ខេត្តប៉ៃលិន ៖ បន្ទាប់ពីសាងសង់ពន្ធនាគារថ្មីរួចរាល់នៅត្រង់ចំណុចភ្នំប៉ោត ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ប្រធានពន្ធនាគារខេត្ត បានប្តូរអ្នកទោសពីពន្ធនាគារចាស់នៅក្រុងប៉ៃលិនយកទៅដាក់នៅកន្លែងថ្មីនេះអស់រយៈពេលជិត១ឆ្នាំកន្លងមកហើយដោយសារតែអត់មានប្រព័ន្ធទឹកស្អាតប្រើប្រាស់ត្រឹមត្រូវ និងអត់មានអណ្តូងទឹកនៅក្នុងបរិវេណពន្ធនាគារថ្មី ទើបគេនាំគ្នាបូមទឹកស្រះដែលមានទឹកហូរមកពីគ្រប់ទិសទី មានទាំងមេរោគ មានសារធាតុថ្នាំពុល ថ្នាំបាញ់ស្មៅ ដែលហូរចេញពីចម្ការប្រជាពលរដ្ឋ ក៏ធ្លាក់ចូលទៅក្នុងស្រះនោះដែរ ទើបធ្វើឱ្យអ្នកទោសជាង១០០នាក់ និងអនុរក្សពន្ធនាគារជាង៣០នាក់មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាប្រឈមនឹងសុខភាព ។
ប្រភពព័ត៌មានពីអនុរក្សពន្ធនាគារជាច្រើននាក់បានបង្ហើបឱ្យដឹងថា ជារៀងរាល់ថ្ងៃនៅក្នុងពន្ធនាគារខេត្តប៉ៃលិនថ្មី អត់មានប្រព័ន្ធទឹកស្អាត ឬអណ្តូងទឹកប្រើប្រាស់ត្រឹមត្រូវនោះទេ ដោយកាលពីប៉ុន្មានខែកន្លងទៅនេះ គេបានបូមទឹកស្រះមួយកន្លែងនៅក្បែរពន្ធនាគារយកទៅប្រើប្រាស់ ដែលទឹកនោះហូរចូលមកពីគ្រប់ទិសទី ដូចជាហូរធ្លាក់ពីចម្ការរបស់ប្រជាពលរដ្ឋ ពេលមានភ្លៀងធ្លាក់ម្តងៗ និងទឹកហូរចេញពីបង្គន់អ្នកទោស ក៏ចូលទៅក្នុងស្រះនោះវិញដែរ ។
ប្រភពបន្តទៀតថា ដោយសារតែខ្វះទឹកប្រើប្រាស់ ទើបប្រធានពន្ធនាគារឱ្យបូមទឹកស្រះនោះយកទៅដាក់ឱ្យអ្នកទោស១១៤នាក់ ក្នុងនោះស្រី១៤នាក់ និងអនុរក្សពន្ធនាគារជាង៣០នាក់ ប្រើប្រាស់ជាទូទៅដូចជា សម្រាប់ងូត ដាំបាយ ស្លស្លុក ជាដើម ។
ប៉ុន្តែទឹកដែលហូរចូលស្រះនេះពេលប្រជាពលរដ្ឋបាញ់ថ្នាំស្មៅនៅក្នុងចម្ការជុំវិញ លុះពេលមានភ្លៀងធ្លាក់មកម្តងៗ សារធាតុពុលនោះបានហូរចូលទៅក្នុងទឹកស្រះបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព ហើយក៏មានអ្នកទោសមួយចំនួនចាប់ផ្តើមមានអាការឈឺក្រពះ ពោះវៀន និងជម្ងឺរោគារផ្សេងៗ បានចូលទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិនជាញឹកញាប់ផងដែរ ។
ចំណែកអនុរក្សពន្ធនាគារមួយចំនួន ពេលឃើញចុងភៅយកទឹកដែលគេបូមពីក្នុងស្រះខាងលើមកដាក់ប្រើប្រាស់ដាំបាយ និងស្ល អ្នកខ្លះសុខចិត្តជិះម៉ូតូទៅហូបបាយនៅផ្ទះរបស់ខ្លួនជំនួសវិញ ព្រោះក្រែងប៉ះពាល់ដល់សុខភាព ហើយអ្នកទោសដែលមានបងប្អូនក្រុមគ្រួសារផ្តល់លុយកាក់ច្រើនសុខចិត្តទិញទឹកបរិសុទ្ធខាងក្រៅមកប្រើប្រាស់ ដោយឡែកអ្នកគ្មានលុយគ្មានសាច់ញាតិបងប្អូន សុខចិត្តទ្រាំប្រើប្រាស់ទឹកនោះទាំងលំបាកវេទនា ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក នៅ ធឿង ប្រធានពន្ធនាគារខេត្តប៉ៃលិន បានឱ្យដឹងតាមទូរស័ព្ទថា ទឹកស្រះដែលខាងលោកឱ្យបូមដាក់ប្រើប្រាស់អត់មានបញ្ហាប៉ះពាល់ដល់សុខភាពអ្វីនោះឡើយ ហើយក៏អត់មានទឹកចេញពីបង្គន់អ្នកទោសហូរចូលទៅក្នុងស្រះទឹកនោះដែរ ។ លោកបញ្ជាក់ថា ទឹកនោះថ្លាល្អ អាចយកមកប្រើប្រាស់សម្រាប់អ្នកទោស និងអនុរក្សពន្ធនាគារទាំងអស់បាន ព្រោះខាងពន្ធនាគារ ទើបនឹងសាងសង់រួចរាល់ថ្មីមិនទាន់មានប្រព័ន្ធទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់នោះឡើយ ។
សូមបញ្ជាក់ថា កាលពី៤ទៅ៥ថ្ងៃកន្លងទៅនេះ លោកប្រធានពន្ធនាគារខេត្តប៉ៃលិន បានប្តូរទីតាំងស្រះដែលបូមប្រើប្រាស់មុនក្បែរពន្ធនាគារទៅបូមទឹកស្រះកន្លែងផ្សេងទៀតនៅខាងជើងពន្ធនាគារយកមកប្រើប្រាស់ ដោយអត់មានទឹកបង្គន់ហូរចូលទៀតទេ ប៉ុន្តែនៅមានបញ្ហាសារធាតុថ្នាំពុលហូរពីចម្ការប្រជាពលរដ្ឋនៅក្បែរនោះហូរចូលដដែល ៕






ចែករំលែកព័តមាននេះ