ខេត្តប៉ៃលិន ៖ យុវជនម្នាក់បានរងរបួសបាក់ម្រាមដៃស្តាំចំនួន២ រយះជើងស្តាំ សន្លប់នៅនឹងកន្លែង និង២នាក់ទៀតរបួសស្រាល ហើយត្រូវបានអ្នកធ្វើដំណើរឃើញស្គាល់ក៏ទូរស័ព្ទប្រាប់ឪពុកម្តាយឱ្យដឹកតាមម៉ូតូយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ គ្រោះថ្នាក់នេះកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី៦ តុលា ២០១៥ កន្លងទៅ នៅផ្លូវជាតិលេខ៥៧ ក្នុងភូមិបុសស្អំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខណៈជនរងគ្រោះស្រវឹងស្រឿងៗជិះម៉ូតូឌុបគ្នារវល់តែនិយាយងាកក្រោយ ក៏ជ្រុលចង្កូតទៅខាងស្តាំដៃបុកស្លាកគណបក្សមួយ ។
ប្រភពព័ត៌មានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់នេះមាន ១-ឈ្មោះ លី សុខុម ភេទប្រុស អាយុ២០ឆ្នាំ របួសបាក់ម្រាមដៃស្តាំ២ និងរយះជើងស្តាំ (សន្លប់) ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៣ រស់នៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ២-ឈ្មោះ គង់ ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ រងរបួសស្រាល រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និង៣-ឈ្មោះ ប៉ោ សេងហួត ភេទប្រុស អាយុ១៩ឆ្នាំ រងរបួសស្រាល រស់នៅភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ៕


ចែករំលែកព័តមាននេះ