ខេត្តសៀមរាប ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៦ តុលា បានចុះជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋក្នុងសហគមន៍អេកូ-ទេសចរណ៍កំពង់ភ្លុក តំបន់បឹងទន្លេសាប ខេត្តសៀមរាប ដើម្បីជម្រាបជូនអំពីដំណើរការវិវត្តន៍នៃវិស័យទេសចរណ៍ និងការរៀបចំតំបន់នេះឲ្យក្លាយទៅជាតំបន់មួយ ដ៏មានការទាក់ទាញសម្រាប់ខេត្តសៀមរាប និងជាគំរូដ៏ល្អសម្រាប់រៀបចំសហគមន៍ផ្សេងៗទៀតនៅក្នុងខេត្ត សំដៅលើកស្ទួយកម្រិតជីវភាពរស់នៅ និងការគាំពារបរិស្ថាន តាមរយៈការរៀបចំសេវាស្នាក់នៅ សេវាម្ហូបអាហារ សេវាដឹកជញ្ជូនភ្ញៀវទេសចរ និងសេវាកម្មមគ្គុទ្ទេសក៍ ទេសចរណ៍សហគមន៍ ដែលនឹងផ្តល់ការងារដល់ក្មួយៗយុវជន និងស្ត្រីផងដែរ ។
លោក ថោង ខុន ក៏បានស្នើឲ្យសហគមន៍អេកូ-ទេសចរណ៍កំពង់ភ្លុក ដែលបានបង្កើតហើយនេះ ត្រូវបន្តកិច្ចការរបស់ខ្លួនដោយសហការជាមួយផ្នែកពាក់ព័ន្ធ ពិសេសផ្នែកឯកជន ក្នុងវិស័យទេសចរណ៍ ដើម្បីពង្រឹងគុណភាពសេវាកម្ម ផ្តល់ដល់ភ្ញៀវទេសចរ ប្រកបដោយគុណភាព ផាសុកភាព ។ លោកបានបញ្ជាក់ថា ដើម្បីរៀបចំគ្រប់គ្រងតំបន់អេកូ-ទេសចរណ៍ សហគមន៍ប្រកបដោយនិរន្តរភាព ចាំបាច់ត្រូវធានាឲ្យមានការបែងចែកផលប្រយោជន៍ដោយសមធម៌ដល់ប្រជាពលរដ្ឋមូលដ្ឋានផ្ទាល់់ ។
លោករដ្ឋមន្ត្រីក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន មន្ទីរជំនាញទាំងអស់ ពិសេសមន្ទីរទេសចរណ៍ខេត្ត ត្រូវសហការរៀបចំជាមួយសហគមន៍រៀបចំគម្រោងអភិវឌ្ឍន៍តំបន់នេះ ដែលជាតំបន់មួយដ៏មានសក្តានុពលក្នុងការទាក់ទាញភ្ញៀវទេសចរ ។
ប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ឃុំកំពង់ភ្លុក បានបង្ហាញនូវការរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានជួយដោះស្រាយបញ្ហានាពេលកន្លងមកនៅតំបន់នេះ ហើយបានធ្វើឲ្យពួកគាត់ មានសេចក្តីជឿជាក់ក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ក្នុងឱកាសនេះដែរ លោករដ្ឋមន្ត្រី និងប្រតិភូក្រុមការងារ ក៏បានចុះពិនិត្យស្ថានភាព និងសកម្មភាពជាក់ស្ដែងរបស់ប្រជាសហគមន៍ និងតំបន់អេកូ-ទេសចរណ៍កំពង់ភ្លុកនោះផងដែរ ៕




ចែករំលែកព័តមាននេះ