រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌពោធិ៍សែនជ័យស្ទាក់ចាប់បានមុខសញ្ញាចោរឆក់ម្នាក់ ខណៈពេលដែលជនសង្ស័យធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ដែលកំពុងធ្វើដំណើរដោយថ្មើរជើង បន្ទាប់មកបានព្យាយាមជិះម៉ូតូរត់គេចខ្លួន ចៃដន្យត្រូវវបានកម្លាំងប៉េអឹមល្បាតប្រទះឃើញទាន់ក៏បានធ្វើការចាប់ខ្លួន និងនាំយកទៅសាកសួរនៅទីបញ្ជាការប៉េអឹមខណ្ឌ ។ ហេតុការណ៍ចាប់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៧ តុលា ២០១៥ នៅតាមផ្លូវវ៉េងស្រេង ជិតជញ្ជីងថ្លឹងរថយន្ត ស្ថិតក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ អៀវ ជីអ៊ូ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រកាណាឌីយ៉ា ព្រមទាំងដកហូតបានមធ្យោបាយជិះធ្វើសកម្មភាព ម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FH-7159 តែកែស្លាកលេខមក ភ្នំពេញ 1AA-7459 វិញដោយយកស្កុតពណ៌ខៀវបិតពីលើដើម្បីបន្លំភ្នែកសមត្ថកិច្ច ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ អឿន ស៊ុំស្រី អាយុ៤០ឆ្នាំ ជាអជីវករ ដែលនៅក្នុងកាបូបមានប្រាក់ចំនួន១២២,២០០រៀល, ទូរស័ព្ទដៃ១គ្រឿង និងខ្សែកប្លាកទីនមួយខ្សែ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្ត្រីរងគ្រោះបានធ្វើដំណើរដោយថ្មើរជើង ក្នុងបំណងរកទិញអីហូប ខណៈពេលកំពុងដើរក៏ត្រូវបានជនសង្ស័យខាងលើធ្វីសកម្មឆក់យកកាបូប ហើយជិះគេចខ្លួន ។ ពេលនោះកម្លាំងប៉េអឹមល្បាតប្រទះឃើញក៏បានដេញចាប់ខ្លួនបានភ្លាមៗតែម្តង ៕



ចែករំលែកព័តមាននេះ