ការិយាល័យ​ប្រតិបត្តិការ​ថ្នាក់​ស្រុក​មាន​ចំនួន​២.៧២០​ការិយាល័យ មាន​ប៉ុស្តិ៍​សេវា​នៅ​ថ្នាក់​ឃុំ​ចំនួន​១៨.០៨៦ និង​នៅ​ថ្នាក់​ភូមិ​មាន​ចំនួន​១០៩.៧០០​ប៉ុស្តិ៍​សេវា ។

គួរ​បញ្ជាក់​ថា គិត​ត្រឹម​ឆមាស​ទី​១ ឆ្នាំ​២០១៥ មីក្រូហិរញ្ញវត្ថុ​នៅ​ក្នុង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ឥណទាន​ដែល​បាន​ផ្ដល់​ជូន​អតិថិជន​មាន​ចំនួន​២.៤៣៦​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​នៅ​ដំណាច់ឆ្នាំ​២០១៤ មាន​ចំនួន ២.០២៨​លាន​ដុល្លារ​អា​មេ​រិ​ក ។ ដោយឡែក​ប្រាក់​បញ្ញើ​របស់​អតិថិជន​មាន​ចំនួន​១.១២៣​លាន​ដុល្លារ​អា​មេ​រិ​ក ខណៈ​នៅ​ដំណាច់ឆ្នាំ​២០១៤ មាន​ចំនួន​៨៩៧​លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​តាម​របាយការណ៍​របស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ៕