រាជធានីភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ភ្នាក់ងារកោះសន្តិភាពឱ្យដឹងថា ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយមន្ទីរទេសចរណ៍ខេត្តកណ្តាល តែងរៀបចំឱ្យមានព្រឹត្តិការណ៍ប្រកួតកីឡាប្រពៃណីនេះឡើងនៅចំថ្ងៃបុណ្យភ្ជុំធំតែម្តង គឺមានប្រណាំងជិះក្របី ប្រណាំងរទេះគោ ប្រណាំងសេះ និងកីឡាចំបាប់បុរាណជាដើម ។
ឆ្នាំនេះគណៈកម្មការរៀបចំការប្រកួតបានត្រៀមគោ៥០ក្បាល សេះ២៦ក្បាល និងក្របី៣០ក្បាលដាក់ឱ្យប្រកួត ដោយធ្វើយ៉ាងណាឱ្យល្អជាងបណ្តាឆ្នាំមុនៗ ពោលគឺឱ្យមានលក្ខណៈស្តង់ដារដើម្បីចងក្រងជាឯកសារឱ្យបានត្រឹមត្រូវ ព្រោះវាជាកីឡាវប្បធម៌ជាតិរបស់យើង ហើយអ្នកចូលរួមប្រកួតទាំងម្ចាស់គោ-ក្របី-សេះអាចមានរង្វាន់លើកទឹកចិត្តទៀតផង ។
លោក វ៉ាត់ ចំរើន មានប្រសាសន៍បន្តថា ជារៀងរាល់ឆ្នាំ ការប្រកួតនេះតែងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ក្នុងគោលបំណងចូលរួមថែរក្សាកេរដំណែលកីឡាប្រពៃណីជាតិយើងមួយនេះឱ្យបានគង់វង្សស្ថិតស្ថេរជាអមតៈ ។ ដោយឡែកចំពោះកីឡាចំបាប់ប្រពៃណីវិញនោះ ក៏មានលក្ខណៈទ្រង់ទ្រាយធំជាងមុនដែរ ដោយមានការបើកទូលាយចាប់ពីទម្ងន់៣០ ដល់៥០គីឡូក្រាម ហើយក្រៅពីកីឡាចំបាប់ គឺនៅមានកីឡាគុនដំបងផងដែរ ។
សូមបញ្ជាក់ថា វត្តវិហារសួគ៌ស្ថិតក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល គឺជាតំបន់ទេសចរណ៍មួយដែលមានការទាក់ទាញបំផុតក្នុងចំណោមតំបន់ទេសចរណ៍ដទៃៗទៀតជាច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ វត្តវិហារសួគ៌ត្រូវបានប្រជាពលរដ្ឋនៅគ្រប់ទិសទីតែងចាត់ទុកថា ជាកន្លែងមួយដែលបារមីវត្ថុស័ក្តិសិទិ្ធសណ្ឋិតនៅ ធ្វើឱ្យមានការគោរពកោតក្រែងគ្រប់គ្នា។ មិនតែបុ៉ណ្ណោះ ក៏ជាកន្លែងដែលមានការលេងកីឡាចំបាប់ច្រើនជាងគេផងដែរ ។
តាំងពីដើមរៀងមក អ្នកស្រុកវិហារសួគ៌តែងនាំគ្នារៀបចំឱ្យមានការប្រកួតកីឡាប្រណាំងសេះ ប្រណាំងគោ ក្របីនេះឡើងដើម្បីថ្វាយដល់អ្នកតាម្ចាស់ទឹក ម្ចាស់ដី សុំកុំឱ្យគោក្របីរបស់ពួកគាត់ឈឺ ។ រហូតមកទល់នឹងពេលនេះថ្វីដ្បិតតែប្រពៃណីមួយនេះត្រូវបានថែរក្សាយ៉ាងខ្ជាប់ខ្ជួន បុ៉ន្តែត្រូវបានគេកែច្នៃឱ្យមានលក្ខណៈស្តង់ដារត្រឹមត្រូវដើម្បីអូសទាញភ្ញៀវទេសចរឱ្យមកលេងកាន់តែច្រើនថែមទៀត ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ ការរៀបចំព្រឹត្តិការណ៍នេះឡើងគឺជួយធ្វើឱ្យជីវភាពប្រជាពលរដ្ឋនៅទីនោះកាន់តែមានភាពល្អប្រសើរជាងមុន ៕
ចែករំលែកព័តមាននេះ