ខេត្តសៀមរាប ៖ សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនសកម្មជនដីធ្លីចំនួន២នាក់ ក្នុងនោះមានអ្នកកាសែតសេនាដៃប្រាំបីម្នាក់ផងដែរ ខណៈដែលពួកគេបាននាំគ្នាមករារាំងសមត្ថកិច្ច ដើម្បីការពារខ្ទមរបស់ពួកគេ ប៉ុន្តែត្រូវបានសមត្ថកិច្ចអះអាងថា ពួកគេទាំងអស់នេះបានសាងសង់ខ្ទមចំនួន១៤០ខ្នងលើដីព្រៃរបស់រដ្ឋ។
ការឃាត់ខ្លួនសកម្មជនដីធ្លី២នាក់នេះបានធ្វើឡើងកាលពីថ្ងៃទី០៦ តុលា ២០១៥ ស្ថិតនៅភូមិសាស្ត្រឆ្កែកូន ភ្នំអំពិលក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ។
លោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានមានប្រសាសន៍ប្រាប់នៅរសៀលថ្ងៃទី០៧ តុលានេះថា ដោយឃើញមានពលរដ្ឋនាំគ្នាមកសង់ខ្ទមតូចៗជាច្រើននៅក្នុងតំបន់ព្រៃរបស់រដ្ឋទើបលោកបានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ រួមមាន ប៉ូលិស ប៉េអឹម ទាហាន និងអាជ្ញាធរមូលដ្ឋានសរុបចំនួនជិត១រយនាក់ នាំគ្នាចុះទៅរុះរើ និងហាមឃាត់ តែក្រុមអ្នកតវ៉ាទាំងអស់នោះមានប្រដាប់ដោយកាំបិត និងពូថៅបានមករារាំងសមត្ថកិច្ចទើបសមត្ថកិច្ចបានស្នើសុំទៅតំណាងអយ្យការដើម្បីធ្វើការឃាត់ខ្លួនតែម្តង។
លោកបន្តថា ករណីនេះមានអ្នកមកបំផុសបំផុល ឱ្យពលរដ្ឋមកពីស្រុកបន្ទាយស្រី ស្រុកប្រាសាទបាគង ស្រុកពួក បាននាំគ្នាចាប់យកដីព្រៃរបស់រដ្ឋមកសាងសង់ខ្ទមចំនួន១៤០ខ្នង នៅក្នុងដីព្រៃរបស់រដ្ឋចំនួន២០ហិកតា ក្នុងដីសរុបចំនួន៥ពាន់ហិកតា ដែលនៅជាប់ព្រំប្រទល់ស្រុកបន្ទាយស្រី ស្រុកអង្គរធំ ស្រុកវ៉ារិន ស្រុកអង្គរជុំ។
ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចបានឃាត់ខ្លួនសកម្មជនដីធ្លីចំនួន២នាក់មាន ឈ្មោះ កី វី ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិ ពាក់ស្នែងថ្មី ឃុំពាក់ស្នែង ស្រុកអង្គរធំ និងម្នាក់ទៀតឈ្មោះ ពុត កុស៊ាម ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកកាសែតសេនាដៃ៨ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
ជុំវិញករណីខាងលើនេះដែរលោកទា គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើនៃខេត្តសៀមរាបបានឲ្យដឹងថា នៅក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានសម្រេចចិត្តឃាត់ខ្លួនសកម្មជនដីធ្លីចំនួន២នាក់ ក្នុងនោះម្នាក់ជាអ្នកកាសែតសេនាដៃប្រាំបី និងស្ត្រីម្នាក់ទៀតក៏ជាសកម្មជនដីធ្លីផងដែរ។
លោកបានបញ្ជាក់ថា បច្ចុប្បន្នសកម្មជនដីធ្លីប្រុសស្រីទាំង២នាក់នោះត្រូវបានកម្លាំងជំនាញនាំខ្លួនបញ្ជូនទៅកាន់តុលាការខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់។
ចំណែកលោកវរសេនីយ៍ត្រី ទូច ប៊ុនធឿន អធិការនគរបាលស្រុកអង្គរធំបានឲ្យដឹងនៅរសៀលថ្ងៃទី០៧ តុលានេះថា ករណីនេះសមត្ថកិច្ចគ្រាន់តែចុះមករុះរើ និងហាមឃាត់ប៉ុណ្ណោះ ប៉ុន្តែដោយក្រុមសកម្មជនទាំងនោះធ្វើការតវ៉ា ហើយបានគម្រាមមកលើសមត្ថកិច្ច ទើបសមត្ថកិច្ចអនុវត្តតាមច្បាប់តែម្តង ព្រមទាំងឃាត់ខ្លួនបានមេដឹកនាំប្រុសស្រីចំនួន២នាក់យកមកតុលាការ៕







ចែករំលែកព័តមាននេះ