រាជធានីភ្នំពេញ ៖ តាមរយៈកិច្ចប្រជុំបណ្តាញមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ានលើកទី៣ កម្ពុជាត្រូវបានទទួលស្គាល់ដោយបណ្តាប្រទេសអាស៊ានទាំង១០ និងលេខាធិការអាស៊ានអំពីសមត្ថភាព និងបទពិសោធន៍ក្នុងការកសាងមជ្ឈមណ្ឌលរក្សាសន្តិភាពមួយដ៏រឹងមាំសម្រាប់ហ្វឹកហ្វឺនកងកម្លាំងចូលរួមបេសកកម្មសន្តិភាពរបស់ អ.ស.ប គ្រាដែលកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជាទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងបេសកកម្មសន្តិភាពក្រោមឆត្ររបស់ អ.ស.ប ។
សូមជម្រាបថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំបណ្តាញមជ្ឈមណ្ឌលរក្សាសន្តិភាពអាស៊ានលើកទី៣ រយៈពេល២ថ្ងៃគឺ ថ្ងៃទី៧-៨ តុលា នៅសណ្ឋាគារសុខា ដែលមានមន្ត្រីបណ្តាប្រទេសអាស៊ានទាំង១០ និងលេខាធិការអាស៊ានចូលរួម ។
លោក ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពរបស់ អ.ស.ប ឲ្យដឹងថា កិច្ចប្រជុំនេះគឺក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរយោធាចារ្យ គ្រូបង្វឹក និងសិក្ខាកាមក្នុងកម្រិតក្របខ័ណ្ឌកិច្ចប្រជុំក្រុមការងារមន្ត្រីជាន់ខ្ពស់អាស៊ាន និងអាស៊ានបូក ។ លោកអះអាងថា តាមរយៈកិច្ចប្រជុំនេះបានបង្ហាញឲ្យឃើញពីការទទួលស្គាល់ចំពោះសមត្ថភាព និងបទពិសោធន៍របស់កម្ពុជាក្នុងការកសាងមជ្ឈមណ្ឌលរក្សាសន្តិភាពមួយដ៏រឹងមាំសម្រាប់ហ្វឹកហាត់កងកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប ស្របពេលដែលកិច្ចប្រជុំកំពូលរបស់ថ្នាក់ដឹកនាំពិភពលោក ស្តីពីការរក្សាសន្តិភាពនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៨ កញ្ញា កន្លងទៅ ។
លោក ប្រាក់ សុខុន បញ្ជាក់ថា ប្រទេសកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ នឹងចែករំលែកបទពិសោធន៍មួយចំនួនដល់បណ្តាប្រទេសអាស៊ាន គ្រាដែលកម្ពុជា ជាប្រទេសមួយទទួលរងខ្ទេចខ្ទាំដោយសារសង្គ្រាមកាលពី១៨ឆ្នាំមុន ហើយធ្លាប់ទទួលកងទ័ពមួកខៀវរបស់ អ.ស.ប មកជួយរក្សាសន្តិភាព ហើយបានប្រែក្លាយជាប្រទេសមួយផ្តល់វិភាគទានយ៉ាងសកម្មដល់ប្រតិបត្តិការរក្សាសន្តិភាពរបស់ អ.ស.ប ចាប់តាំងពីឆ្នាំ២០០៦ ដែលបេសកកម្មដំបូងទៅកាន់ប្រទេសស៊ូដង់ ។ លោកបន្តថា កម្ពុជាក៏បានក្លាយជាប្រទេសនាំមុខមួយក្នុងការបញ្ជូនកងដោះមីនដើម្បីទៅជួយសម្រាលទុក្ខវេទនារបស់ប្រជាជនដទៃទៀត ដែលទទួលរងគ្រោះដោយសារផលវិបាកនៃសង្គ្រាមដូចប្រទេសកម្ពុជាកាលពីមុនដែរ ។
លោក ប្រាក់ សុខុន ក៏បានអះអាងថា កម្ពុជាក៏បានប្រែក្លាយជាសមាជិកសកម្មមួយនៃគំនិតផ្តួចផ្តើមប្រតិបត្តិការរក្សាសន្តិភាពសាកល ដែលផ្តួចផ្តើមឡើងដោយអតីតប្រធានាធិបតី អាមេរិក ក្នុងគោលបំណងជួយនិងបំពេញបន្ថែមឲ្យ អ.ស.ប ក្នុងការបង្កើននិងរក្សាសមត្ថភាពប្រសិទ្ធភាពប្រតិបត្តិការរក្សាសន្តិភាពលើលោក ។ តាំងពីឆ្នាំ២០០៧ កម្ពុជាបានចូលរួមក្នុងក្របខ័ណ្ឌនៅប្រទេសម៉ុងហ្គោលី បង់ក្លាដេស ឥណ្ឌូណេស៊ី ថៃ ម៉ាឡេស៊ី… រហូតមានសមត្ថភាពរៀបចំធ្វើជាម្ចាស់ផ្ទះកាលពីឆ្នាំ២០១០ កន្លងមក ។
យ៉ាងណាក៏ដោយ លោកក៏បានបង្ហាញនូវជំនឿជឿជាក់យ៉ាងមុតមាំថា ឆ្លងតាមកិច្ចប្រជុំ២ថ្ងៃនេះ កម្ពុជានឹងទទួលបានមេរៀន បទពិសោធន៍ថ្មីៗថែមទៀត ពីការពិភាក្សាដ៏ស៊ីជម្រៅ ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពការងាររបស់ខ្លួនថែមទៀតក្នុងប្រតិបត្តិការរក្សាសន្តិភាពនាពេលអនាគត ៕



ចែករំលែកព័តមាននេះ