រាជធានីភ្នំពេញ ៖ អណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅជាប់បង្គោលភ្លើង បន្ទាប់ពីលាន់សូរផ្ទុះឮដូចគ្រាប់បែកបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី៨ តុលា ២០១៥ តាមផ្លូវលេខ២៧១ ស្ថិតនៅទល់មុខសាលាអន្តរជាតិអាស៊ាន ក្បែរផ្សារទំនើបសុវណ្ណា ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
តាមសម្តីរបស់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់ឮសូរសំឡេងផ្ទុះលាន់ដូចគ្រាប់បែកផ្ទុះ ក៏បាននាំគ្នារត់មកមើលឃើញបែកផ្កាភ្លើងបង្កជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅនៅលើខ្សែភ្លើងជាប់នឹងបង្គោលភ្លើងនៅចំណុចខាងលើ ទើបពួកគាត់ភ័យស្លន់ស្លោបានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មកជួយអន្តរាគមន៍៣គ្រឿងជួយបាញ់ទឹកពន្លត់អស់មួយគ្រឿងទើបរលត់នៅវេលាម៉ោង៥និង១០នាទីទៀបភ្លឺ ។
អគ្គិភ័យខាងលើនេះមិនបណ្តាលឲ្យឆ្លងរាលដាលដល់ផ្ទះប្រជាពលរដ្ឋទេ គ្រាន់តែធ្វើឲ្យឆេះខ្លោចខ្សែភ្លើងដាច់ធ្លាក់រាយប៉ាយពេញផ្លូវ និងបណ្តាលឲ្យដាច់ចរន្តអគ្គិសនីលំនៅឋានប្រជាពលរដ្ឋនៅក្បែរនោះ ។ ភ្លាមៗនោះមន្ត្រីអគ្គិសនីកម្ពុជាបានចុះទៅបិទបារ៉ែត និងរៀបចំជួសជុលខ្សែភ្លើងឡើងវិញផងដែរ ៕
ចែករំលែកព័តមាននេះ