រាជធានីភ្នំពេញ ៖ បន្ទាប់ពីពិភាក្សាគ្នាអស់រយៈពេលប្រមាណជា៥ម៉ោងស្តីពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាលពីល្ងាចថ្ងៃទី៧ តុលា ២០១៥ នេះ ជាលទ្ធផលក្រុមការងារបច្ចេកទេសត្រីភាគីបានសម្រេចធ្វើការបោះឆ្នោតយកមតិភាគច្រើនដើម្បីដាក់ជូនគណៈកម្មការប្រឹក្សាការងារ ហៅកាត់ថា LAC ដើម្បីពិភាក្សាអនុម័តនៅថ្ងៃស្អែក ។
ក្រុមការងារបច្ចេកទេសត្រីភាគីដែលមានការចូលរួមពី តំណាងរាជរដ្ឋាភិបាល១៦រូប តំណាងសហជីព១៦ និងតំណាងនិយោជក១៦រូប បានធ្វើការបោះឆ្នោតសម្រេចប្រាក់ឈ្នួលគោលអប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០១៦ ដែល តំណាងរាជរដ្ឋាភិបាល ដាក់តួលេខ១៣៥ដុល្លារ ទទួលបានការគាំទ្រចំនួន១៥សំឡេង លើ៤៤សំឡេង, តំណាងសហជីព ដាក់តួលេខ១៦០ដុល្លារ ទទួលបានការគាំទ្រចំនួន១៣សំឡេងលើ៤៤សំឡេង និងតំណាងនិយោជក ដាក់តួលេខ១៣៣ដុល្លារ ទទួលបានការគាំទ្រ១៦សំឡេងលើ៤៤សំឡេង ។ ដែលក្នុងនោះតំណាងសហជីព៤រូបបានធ្វើពហិកាមិនចូលរួមបោះឆ្នោត ។
ជាចុងបញ្ចប់ក្រុមការងារបច្ចេកទេសត្រីភាគីនឹងយកលទ្ធផលនៃការបោះឆ្នោតនេះទៅដាក់ជូនគណៈកម្មការប្រឹក្សាការងារ ដើម្បីធ្វើការពិភាក្សាអនុម័តនៅថ្ងៃស្អែក ៕


ចែករំលែកព័តមាននេះ