ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណត់ហេតុ​របស់​ជីវ តា​ក្វា​ន់ អំពី​ប្រពៃណី​នៃ​អ្នកស្រុក​ចេ​ន​ឡា

8 ឆ្នាំ មុន

ប្រភព​ប្រវត្តិសាស្ត្រ​ខ្មែរ ប្រភព​មួយ​ពី​ប្រទេស​ចិន​ដ៏​សំខាន​ដែរ គឺ​កំណត់ហេតុ​របស់​លោក​ជីវ តា​ក្វា​ន់ ស្តី​ពី «​ទំនៀមទម្លាប់​នៃ​ប្រទេស​ចេ​ន​ឡា​» ។ កំណត់​ហេតុនេះ​រៀបរាប់​ពី​ប្រទេស​ខ្មែរ​នៅ​ចុង​សម័យ​អង្គរ អំពី​រាជធានី ពី​ជីវភាព

ប្រភព​ប្រវត្តិសាស្ត្រ​ខ្មែរ ប្រភព​មួយ​ពី​ប្រទេស​ចិន​ដ៏​សំខាន​ដែរ គឺ​កំណត់ហេតុ​របស់​លោក​ជីវ តា​ក្វា​ន់ ស្តី​ពី «​ទំនៀមទម្លាប់​នៃ​ប្រទេស​ចេ​ន​ឡា​» ។ កំណត់​ហេតុនេះ​រៀបរាប់​ពី​ប្រទេស​ខ្មែរ​នៅ​ចុង​សម័យ​អង្គរ អំពី​រាជធានី ពី​ជីវភាព ការ​រស់នៅ ទំនៀមទម្លាប់​របស់​អ្នកស្រុក និង​ពី​ស្ថាប័ន​នានា​នៅ​សម័យ​នោះ ។

សូម​បង្ហាញ​ជូន​កំណត់ហេតុ​របស់​លោក​ជីវ តា​ក្វា​ន់ តាម​រយៈ​អត្ថបទ​បកប្រែ​ផ្ទាល់​ពី​ភាសា​ចិន​ដោយ​លោក​លី ធា​ម​តេ​ង បោះពុម្ពផ្សាយ​នា​ឆ្នាំ​១៩៧១ ។

យោបល់​របស់​លោក​លី ធា​ម​តេ​ង
«​កំណត់ហេតុ​របស់​ជីវ តា​ក្វា​ន់ អំពី​ប្រពៃណី​នៃ​អ្នកស្រុក​ចេ​ន​ឡា​» ដែល​មិត្ត​អ្នក​អាន​កំពុង​កាន់​នៅ​ដៃ​នេះ ពិតជា​ឯកសារ​ពិសិដ្ឋ​មួយ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​យើង ។ សៀវភៅ​ប្រវត្តិវិទ្យា ឬ​អត្ថបទ​សិក្សា​ណាមួយ​ដែល​ស្តី​ពី​ស្រុក​ខ្មែរ មិន​ដែល​ចន្លោះ​ឈ្មោះ​ឯកសារ ជីវ តា​ក្វា​ន់​នេះ​ឡើយ ។ កូន​ខ្មែរ​គ្រប់​រូប​រៀន​ប្រវត្តិ​ប្រទេស​ខ្លួន មិន​ដែល​នរណា​មួយ​មិន​ស្គាល់ឈ្មោះ​ជីវ តា​ក្វា​ន់​ដែរ ប៉ុន្តែ​ការ​ដែល​យើង​ស្គាល់​នោះ សុទ្ធតែ​ឮ​ពាក្យ​ត​ៗ​គ្នា កត់​ចម្លង ត​ៗ​គ្នា​ពី​សៀវភៅ​មួយ​ទៅ​សៀវភៅ​មួយ តាម​រយៈ​សៀវភៅ​ដើម​ជា​ភាសា​បារាំង​ដែល​លោក ប៉ូ​ល​ប៉េ​ល្លី​យ៉ូ បាន​ប្រែ​សម្រួល​ចេញពី​អត្ថបទ​ចិន ហើយ​បោះពុម្ពផ្សាយ​ដំបូង​នៅ​ក្នុង​ព្រឹត្តិ​ប័ត្រ​នៃ​សាលា​បារាំង​នៅ​ចុង​បូព៌​៌ា​ពី​ឆ្នាំ​១៩០២ ហើយ​ក្រោយមក ពេល​ដែល​លោក ប៉េ​ល្លី​យ៉ូ ទទួលមរណភាព​ទៅ លោក​ហ្ស​ក សឺ​ដេ​ស ក៏​យក​ស្នាដៃ​នេះ​មាន​ទាំង​អត្ថាធិប្បាយ​បន្ថែម​ក្បោះក្បាយ​ផង ទៅ​បោះពុម្ព​រួបរួម​ជា​សៀវភៅ​មួយ​ឡើង​ពី​គ្រឹ​ស្ត​សករាជ​១៩៥១​។ លោក​ប៉េ​ល្លី​យ៉ូ បាន​បញ្ជាក់​ក្នុង​អារម្ភកថា​ថា លោក​បាន​ព្យាយាម​បកប្រែ​តាម​ការ​ស្រាវជ្រាវ​រក​ឯកសារ​របស់ ជីវ តា​ក្វា​ន់ ដែល​មាន​លោក​អា​ប់បែល រ៉េ​មុសា​ត៍ បាន​ប្រែ​ផ្សាយ​ម្តង​ហើយពី​ឆ្នាំ​១៨១៩ ប៉ុន្តែ​មិន​ទាន់​គ្រប់សព្វ ។ ខ្លួន​លោក​បាន​ទៅ​នៅ​ប្រទេស​ចិន​អស់​ច្រើន​ឆ្នាំ ទើប​ប្រែ​បានជា​ស្នាដៃ​នេះ ។

យើង​ជា​ខ្មែរ យើង​សូម​គោរព​អរគុណ​ពិសេស​ចំពោះ​លោក​អ្នក​ស្រាវជ្រាវ​ជំនាញ​ទាំងនេះ ទុកដូចជា​ជួយ​រើ​កកាយ​កំណប់​ដ៏​មាន​តម្លៃ​មួយ​ឱ្យ​យើង​ដែរ ។ ប៉ុន្តែ ដោយ​លោក​អ្នក​ប្រែ​នោះ​ឯង​មិនមែន​ជា​ខ្មែរ ម្ល៉ោះហើយ​យើង​ចេះ​តែ​មានចិត្ត​តូច​មួយ​មមៃ​នឹក​ជា​និច្ច​ថា ប្រសិនជា​ខ្មែរ​ណា​ប្រែ​ចេញពី​អត្ថបទ​ភាសា​ចិន​ផ្ទាល់​តែ​ម្តង យើង​ដូច​ជា​អស់ចិត្ត​ជាង ទោះបី​ការ​បកប្រែ​នោះ​មិន​ជ្រៅជ្រះ​ឆ្អិនឆ្អៅ​ណាស់ណា​ក៏​ដោយ ។

ខ្ញុំ​ធ្លាប់​បាន​រៀនអក្សរ​ចិន​អស់​បួន​ឆ្នាំ​កាល​នៅ​ពី​ក្មេង តែ​ភ្លេចភ្លាំង​ទៅ​វិញ​ស្ទើរ​គ្មាន​សល់ នៅ​ចាំ​បាន​តែ​តួអក្សរ​ណា​ធ្លាប់​ប្រើ​ញឹកញាប់ និង​នៅ​ចេះ​សរសេរ​ចម្លង​តាម​គេ​កើត ។ លុះដល់​ឃើញ​សេចក្តី​ប្រែ​របស់​លោក​ប៉េ​ល្លី​យ៉ូ មាន​ស្រង់​ទាំង​ពាក្យ ទាំង​អក្សរ​ចិន មក​បញ្ជាក់​ផង ដូច​ជា​ឈ្មោះ​ស្រុក ឈ្មោះ​របស់ ឈ្មោះ​ការ​ផ្សាយ​ជាដើម ខ្ញុំ​ក៏​ចេះ​តែ កក់​ទុក​ៗ​នូវ​អក្សរ​ចិន​ទាំងនោះ គ្រាន់​ជា​ឯកសារ ។

សំណាង​មាននៅ​ឆ្នាំ​១៩៦២ ខ្ញុំ​បាន​ទទួល​បេសកកម្ម​មួយ​ខាង​វប្បធម៌ ឱ្យ​ខ្ញុំ​ដឹកនាំ​គណៈប្រតិភូ​និពន្ធ​ខ្មែរ​ទៅ​កាន់​ប្រទេស​ចិន ។ ខ្ញុំ​នឹក​ជាប់​ក្នុង​ចិត្តជា​និច្ច​ថា ក្នុង​ដំណើរ​នេះ ខ្ញុំ​នឹង​សាកសួរ​គេ​រក​ឯកសារ​ស្នាដៃ ជីវ តា​ក្វា​ន់ ឱ្យ​បានឃើញ​ផ្ទាល់​ភ្នែក​តែ​ម្តង បំណាច់​បាន​មក​ជាន់​ដី​ស្រុក​កំណើត ជីវ តា​ក្វា​ន់ ហើយ ។ នៅ​ពេល​ដែល​ខ្ញុំ​ជួប​សន្ទនា​ជាមួយនឹង​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ចិន​ដែល​កាលនោះ​ជា​ប្រធាន​សមាគម​អ្នកនិពន្ធ​ចិន​ផង​នោះ ខ្ញុំ​បាន​ស្នើ​នឹង​គេ​អំពី​បំណង​ចង់​ឃើញ និង​ចង់​ចម្លង​ឯកសារ​ជីវ តា​ក្វា​ន់ នេះ ។ រដ្ឋមន្ត្រី​វប្បធម៌​នោះ​ឯង ទទួល​រា​៉​ប់រង​បំពេញ​បំណង​ខ្ញុំ ។ យប់​នោះ ខ្ញុំ​អរ​ក្រៃ​លែង អរ​បន់​ឱ្យ​តែ​ភ្លឺ​ឆាប់​នឹង​បាន​ទៅ​ទស្សនា​បណ្ណាល័យ​ជាតិ​របស់​គេ តែ​មិន​ទាន់​បាន​ទៅ​ភ្លាម​ទេ ព្រោះ​មានកម្ម​វិធី​ទៅ​ទស្សនា​ទី ឆ្ងាយ​ៗ​ពី​នេះ​សិន ។ ទាល់តែ​ប្រាំ​ថ្ងៃ​ក្រោយមក​ទើប​គេ​នាំ​ខ្ញុំ​ទៅ​កាន់​ទី​ទុក​ឯកសារ​នេះ ដែល​គេ​ហៅ​ថា «​ផ្នែក​ខាង​សៀវភៅ​កម្រ​» ស្ថិត​នៅ​ក្នុង​បណ្ណាល័យ​ជាតិ​ក្រុង​ប៉េ​កាំ​ង ។ នាយ​បណ្ណាល័យ​នាំ​សហការី​គេ​ពីរ​នាក់​ទៀត​នៅ​រង់ចាំ​ខ្ញុំ គឺ​នាយ​ផ្នែក​ខាង​សៀវភៅ​កម្រ និង​អ្នកឯកទេស​ខាង​ការ​ស្រាវជ្រាវ​ប្រវត្តិ​ចុង​បូព៌​៌ា​ប្រទេស ឈ្មោះ​ទា ស៊ីវ​ម៉េ​ង អាយុ​៦៩​ឆ្នាំ  ។ គឺ​លោក​ទា ស៊ីវ​ម៉េ​ង នេះ​ហើយ ដែល​បាន​រើ​សៀវភៅ ក្រាស់​ៗ​មួយ​គំនរ​មក​ចាំ​បង្ហាញ​ខ្ញុំ​ដែល​សុទ្ធ​សឹង​ជា​សៀវភៅ​ដែល​បោះពុម្ព​តាំងពី​សតវត្ស​ទី​១៤-១៥-១៦ និង​១៧​មក​ម្ល៉េះ ។

គេ​សន្ទនា​នឹង​ខ្ញុំ​យា​៉​ង​ច្រើន​ហាក់ដូចជា​ចង់​ល្បង​ថា តើ​ខ្ញុំ​ទទូច​រក​ឯកសារ​នេះ ជា​អ្នកចេះ​ដឹង​ខាង​ប្រវត្តិ​ស្រុក​ទេស​មែនទែន ឬ​ក៏​គ្រាន់តែ​រក​ៗ​ទៅ​ទេ ? ជា​ភ័ព្វ​ល្អ​ខ្ញុំ​ធ្លាប់​បាន​មើល​ឯកសារ​ច្រើន​ស្តី​ពី​ការ​ទាក់ទង​រវាង​ស្រុក​ទាំង​ពីរ​នេះ ហើយ​មុន​នឹង​ទៅ​ស្រុក​គេ ក៏​ខ្ញុំ​បាន​កត់ត្រា​ឯកសារ​នេះ ច្បាស់​ៗ​ទៀត ព្រោះ​បេសកកម្ម​ខ្ញុំ​ចំ​លើ​រឿង​វប្បធម៌​នេះឯង​ផង ម្ល៉ោះហើយ​ខ្ញុំ​ឆ្លើយ​ជាមួយ​គេ​រហ័សរហួន​ណាស់ រហូត​គូសន្ទនា​ទាំង​បី​នាក់​នោះ​នាំ​ខ្ញុំ​ទៅ​ជួបនឹង​បណ្ឌិតសភា​ខាង​ប្រវត្តិសាស្ត្រ​ទៀត ។

ក្នុង​បណ្តា​សៀវភៅ ក្រាស់​ៗ​ទាំងនោះ​មាន​ខ្លះ​និយាយ​ពី​ស្រុក​យើង​តែ​១ ឬ​២​ទំព័រ​ប៉ុណ្ណោះ​ទេ មាន​តែ​មួយ​ប៉ុណ្ណោះ​ដែល​មាន​សេចក្តី​វែង​ក្បោះក្បាយ គឺ​ប្រវត្តិ​ក្នុង​រាជ​សន្តតិវង្ស​ម៉ុង​ហ្គោ​ល ដែល​មាន​មួយ​ភាគ​ធំ​និយាយ​ពី​ការ​ចាត់​អ្នក​កត់ត្រា​មក​ស្រុក​ចេ​ន​ឡា គឺ​លោក ជីវ តា​ក្វា​ន់ នេះឯង ។ ខ្ញុំ​សុំ​ចម្លង​អត្ថបទ​នេះ​ទាំងស្រុង ដែល​មាន​ចំនួន​៦៣​ទំព័រ គេ​ក៏​ព្រម​ថតចម្លង​ឱ្យ​ខ្ញុំ បានជា​ហ្វ៊ីល​មួយ​ខ្សែ​វែង ។ លុះ​មក​ដល់​ស្រុក​វិញ ខ្ញុំ​ផ្តិត​ចេញ​ជា​សន្លឹក​អក្សរ​ហើយ តែ​អនិច្ចា​នៅ​តែ​អង្គុយ​មើល​ៗ វាយ​សេចក្តី​មិន​បែក​សោះ ។ ខ្ញុំ​បាន​យក​អក្សរ​ថត​ផ្តិត​នេះ​បិទ​ធ្វើ​ជា​សៀវភៅ​មួយ ហើយ​យក​ទៅ​តម្កល់​ទុក​នៅ​សមាគម​អ្នកនិពន្ធ​ខ្មែរ ព្រោះ​សង្ឃឹម​ក្រែង​ថ្ងៃក្រោយ​មាន​លោក​ណាមួយ​ក្នុង​បណ្តា​អ្នកនិពន្ធ អ្នក​ស្រាវជ្រាវ​អាច​បកប្រែ​អត្ថបទ​នេះ​បាន ។ ស្រាប់តែ​ពីរ​ឆ្នាំ​ក្រោយមក​បាត់​សៀវភៅ​នោះ​ជា​អសារ​បង់​ទៅ​សួរ​រក​ដើម​ចុង​មិនឃើញ ខ្ញុំ​ក៏​នឹក​ថា អ្នក​ដែល​ឆ្លៀត​បំបាត់​សៀវភៅ​នេះ ពិតជា​មាន​បំណង​យក​ទៅ​ធ្វើ​ឯកសារ​ផ្ទាល់ ឬ​មួយ​លាក់កំបាំង​កុំឱ្យ​យើង​បកប្រែ​បាន ។ តែ​ជា​សំណាងល្អ ខ្ញុំ​នៅ​សល់​ហ្វ៊ីល ក៏​ផ្តិត​បាន​មួយ​ច្បាប់​ទៀត ហើយ​ក៏​ចាត់ចែង​បកប្រែ​បោះពុម្ព​ឱ្យ​បាន ទោះ​មិន​ទាន់​ល្អ​ហ្មត់ចត់​ក៏​បានជា​ផ្លូវ​សម្រាប់​អ្នក​សិក្សា អ្នក​ស្រាវជ្រាវ​មួយ​ផ្នែក​ធំ​ដែរ ។ មួយទៀត សម្រាប់​អ្នក​សិក្សា​បានជា​ប្រភព​មួយទៀត ប្រៀបធៀប​នឹង​ប្រភព ដទៃ​ៗ​ផង ។ ការ​បកប្រែ​នេះ បាន​ធ្វើទុក្ខ​ខ្ញុំ​យា​៉​ង​ខ្លាំង ព្រោះ​ខ្ញុំ​ត្រូវការ​ពឹង​រក​អ្នកចេះ​អក្សរ​ចិន ហើយ​របៀប​ចិន​បុរាណ​ទៀត ឯ​អ្នកចេះ​ចិន​សម័យ​ថ្មី អាន​មិន​យល់​ច្បាស់ វាយ​សេចក្តី​ពុំ​បាន​ន័យ​ឡើយ ។ មិត្ត​ខ្ញុំ​ម្នាក់​ឈ្មោះ អឹ​ុ​ង ឡាយ ជា​អ្នកនិពន្ធ​ប្រលោមលោក​ច្រើន​រឿង​ដែល​តាំងពី​ឆ្នាំ​១៩៥៥-៥៦ ហើយ​តម​ក​គាត់​ជា​អ្នកឯកទេស​ប្រែ​រឿងភាពយន្ត​ចិន ទោះជា​រឿងបុរាណ ដែល​ប្រើ​ពាក្យ​ជំនាន់ ចាស់​ៗ ក៏​គាត់​ធ្លាប់​ជួប​ប្រទះ​គ្មាន​សល់ ។ មិត្ត អឹ​ុ​ង ឡាយ បាន​ធានា​ជួយ​ខ្ញុំ​ពេញកម្លាំង ។ លោក​ប្រែ​អត្ថបទ​នេះ​មួយ​ចប់​ឱ្យ​ខ្ញុំ ហើយ​ត្រង់​ពាក្យ​ណា​ពិបាក​ពេក​គាត់​ដេញ​សួរ​ទៅ​វចនានុក្រម​ចិន ហើយ​កត់​ទាំង​ពាក្យ​ពន្យល់​ទុក​ឱ្យ​ខ្ញុំ​ផង ។ មាន​មិត្ត​ខ្ញុំ​ម្នាក់​ទៀត​ឈ្មោះ មា​៉ អៀង ធ្លាប់​ធ្វើ​ជា​គ្រូបង្រៀន​អក្សរ​ខ្មែរ​នៅ​សាលា​ចិន ក៏​បាន​ជួយ​បកប្រែ​ខ្ញុំ​មួយ​ចំណែក​ផ្សេង​ទៀត​ដោយ​អន្លើ​ខ្លះ មិន​បាន​ចប់​ចុង​ចប់​ដើម​ទេ ។ ខ្ញុំ​យក​សំណៅ​បកប្រែ​ទាំង​ពីរ​នេះ​មក​មើល​សម្រួល​កែកុន​ផ្សំ​បញ្ចូល​គ្នា​ដោយ​ផ្ទៀង​ខ្លះ​ជាមួយ​អក្សរ​ចិន​ជា​អត្ថបទ​ដើម ដែល​ខ្ញុំ​អាច​មើល​បាន​ដោយ​អន្លើ​ៗ ផ្សែផ្សំ​ផង ហើយ​ខ្ញុំ​ផ្ទៀង​ជាមួយនឹង​ស្នាដៃ​ប្រែ​របស់​លោក ប៉េ​ល្លី​យ៉ូ ជា​ភាសា​បារាំង​ទៀត​។ ប៉ុន្តែ​នៅ​តែ​មិន​អស់ចិត្ត ។ លុះ​ថ្ងៃមួយ ខ្ញុំ​ជួប​គ្រូ​ចាស់​ខ្ញុំ ដែល​ឥឡូវ​អាយុ​៧១​ឆ្នាំ​ហើយ​ឈ្មោះ​លោក​តាំង ស៊ុ​យ​គង់​។ កាល​ខ្ញុំ​រៀនអក្សរ​ចិន (១៩៤០) លោក​ជា​សាស្ត្រាចារ្យ​ខាង​អក្សរសាស្ត្រ ធ្លាប់​ចេះ​ចាំ​រឿងព្រេង​សព្វគ្រប់ ជា​អ្នក​សិក្សា​ដោយ​ខ្លួនឯង តាម​របៀប​ចិន​បុរាណ​។ ឥឡូវ​លោក​រស់នៅ​ជាមួយ​កូនចៅ​ដែល​សុទ្ធ​សឹង​ជា​មន្ត្រី​រដ្ឋការ​យើង​ខ្លះ និង​ខ្លះ​ជា​អ្នកជំនួញ​។ ខ្ញុំ​ស្នើ​សុំ​ឱ្យ​គាត់​ផ្ទៀង​ជាមួយ​ខ្ញុំ​។ លោកតា​ទទួល​ដោយ​រីករាយ​ពេញចិត្ត​នឹង​កិច្ចការ​នេះ ដូច​មិត្ត​ខ្ញុំ​ទាំង​ពីរ​ខាងលើ​ដែរ ។ គាត់​ពន្យល់​ខ្ញុំ ម្តង​មួយ​វគ្គ​ៗ ខ្ញុំ​ផ្ទៀង​មើល តើ​ត្រូវ​ន័យ​សព្វគ្រប់​ដូច​សេចក្តី​ប្រែ​របស់ខ្ញុំ​ឬទេ បើ​ខ្វះ​ខ្លះ​ខ្ញុំ​ក៏​បន្ថែម បើ​មិន​ងាយ​យល់ ខ្ញុំ​ក៏​ធ្វើ​ន័យលក្ខណៈ​ពន្យល់​ខាងក្រោម​តាម​គាត់​ប្រាប់​។ អស់​រយៈ​បី​ខែ​ទៀត ទើបបាន​សម្រេច​យក​សេចក្តី​បាន​ប៉ុន​ដែល​ចាត់ការ​បោះពុម្ព​ពេល​នេះ​។

ម្យា​៉​ង​ទៀត​អំពី​សំនៀង​ភាសា​ចិន មាន​ច្រើន​យា​៉​ង​តាម​គ្រាមភាសា ដូច​ជា​ភាសា​ប៉េ​កាំ​ង សៀង​ហៃ កន្តាំង ទាជីវ ហុកគៀន ។​ល​។ ខ្ញុំ​សូម​បញ្ជាក់​ថា លោក​ជីវ តា​ក្វា​ន់ មានកំណើត​នៅ​វ៉េ​ង​តា ខែត្រជាក់​កាង​ក្នុង​ភូមិភាគ​ចិន​ខាងត្បូង ។ ដូច្នេះ​សម្តី​ភាសា​លោក​ក៏​ពិសេស​តាម​ស្រុក​នោះ​ដែរ ។ តែ​មក​ដល់​ប្រទេស​ចេ​ន​ឡា​គ្មាន​ចិន​ស្រុក​គាត់​មក​នៅទេ មាន​តែ​ចិន​ខែត្រ​គង់​ទុង ឬ​ក្វា​ង​តាំង ខ្មែរ​យើង​ធ្លាប់​ហៅ​ចិន​កន្តាំង ចិន​ទាជីវ នេះឯង មក​រស់នៅ ។ ម្ល៉ោះហើយ​សំឡេង​ពាក្យ​ដែល​គាត់​ប្រែ​ពី​ខ្មែរ​ទៅ​ពិបាក​ស្តាប់​ណាស់ ព្រោះ​តាម​សំនៀង​ពួក​កន្តាំង និង​ទាជីវ​ជា​អ្នក​ប្រែ​ឱ្យ​គាត់​ផង និង​តាម​សំនៀង​ភាសា​ផ្ទាល់​របស់​ស្រុក​កំណើត​គាត់​ផង ។ ក្នុង​ការ​បកប្រែ​នេះ យើងខ្ញុំ​សម្រេច​គ្នា​ថា យក​តាម​សំនៀង​ចិន​ទាជីវ​ជា​គោល ព្រោះ​មាន​តែ​ចិន​ទាជីវ​ទេ​ដែល​រស់នៅ​ភាគច្រើន​លើសលុប​គេ​ក្នុងស្រុក​ខ្មែរ  ហើយ​អ្នកចេះ​ភាសា​ចិន ឬ​ក៏​ពាក្យ​ខ្មែរ​ខ្លះ​ដែល​ក្លា​យមក​ពី​ចិន​ក៏​សុទ្ធតែ​អាន​តាម​សំនៀង​ចិន​ទាជីវ​ទាំងអស់ ។

ដូច្នេះ​ខ្ញុំ​សូម​អភ័យទោស​ជា​មុន​ពី​លោក​អ្នក​ដែល​ចេះ​ចិន​ជ្រៅជ្រះ ក្រែង​លោក​ខ្ញុំ​និង​គ្នីគ្នា​ខ្ញុំ​ផ្សំគ្នា​ប្រែ​នេះ​មិន​ទាន់​សព្វគ្រប់​ខ្វះចន្លោះ​ពាក្យពេចន៍ ។

ប្រពៃណី​អ្នកស្រុក​ចេ​ន​ឡា
សេចក្តី​ផ្តើម
រឿង​រ៉ាវ​ទាំងនេះ​លោក​ជីវ តាក់​គង់ (​នេះ​អាន​តាម​សំឡេង​ចិន​ទាជីវ បើ​អាន​តាម​សំឡេង​ប៉េ​កាំ​ង «​ចូ​វ​តា​ក្វា​ន់​» តែ​យើង​ធ្លាប់​ហៅ​មក​ថា «​ជីវ តា​ក្វា​ន់​») បាន​និពន្ធ​ឡើង​ក្នុង​សម័យ​រាជ​សន្តតិវង្ស​ង​ន់ (​សន្តតិវង្ស​ង​ន់ នេះ មាន​ស្តេច​ច្រើន​អង្គ តែ​នេះ​ក្នុង​គ្រឹ​ស្ត​សករាជ​១២៩៥ គឺ​ត្រូវ​លើ​ស្តេច​ឈ្មោះ​ង​ន់ សេង​ចុង នាម​សម្រាប់​រាជ្យ ង​ន់ ចេ​ង​) គឺ​នៅ​ស្រុក​វ៉េ​ង​តា (​ស្រុក​វ៉េ​ង​តា នៅ​ក្នុង​ខេត្ត​បាក់​កាង ចិន​ខាងត្បូង​) ហើយ​ក្រោយមក​លោក​ហ្កូ​វ គង់ បាន​កែសម្រួល​ក្នុង​អំឡុង​រាជ​សន្តតិវង្ស ម៉េ​ង (​សន្តតិវង្ស​ម៉េ​ង ចូល​មក​ក្នុង​សតវត្ស​ទី​១៣-១៤​នៃ​គ្រឹ​ស្ត​សករាជ​) ក្នុងស្រុក​សេង​អាន (​នៅ​ក្នុង​ខេត្ត​ហោ​ណាំ ឬ​(​ហូ​ណា​ន់​) ។

សេចក្តីអធិប្បាយ​ទាំងស្រុង​មាន​ដូច​តទៅ ៖
ចេ​ន​ឡា ឬ​ចាម​ឡា អ្នក​ប្រទេស​នេះ​ហៅ​ខ្លួនឯង​ថា «​កាន់​ផៃ​ចឺ​» តាម​កំណត់​ខ្លះ​របស់​ពួក​បស្ចិមប្រទេស​បាន​ហៅ​ថា​កាំ​ពូ​ចឺ ដែល​មាន​សំឡេង​ស្រ​ដៀង​នឹង «​កាំ​ពួ​ចេ​» ដែរ ។

ខ្ញុំ​ចាប់​ធ្វើ​ដំណើរ​ចេញពី​ស្រុក​អ៊ូ​ជីវ (​នៅ​ខេត្ត​ជាក់​កាង​ដែរ​) តាម​ផ្លូវទឹក តាម​ទន្លេ​ស្រុក​ម៉ាំ​ង​គូ​យ និង​គង់​តុង កាត់​សមុទ្រ «​ឈិ​ត​ជីវ​» ទៅ​ដល់​សមុទ្រ «​កាវ​ជីវ​» ក៏​បាន​ទៅ​ដល់ទី​ក្រុង «​ចាម្ប​» បន្តដំណើរ​បណ្តោយ​ខ្យល់​ចេញពី​ក្រុង «​ចាម្ប​» ទៅ​អស់​រយៈពេល​កន្លះ​ខែ​ទៀត ក៏​បាន​ទៅ​ដល់​ស្រុក​ចេ​ង​ផូ​វ (​ជម្ពូ ?​) ដែល​ជា​ព្រំដែន​នៃ​ប្រទេស​នេះ ។ លុះ​ចេញពី​ចេ​ង​ផូ​វ​ទៅ​ទៀត​ឆ្លង​ផុត​សមុទ្រ​ឃុន​លុន ក៏​ដល់​ទៅ​មាត់ពាម គឺ​បែក​ចេញពី​មាត់សមុទ្រ​ទៅ​ជា​ដៃទន្លេ​ច្រើន​ច្រក​ណាស់ ។ ក្នុង​បណ្តា​ច្រក​ទាំងនោះ មាន​តែ​ច្រក​ទី​៤​ទេ ទើប​អាច​ចូល​ទៅ​បាន ក្រៅពី​នេះ​គេ​ដឹង​ថា មានទឹក​រាក់​ណាស់ នាវា ធំ​ៗ​មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ។ ត្រង់​ពាម​ជា​មាត់ច្រក​នោះ ឃើញ​មានព្រៃ​ស៊ុបទ្រុប ហើយ​ក្រៅពី​នេះ​មាន​វាល​ខ្សាច់​ពណ៌​លឿង និង​មាន​ដើម​បបុស និង​អំពៅព្រៃ ដុះ​បែក​ផ្កាស​សំព្រុស ម្ល៉ោះហើយ​អ្នកដំណើរ​ពិបាក​ចំណាំ​ផ្លូវ​រក​ច្រកចូល​ទៅ​ណាស់ ។

ចូល​ផុត​ពី​មាត់ពាម ធ្វើ​ដំណើរ​តាម​ដង​ទន្លេ​ឆ្ពោះទៅ​ទិស​ខាងជើង​អស់​រយៈ​ដំណើរ​ប្រមាណ​កន្លះ​ខែ​ទៀត ទើបបាន​ទៅ​ដល់​ស្រុក​មួយ​ឈ្មោះ​ឆេ​ណាំ (​ឆ្នាំង?​) ដែល​ជា​ខេត្ត​មួយ​នៃ​ប្រទេស​នេះ ។ លុះ​ធ្វើ​ដំណើរ​ពី​ឆេ​ណាំ បណ្តោយ​តាម​ទឹក​ហូរ​ទៅ​ជើង​អស់​ពេល​១០​ថ្ងៃ​ទៀត កាត់​ភូមិ​ពូ​ឡូ​វ ឈឹង (​ប្រែ​ថា​ភូមិ​កណ្តាលផ្លូវ​) ហ៊ុត​ឈឹង (​ភូមិ​ព្រះពុទ្ធ​) (​លោក Pelliot សង្ស័យ​ថា ពោធិ៍សាត់ តែ​ពិត​គឺ​ភូមិ «​ត្រៃភព​» ព្រោះ​ជា​ពាក្យ​សម្គាល់​នាម​ព្រះពុទ្ធ​ដែរ​) ឆ្លងកាត់​សមុទ្រ​ទឹកសាប (​ពាក្យ​ទ​លេ បាលី​ប្រែ​ថា សមុទ្ទ សព្វថ្ងៃ​ក្លាយជា​ទន្លេសាប​វិញ​) ទៅ​ទៀត ទើប​ដល់ទី​ក្រុង​កាង​ពាង​ឈូ (​កំពែង​ជួរ ?​) ។

ក្រុង​នេះ​មាន​ទំហំ​៥០​លី (១​លី​ប្រវែង​១.៨០០​ហត្ថ​) បើ​តាម​សៀវភៅ​ពួក​បស្ចិមប្រទេស​សរសេរ​ថា ប្រទេស​នេះ​មាន​ទំហំ​ដី​៧.០០០​លី និង​មាន​ព្រំប្រទល់​ខាងជើង​ទល់​នឹង​ក្រុង​ចា​ម្ប៉ា គឺ​ត្រូវធ្វើ​ដំណើរ​អស់​ពេល​កន្លះ​ខែ ខាង​និរតី​នៅ​ឃ្លាត​ពី​ស្រុក​សៀម​ចម្ងាយ​ផ្លូវ​កន្លះ​ខែ​ដែរ នៅ​ខាងត្បូង​ឃ្លាត​ពី​ទីក្រុង «​ហួង​អ៊ូ​» ចម្ងាយ​ផ្លូវ​១០​ថ្ងៃ ឯខាង​កើត​ប្រទេស​នេះ​គឺ​មហាសមុទ្រ ហើយ​ដែល​ជា​ប្រទេស​មួយ​ធ្លាប់​ទាក់ទង​ខាង​សេដ្ឋកិច្ច​ជាមួយ​ស្រុក​យើង តាំងពី​ដើម​រៀង​មក​ផង ។

នៅ​គ្រា​ដែល​ប្រទេស​ចិន (​ក្នុង​រាជ្យ​សន្តតិវង្ស​ម៉ុង​ហ្គោ​ល​) បាន​ត្រួតត្រា​លើ​មហាសមុទ្រ​ក្នុង​ទ្វីបលោក​ហើយ លោក​ចម​ពល (​មេទ័ព​ធំ​) ឈ្មោះ​ជុន តូ​វ ដែល​នៅ​ឈរ​ប្រចាំការ​ត្រួតត្រា​ទីក្រុង​ចាម្ប បាន​ចាត់​មន្ត្រី​ពីរ​នាក់ គឺ​លោក​ហ៊ូ ប៉េ​ក​ហូ​វ អ្នកមាន​បា​៉​ន​មាស​១ និង​លោក​ឆាយ ហូ​វ ឱ្យទៅ​កាន់​ប្រទេស​ចេ​ន​ឡា តែ​ត្រូវ​ប្រទេស​នេះ​ចាប់​ឃុំ​ទុក​មិន​ឱ្យមក​វិញ ។ លុះ​មក​ដល់​រជ្ជកាល​ស្តេច​ង​ន់ ចេ​ង (​គ្រឹ​ស្ត​សករាជ​១២៩២) ខែ​ទី​៦ ព្រះរាជា​អង្គ​នេះ​ទ្រង់​ចាត់​បេសកកម្ម​ទូត​មួយ​មក​ប្រទេស​ចេ​ន​ឡា ហើយ​ពេល​នោះ​ខ្លួន​ខ្ញុំ​ក៏​ត្រូវ​ចាត់​មក​ជាមួយ​ដែរ​។ គឺ​នៅ​ក្នុង​ខែ​ទី​២ នៃ​ឆ្នាំ​បន្ទាប់​មក យើង​បាន​ចាក​ចេញពី​ស្រុក​ម៉េ​ង​ជីវ នោះ​មក​ទៀត ។ លុះ​ថ្ងៃ​១៥ ខែ​ទី​៣ ទើប​ដល់ទី​ក្រុង​ចាម្ប ។ នៅ​កណ្តាលផ្លូវ​ជួបនឹង​ខ្យល់​បក់​បញ្ច្រាស​ពីមុខ​មក​វិញ ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​រអាក់រអួល​ក្នុង​ដំណើរ ។ ដល់​មក​ខែ​៧ ដែល​ជា​សរទរដូវ​ទើបបាន​មក​ដល់​ប្រទេស​នេះ ព្រម​ចំណុះ​ចុះចូល​ទៅ ។

លុះដល់​មក​រជ្ជកាល​ស្តេច តា​យ តេ​ក (​គ្រឹ​ស្ត​សករាជ​១២៩៧) ខែ​ទី​៦​ខ្ញុំ​ជិះ​នាវា​ត្រឡប់​មក​វិញ ហើយ​ដល់​ថ្ងៃ​១២ ខែ​៨ ទើប​នាវា​ចូល​ចត​ដល់​កំពង់​ផែ​ស្រុក​ស៊ី​ម៉េ​ង ។

ចំពោះ​រឿង​ប្រពៃណី និង​កិច្ចការ​នៃ​ប្រទេស​ចេ​ន​ឡា​នេះ ខ្ញុំ​មិន​បានដឹង​ល្អិតល្អន់​អស់​សេចក្តី​សព្វគ្រប់​មែន តែ​ខ្ញុំ​បានដឹង​ដោយ ត្រួស​ៗ​អាច​នឹង​ជម្រាប​បាន​ដែរ ។

១-​បរិវេណ​នៃ​ទីក្រុង
បរិវេណ​នៃ​ទីក្រុង​នេះ មាន​ទំហំ​២០​លី មាន​ទ្វារ​៥ ។ ទ្វារ​ទាំងនោះ​សុទ្ធតែ​សាង​កម្រាស់​ជា​ពីរ​ជាន់​ក្នុង​ក្រៅ គឺ​នៅ​ទិស​ខាងកើត​មាន​ទ្វារ​ពីរ​។ ក្រៅពី​នេះ ក្នុង​មួយ​ទិស​មាន​ទ្វារ​តែ​មួយ​ទេ ។ នៅ​ក្រៅ​កំពែង​ក្រុង​សុទ្ធតែ​មាន​ប្រឡាយ​ទឹក ធំ​ៗ ពី​ក្រៅ​ប្រឡាយ​នោះ​មាន​ផ្លូវ​ដើរទៅ​កាន់​ស្ពាន ធំ​ៗ ហើយ​នៅ​សងខាង​ស្ពាន នីមួយ​ៗ មាន​ទេវរូប​ថ្ម​៥៤ ដូច​ជា​រូប​មេទ័ព​ថ្ម​ដ៏ ធំ​ៗ​ដូច្នេះ​ដែរ ។ រូប​ទាំងនោះ ដូច​ៗ​គ្នា​នៅ​តាម​ច្រក​ទាំង​ប្រាំ ។ បង្កាន់ដៃស្ពាន​ទាំងនេះ​គេ​ធ្វើ​អំពី​ថ្ម ហើយ​មាន​ឆ្លាក់​ជា​រូប​ពស់​ដ៏​ធំ (​ពស់​ធំ​នេះ បើ​ខ្មែរ​គឺជា​នាគ ។ ជីវ តា​ក្វា​ន់ ធ្លាប់​ស្គាល់​នាគ​ចិន មាន​រូប​ផ្សេង​ពី​ពស់ បានជា​ហៅ​នាគ​ខ្មែរ​ថា​ពស់​) ដែល​មាន​ក្បាល​៩ ឯ​រូប​ថ្ម​ទាំង​៥៤​នោះ សុទ្ធតែ​យកដៃ​ចាប់​ទាញ​ពស់​នេះឯង ហាក់ដូចជា​មិន​ចង់ឱ្យ​ស្ទុះ​ទៅ​រួច ។ នៅ​ខាងលើ​ខ្លោងទ្វារ មាន​ពុទ្ធរូប​ថ្ម​ប្រាំ​អង្គ បែរ​ភ័ក្ត្រ​ទៅ​ទិស​ខាងលិច ហើយ​មួយ​អង្គ​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​គេ មាន​ទឹបមាស​ល្អ​ស្រស់​ផង ។ នៅ​សងខាង​ទ្វារ​មាន​ឆ្លាក់​រូប​ដំរី​ថ្ម​ទៀត ។

កំពែង​ទីក្រុង គេ​ធ្វើ​ពី​ថ្ម​ទាំងអស់​មាន​កម្ពស់​២០​ហត្ថ តម្រៀប​ថ្ម​យា​៉​ង​ជិត ហើយ​មាំ​ណាស់​។ នៅ​ពីលើ​គ្មាន​ស្មៅ​ដុះ​ឡើយ តែ​នៅ​ចន្លោះ មួយ​ដុំ​ៗ មាន​ដាំ​ដើម​ជ្រៃ ។ ឯ​ផ្ទៃក្នុង​នៃ​កំពែង​ដែល​មាន​ចន្លោះ​ពី​គ្នា​ដល់​ទៅ​ជាង​១០០​ហត្ថ​នោះ ស្ថិត​នៅ​ជា​ដី​ជម្រាល​បីដូច​ជម្រាល​នៃ​ភ្នំ រលីង​ស្អាត​ណាស់ ។ លើ​កំពែង​ដែល​មាន​ផ្ទៃ​ជា​ដី​ជម្រាល​នោះ មាន​ទ្វារ ធំ​ៗ​ដែល​បិទ​ជិត​នៅ​ពេល​យប់ ហើយ​បើកចំហ​នៅ​ពេល​ថ្ងៃ​តាំងពី​ព្រលឹម និង​មាន​អ្នកយាម​ប្រចាំការ​ជា​និច្ច ។ សត្វ​ឆ្កែ​គេ​មិន​ឱ្យ​ចូល​ក្នុង​ទ្វារ​នេះ​ទេ ។

ជន​ណា​ដែល​ធ្លាប់​មានទោស​ត្រូវ​គេ​កាត់​ម្រាមជើង ក៏​មិន​ឱ្យ​ចូល​ដែរ ។ កំពែង​ព័ទ្ធ​ជុំវិញ​នោះ មាន​ជ្រុងជ្រោយ​ល្អ​ណាស់ ហើយ​នៅ​ត្រង់​ជ្រុង នីមួយ​ៗ​សឹង​មាន​ប្រាង្គ​ថ្ម​មួយ​ខ្ពស់​នៅ​ប្រចាំ​គ្រប់​ជ្រុង ។

នៅ​កណ្តាល​ទីក្រុង​នេះ មាន​ប្រាសាទ​មាស​មួយ (​លោក P.Pelliot ចុះ​សេចក្តី​យល់​ថា ប្រាសាទ​នេះ គឺជា​ប្រាសាទបាយ័ន​) និង​នៅ​ជិតខាង​នេះ​មាន​ប្រាង្គ​ប្រាសាទ​ជាង​២០​ទៀត ព្រមទាំង​មាន​បន្ទប់​ថ្ម​ចំនួន​ច្រើន​រយ​បន្ទប់​ផង ។ នៅ​ប៉ែក​ខាងកើត​មាន​ស្ពាន​មាស​មួយ មាន​រូប​តោ​មាស​២ ស្ថិត​នៅ​អម​ខាងឆ្វេង និង​ខាងស្តាំ​ស្ពាន​មាស ។ មាន​ព្រះ​ពុទ្ធរូប​មាស​៨​អង្គ តម្កល់​នៅ​តម្រៀប​គ្នា​ចំ​ពីក្រោម​ប្រាង្គ​សិលា ។ នៅ​ខាងជើង​ប្រាសាទ​មាស​ចម្ងាយ​ប្រមាណ​ជាង​មួយ​លី មាន​ប្រាសាទ​ស្ពាន់​មួយទៀត​ដែល​មាន​កម្ពស់​ខ្ពស់​ជាង​ប្រាសាទ​មាស គួរ​ឱ្យ​គេ​គយគន់​ណាស់​។ ចំ​ពីក្រោម​ប្រាសាទ​ស្ពាន់​នេះ ឃើញ​មាន​បន្ទប់​ថ្ម​ប្រហែលជា​ដប់​ដែរ ។ ចេញពី​នេះ​ទៅ​ខាងជើង​ថែម​មួយ​លី​ទៀត គឺជា​ព្រះរាជ​ដំណាក់​ដែល​ស្តេច​គង់នៅ ។ នៅ​ក្នុង​ល្វែង​ដែល​ជា​ព្រះ​ដំណាក់​នោះ មាន​ប្រាង្គ​មាស​មួយទៀត ។ ទំនងជា​ដោយហេតុ​នេះ​ហើយ ដែល​ពួក​ឈ្មួញ​បរទេស​តែង​ដំណាល​ថា ប្រទេស​ចេ​ន​ឡា ថ្កុំថ្កើង​រុងរឿង​ណាស់ ។

ចេញពី​កំពែង​តាម​ទ្វារ​ខាងត្បូង​ទៅ ចម្ងាយ​ប្រមាណ​ជា​ជាង​កន្លះ​លី តាម​ពាក្យ​ចចាមអារ៉ាម​គេ​និយាយ​ថា មាន​ចេតិយ​លូ​ប៊ូ​ន (​តាម​សេចក្តី​ប្រែ​របស់ P.Pelliot ថា Lou Pan ហើយ​លោក​ចុះ​សេចក្តី​យល់​ថា ជា​ប្រាសាទអង្គរវត្ត ។ តាម​ចិន លូ​ប៊ូ​ន ជា​ឈ្មោះ​មេជាង​រចនា​ក្នុង​រឿងព្រេង ដូច​ខ្មែរ​យើង​និយាយ​ពី​ពិស្ណុការ​អ្នក​សាង​ប្រាសាទ​ដែរ​) សង់​តែ​មួយ​យប់ ។ ផ្នូរ​សព ឬ​ចេតិយ លូ​ប៊ូន ស្ថិត​នៅ​ក្រៅ​កំពែង​ខាងត្បូង​ជាង​កន្លះ​លី ហើយ​មាន​បរិវេណ​ព័ទ្ធ​ជុំវិញ​ប្រមាណ​ជាង​ដប់​លី និង​មាន​បន្ទប់​ថ្ម​ជា​ច្រើន​រយ​ទៀត​ផង ។ នៅ​ស្រះ​ខាងកើត​កំពែង​នគរ​ប្រមាណ​ចម្ងាយ​ដប់​លី មាន​ប្រាសាទ​ថ្មី​មួយទៀត (​លោក P.Pelliot យល់​ថា ជា​ប្រាសាទមេបុណ្យខាងលិច​ដែល​គាត់​បន្ថែម​ថា ប្រហែលជា​គេ​ច្រឡំ ជា​ទិស​ខាងកើត​ទៅ​វិញ​) ដ៏​មាន​បរិវេណ​ព័ទ្ធ​ជុំវិញ​ប្រវែង​១០០​លី ។ នៅ​ក្នុង​ប្រាសាទ​នេះ​មាន​ព្រះ​ពុទ្ធរូប​មួយ​អង្គ​ទ្រង់​ផ្ទុំ​ពី​ស្ពាន់ ហើយ​មានទឹក​ចេញ​ជា​និច្ច​ពី​ត្រង់​ផ្ចិត ហូរ​ធ្លាក់​ទៅ​ក្នុង​ស្រះ​ធំ​មួយ​នៅ​ពី​ខាងជើង​ប្រាសាទ​នេះ ។ នៅ​ទិស​ខាងជើង​កំពែង​នគរ ចម្ងាយ​ប្រមាណ​៥​លី មាន​ប្រាសាទ​មាស​រាង​បួន​ជ្រុង (​ទំនងជា​ប្រាសាទនាគព័ន្ធ​) និង​មាន​បន្ទប់​ថ្ម​ជា​ច្រើន​រយ ហើយ​នៅ​ក្នុង​នោះ​គេ​ឃើញ​មាន​ព្រះ​ពុទ្ធរូប​មាស រូប​សិង្ហ​មាស រូប​ដំរី រូប​គោ រូប​សេះ និង​វត្ថុ​ដទៃ​ទៀត​ធ្វើ​ពី​ស្ពាន់ ច្រើន​ឥត​គណនា ។

២-​ដំណាក់​-​លំនៅ​ឋាន
ព្រះ​ដំណាក់ ផ្ទះ​នាម៉ឺន មន្ត្រី និង​ផ្ទះ​អ្នកមាន​ទាំងអស់​សុទ្ធតែ​បែរមុខ​ទៅ​កើត ។ ព្រះរាជ​ដំណាក់​ស្ថិត​នៅ​ខាងជើង​ប្រាសាទ​មាស និង​ស្ពាន​មាស ហើយ​នៅ​ជិត​មាត់ទ្វារ​ដ៏​មាន​បន្ទាយ​ព័ទ្ធ​ជុំវិញ​ប្រវែង​៥ ឬ​៦​លី ។ ក្បឿង​ប្រក់​តួ​ប្រាសាទ​កណ្តាល​ធ្វើ​ពី​សំណ ឯ​អគារ​ផ្សេង​ទៀត សឹង​ប្រក់​ក្បឿង​ធ្វើ​ពី​ដី​ដុត​ពណ៌​លឿង ។ សសរ​និង​ស៊ុមទ្វារ​សុទ្ធតែ​ឆ្លាក់ ឬ​គូរ​រចនា​រូប ផ្សេង​ៗ តែ​ភាគច្រើន​គឺ​រូប​ព្រះពុទ្ធ ។ ដំបូល​ទាំងនោះ​ល្អមើល​ណាស់ ។ របៀង​ប្រាសាទ និង​ថែវ​យ៉ាង​វែង​អាច​ដើរ​បានជា​ផ្លូវ​ខ្វាត់ខ្វែង ហើយ​ដំបូល​នោះ​ក៏ ខ្ពស់​ៗ​សម្បើម​ណាស់ ។ ទី​នេះ​ជា​កន្លែង​ព្រះរាជវាំង​ដែល​ស្តេច​ទ្រង់​ប្រកប​កិច្ចការ​ផែនដី មាន​បង្អួច​មាស​មួយ​នៅ​ខាងស្តាំ និង​ខាងឆ្វេង​នៃ​កន្លែង​ស្តេច​គង់​ប្រថាប់ មាន​សសរ​បួន​ជ្រុង​តម្កល់​កញ្ចក់​តម្រៀប​គ្នា​ប្រមាណ​ជា​សែសិប ឬ​ហាសិប​បន្ទះ ដាក់​ដង្ហែ​តាម​ជ្រុង​បង្អួច​នេះ កំណល់​ទ្រ​មាន​រូបរាង​ជា​ដំរី (​ត្រង់នេះ​គឺជា​បុស្បុក​មួយ ដែល​មាន​សសរ​បួន និង​ក្បាច់លំអ​ដោយ​កញ្ចក់ ជើងទ្រ​ធ្វើ​ជា​រូប​ដំរី តែ​លោក​ជីវ តា​ក្វា​ន់ សរសេរ​ថា ជា​ស៊ុម​មួយ ព្រោះ​ឃើញ​មាន​តែម​ក្រប​ជុំវិញ​) ។

ខ្ញុំ​ឮ​គេ​និយាយ​ថា ទី​ត្រង់នេះ​មាន​របស់ ប្លែក​ៗ​ច្រើន​ណាស់ ប៉ុន្តែ​បម្រាម​តឹងតែង​ពេក មិន​អាច​អនុញ្ញាត​ឱ្យ​ចូល​មើល​បាន ។ ក្នុង​បណ្តា​រឿង​ប្លែក​ទាំងនោះ​មាន​ការណ៍​មួយ​ថា នៅ​កណ្តាល​ប្រាសាទ​មាន​ប្រាង្គ​មាស​មួយ ហើយ​ថា​រាល់​យប់​ស្តេច​តែង​ឡើង​ទៅ​ផ្ទុំ​លើ​ប្រាង្គ​មាស​នោះ​។ អ្នកស្រុក​គេ​មាន​ជំនឿ ហើយ​នាំ​គ្នា​និយាយ​ថា នៅ​ក្នុង​ប្រាង្គ​មាស​នោះ​ឯង​មាន​បិសាច​មួយ មាន​រូប​ជា​ពស់​ក្បាល​ប្រាំបួន (​ពស់​ក្បាល​ប្រាំបួន​នេះ គឺជា​នាគ ព្រោះ​នាគ​ខ្មែរ​មានខ្លួន​ជា​ពស់​ឯ​នាគ​ចិន​មាន​ជើង ក្បាល​តូច ឥត​ពពារ​ទេ​) ។ បិសាច​នោះ​ជា​ព្រះ​ភូមិ​រក្សា​ព្រះ​នគរ ។ រាល់​យប់ បិសាច​តែង​តំណែង​ខ្លួន​ជា​មនុស្ស​ស្ត្រី ហើយ​ស្តេច​ត្រូវ​រួម​ផ្តេកផ្តិត​នឹង​នាង​នេះ សូ​ម្បី​តែ​មហេសី ឬ​ស្នំ​ស្និទ្ធ​ព្រះ​អង្គ​ក៏​មិន​ហ៊ាន​ចូល​ទៅ​ក្នុង​ទីនោះ​ដែរ ។ លុះដល់​មជ្ឈិមយាម ទើប​ស្តេច​ចេញ​មក​ពី​នាង​ពស់​នោះ មក​រួមរ័ក​នឹង​មហេសី ឬ​ស្ត្រី​ស្នំ​ដទៃ​ទៀត​បាន ។ បើ​បាត់​ពស់​នោះ​មិន​និ​មិ្ម​តម​ក​ទេ នោះ​ថា​គ្រោះថ្នាក់​នឹង​មក​ដល់​អាយុ​ស្តេច ហើយ​រឿង​រា​៉​វ​អាក្រក់​នឹង​កើតឡើង ។ បើ​ស្តេច​មិន​បាន​យាង​ចូល​ទៅ​ទី​នេះ​មួយ​យប់​ណា​ហើយ ពេល​នោះ​អពមង្គល នឹង​ពិតជា​កើតឡើង​ភ្លាម​មិន​ខាន​ដែរ ។

បន្ទាប់​មក​ដំណាក់​ព្រះ​ញាតិវង្ស ឬ​លំនៅ​នាម៉ឺន​មន្ត្រី ធំ​ៗ​សង់​យា​៉​ង​ធំ​ទូលាយ​ស្តុកស្តម្ភ​ប្លែក​ពី​ផ្ទះ​អ្នកស្រុក​សាមញ្ញ ។ ផ្ទះ​ទាំងនោះ​សុទ្ធតែ​ប្រក់​ស្លឹក មាន​តែ​ផ្ទះ​អ្នកធំ និង​វិហារ​ទេ​ដែល​ប្រក់​ក្បឿង ។ ហើយ​ទំហំ​ផ្ទះ​ទាំងនោះ​ត្រូវ​សង់​ទៅ​តាម​លំដាប់​យស​សក្តិ​នៃ​ម្ចាស់ផ្ទះ​ផង ។

ចំណែក​ផ្ទះ​ប្រជារាស្ត្រ​វិញ សុទ្ធតែ​ប្រក់​ស្លឹក (​ឬ​ស្បូវ​) គេ​មិន​ហា​៊​ន​ប្រក់​ក្បឿង​ទេ ឯ​ទំហំ​សោត​សង់​ទៅ​តាម​ធនធាន​ខ្លួន តែ​មិន​ហ៊ាន​សង់​ឱ្យ​ដូច​លំនាំ​អ្នកធំ​ឡើយ ។

៣-​សម្លៀក​បំពាក់ និង​គ្រឿងអលង្ការ
អ្នកស្រុក​ទាំងអស់ ចាប់តាំងពី​ស្តេច​ចុះ​ទៅ ទាំងស្រី​ទាំងប្រុស​សុទ្ធតែ​បួងសក់​ទាំងអស់ ហើយ​គេ​លែងខ្លួន​ទទេ​ស្អាត មាន​តែ​សំពត់​មួយ​ផ្ទាំង​តូច​វ័ណ្ឌ​ជុំវិញ​ខ្លួន របៀប​គេ​ចោមពុង ហើយ​បើ​ត្រូវការ​ចេញ​ទៅ​ណា​មក​ណា គេ​យក​កំណាត់​មួយ​ផ្ទាំង​ទៀត​ធំ​ជាង​មុន មក​រុំ​ស្រោប​ថែម​ពីលើ ។ ការ​ស្លៀកពាក់​នេះ មាន​លក្ខខណ្ឌ​ទៅ​តាម​ឋានៈ​ទៀត ។ ព្រះ​ពស្ត្រ​របស់​ស្តេច មាន​តម្លៃ​ជា​មាស​បី ឬ​បួន​តម្លឹង គឺ​ល្អ​ដាច់​ពី​សម្លៀក​បំពាក់​អ្នកផង​ទាំងពួង ។ អ្នកស្រុក​នេះ​ចេះ​ត្បាញសំពត់​ប្រើ​ហើយ តែ​មាន​ប្រើ​សំពត់​មក​ពី​ស្រុក​សៀម និង​ចា​ម្យ​ផង​ដែរ ។ សំពត់​ពិសេស​មក​ពី​បស្ចិមប្រទេស​ដែល​មាន​សាច់​ម៉ដ្ឋ​ល្អ មាន​តែ​ស្តេច​ទេ​ដែល​មាន​ប្រើ គឺជា​សំពត់​ផ្កា​សរសៃសូត្រ​ឆ្មារ ។ ស្តេច​ពាក់​មកុដ​មាស បើ​ជួនកាល​មិន​ពាក់​មកុដ​ទេ គឺ​ពាក់​កម្រងផ្កា​ដូច​ជា​ផ្កាម្លិះ​ជាដើម ព័ទ្ធ​ជុំវិញ​ព្រះ​សិរ ។ នៅ​លើ​កំពូល​ព្រះ​កេស មាន​ស្នៀតសក់​ដាំ​ត្បូង​ពេជ្រ​យ៉ាង​ធំ​ទៀត​ផង ។ គ្រាន់តែ​គ្រឿងអលង្ការ​ដែល​ពាក់​នៅ​នឹង​ព្រះ​បាត​និង​ព្រះ​ហស្ត​មាន​ទម្ងន់​ដល់​ទៅ​ជាង​បី​នាឡិ ។ នៅ​គ្រប់​តែ​ម្រាម​មាន​ពាក់ចិញ្ចៀន​ដែល​មាន​ដាំ​ពេជ្រ​ភ្នែកឆ្មា ។ បាត​ព្រះ​ហស្ត និង​បាត​ព្រះ​បាត​មាន​លាប​ពណ៌​ក្រហម ហើយ​នៅ​ពេល​ដែល​ទ្រង់​យាង​ចេញ​មក ម្តង​ៗ តែង​កាន់​ព្រះ​ខ័ន​មាស​មួយ​ជា​និច្ច ។

ចំណែក​ប្រជារាស្ត្រ​វិញ មាន​តែ​ស្ត្រីភេទ​ទេ ដែល​អាច​លាបថ្នាំ​ក្រហម​នៅ​បាតដៃ បាតជើង​បាន ឯ ប្រុស​ៗ​មិន​ហ៊ាន​លាប​ទេ ។ ព្រះ​ញាតិវង្ស និង​មន្ត្រី​ធំ​អាច​ប្រើ​កំណាត់​ផ្កា រង្វើល​ៗ​បាន ឯ​មន្ត្រី​ធម្មតា ប្រើ​បាន​តែត្រឹម​ផ្កា​ចុង​ជាយ​ប៉ុណ្ណោះ ចំណែក​រាស្ត្រ​សាមញ្ញ បើ ស្រី​ៗអាច​ប្រើ​សំពត់​ផ្កា​បាន​ខ្លះ​ដែរ ។

ជនជាតិ​ចិន​ដែល​ទើបនឹង​មក​ដល់​ប្រទេស​នេះ ថ្មី​ៗ ទោះបី​ប្រើ​សំពត់​មាន​ផ្កា​នៅ​ជាយ​ទាំង​សងខាង​ក៏​គេ​មិន​ថា​អី​ដែរ ព្រោះ​គេ​សន្មត​ថា​ជា​ពួក​មិន​ទាន់​ដឹង​ទំនៀម​ស្រុក ហៅ​ថា ពួក​ង៉ា​នទី​ង ប៉ា​ឆា (​មិនដឹង​ភាសា?​) ។

៤-​អំពី​មន្ត្រី
ប្រទេស​នេះ​មាន​រដ្ឋមន្ត្រី មេទ័ព និង​ហោរា ហើយ​មន្ត្រី​ក្រោម​ពី​នោះ​មាន​ច្រើន​ឋានៈ​ទៀត ដូច​ជា​នៅ​ប្រទេស​ចិន​ដែរ ប្លែក​គ្នា​តែ​ឈ្មោះ​ហៅ​។

មន្ត្រី​ទាំងនេះ​ភាគច្រើន​ជា​ពូជពង្ស​របស់​ស្តេច បើ​មាន​អ្នក​ក្រៅ​ចូល​ធ្វើ​ជា​មន្ត្រី​ផង​ទាល់តែ​អ្នក​នោះ​យក​កូន​ទៅ​ថ្វាយ​ឱ្យធ្វើ​ជា​ស្នំ​ស្តេច ។ ការ​ធ្វើ​ដំណើរ​នៃ​មន្ត្រី​ទាំងនោះ គេ​សម្គាល់​តាម​គ្រឿង​ហែហម​តាម​ឋានៈ ។ អ្នកធំ​ជាងគេ​អង្គុយ​លើ​គ្រែស្នែង​មាស មាន​បាំង​ក្លស់​ដង​មាស​បួន ។ អ្នក​បន្ទាប់​មក​ទៀត​គ្រែស្នែង​មាស​ក្លស់​ដង​មាស​ពីរ ចុះ​មក​ទៀត​មាន​គ្រែស្នែង​មាស​ដែរ តែ​ក្លស់​ដង​មាស​មួយ ។ អ្នកតូច​មក​ទៀត​គ្រែស្នែង​ប្រាក់ មាន​ក្លស់​ដង​មាស​មួយ ។ អ្នកតូច​បន្ត​មក​ចេះ​តែ​ថយ​មក​ក្លស់​ដង​មាស​តែ​មួយ រួច​ក្លស់​ដង​ប្រាក់​មួយ ឥត​មាន​គ្រែស្នែង ។

ចំពោះ​មន្ត្រី​ដែល​ត្រូវ​ជិះ​គ្រែស្នែង​ប្រាក់ និង​ក្លស់​ដង​មាស​មួយ​ឡើង​ទៅ សុទ្ធតែ​ហៅ​ថា ប៉ាតេ​ង (​ម្រ​តេ​ង​) ឬ​អាំ​តេ​ង (​អ​ម្តែ​ង?) ។ អ្នក​ដែល​មាន​តែ​ក្លស់​ដង​ប្រាក់ ហៅ​ថា «​សីឡា​ត់ទី​» (​ស្រិ​ស្ធិ​ន? ។ ក្លស់​នោះ គេ​យក​សំពត់​ជាតី​សូត្រ​ដែល​ធ្វើ​មក​ពី​ប្រទេស​ចិន​ពាស ហើយ​ទម្លាក់​ចុង​រំភាយ​ចុះ​សឹង​ដល់​ដី ។ ឯ​ឆត្រ​តាំងយូរ គេ​យក​សំពត់សូត្រ​ពណ៌​ខៀវ​មក​ពាស ហើយ​ទំលាក់​រំភាយ​ខ្ចី​បន្តិច​ដែរ រួច​យក​ប្រេង​មក​លាប​យ៉ា​ង​រលើប​ទៀត​ផង ។

៥-​អំពី​លទ្ធិ​សាសនា​បី​បែប
អ្នកចេះ​ដឹង (​ពួក​ព្រាហ្មណ៍?) គេ​ហៅ​ថា ប៉ា​ន​ឃា​ប (​តាម​សេចក្តី​ប្រែ​របស់​លោក Pelliot ថា ប៉ា​ឃី ។ ពាក្យ​នេះ​ទំនងជា​មក​ពី​ពាក្យ «​បណ្ឌិត​») លោកសង្ឃ​គេ​ហៅ​ថា ជូ​តូ (​លោកសង្ឃ​ខាង​ពុទ្ធសាសនា ប្រហែល​មក​ពី​ពាក្យ​ចៅ​គូ​) ពួក​តាបស​គេ​ហៅ ប៉ា​ស៊ឺ​វី (​លោក Pelliot  ប្រែ​ថា​បា​៉​សឺ​វ៉ៃ ។ ប្រហែល​មក​ពី​ពាក្យ «​ប​ស្វៈ​» ឬ ប​ស្វិ​) ។

ដែល​ហៅ​ថា ប៉ាន​ឃា​ប នេះ មិនដឹង​ជា​រៀន​ពី​កន្លែង​ណា​ទេ ខ្ញុំ​មិន​ដែល​ឃើញ​សាលា ឬ​ទីកន្លែង​រៀន​សោះ ខ្ញុំ​ឃើញ​តែ​រូប​ពួក​នេះឯង​ដែល​ស្លៀកពាក់​ដូច​តែ​ជន​ធម្មតា​ដែរ ប៉ុន្តែ​មាន​ប្លែក​ត្រង់​ពាក់​អំបោះ​ស​វេញ​មួយ​ខ្សែ​នៅ​ក ហើយ​អំបោះ​នេះ​ពាក់​ជាប់​នឹង​ក​អស់​មួយ​ជីវិត ។ គេ​តែង​រើស​យក​ពួក​ប៉ា​ន​ឃា​ប​នេះឯង​ធ្វើ​ជា​មន្ត្រី ព្រោះ​គេ​ទុកជា​អ្នកចេះ​ដឹង​ជាន់ខ្ពស់​ហើយ ។

ចំណែក​លោកសង្ឃ​វិញ កោរ​ព្រះ​កេស គ្រងចីវរ​ពណ៌​លឿង​បញ្ចេញ​ស្មា​ខាងស្តាំ ហើយ​និមន្ត​ដោយ​ជើង​ទទេ ឥត​ពាក់​ស្បែកជើង​ឡើយ ។ ព្រះ​វិហារ​មួយ គេ​អនុញ្ញាត​ឱ្យ​ប្រក់​ក្បឿង​បាន ហើយ​នៅ​កណ្តាល​ព្រះ​វិហារ​នោះ​មាន​តម្កល់​ព្រះ​ពុទ្ធរូប​មួយ​ព្រះ​អង្គ ដែល​មាន​ភិនភាគ​ដូច​ជា​ព្រះ​សក្យមុនី​ដែរ (​តាម​មហាយាន​គេ​ជឿ​ថា មាន​ព្រះពុទ្ធ​ពីរ​អង្គ គឺ​ព្រះពុទ្ធ​ដើម​នៅ​ឋានសួគ៌​នាម «​អា​មិ​តា​ភៈ​» និង​ព្រះពុទ្ធ​ដែល​ត្រាស់​ដឹង​នៅ​ស្ថាន​មនុស្ស​នាម «​សក្យមុនី​» គេ​ហៅ​ថា «​ពុត​ឡៃ​» លាបលន​ពណ៌​ក្រហម ដោយ​គេ​យក​ដីស​មក​សូន​ធ្វើ ហើយ​លាប​ពណ៌ ផ្សេង​ៗ គ្មាន​ភិនភាគ​អ្វី​ក្រៅពី​នេះ​ទេ ។ មាន​ព្រះ​ពុទ្ធរូប តូច​ៗ ច្រើន​អង្គ​ទៀត​មាន​ព្រះ​ភ័ក្ត្រ​មិន​ដូច​គ្នា​ទេ ច្រើន​តែ​កសាង​អំពី​ស្ពាន់ ហើយ​គ្មាន​ជួង ស្គរ រគាំង ទង់​អ្វី​ទាំងអស់ ។ ព្រះសង្ឃ​ឆាន់​ត្រី​សាច់​បាន តែ​មិន​ឆាន់​ស្រា​ទេ ហើយ​គេ​អាច​រៀប​ម្ហូប​ត្រី​សាច់​ទាំងនេះ​ថ្វាយ​ព្រះ​ផង ។ ក្នុង​មួយ​ថ្ងៃ​លោក​ន??