ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្យល់ ២នាក់ទៀត ត្រូវបានប៉ូលិស ចាប់បញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ ជាមេខ្យល់ចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា…

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ ជាមេខ្យល់ចំនួន ០២នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនខ្លួន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

លោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា​ នៅវេលាម៉ោង  ០៦ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១  កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ និងកម្លាំង​យោធាប្រតិបត្តិការសឹករងស្រុកម៉ាឡៃ បាន​ប្រគល់ពលករខ្មែរចំនួន ០៦នាក់ និងមេខ្យល់ចំនួន ០២នាក់ មកនគរបាលនៃអធិការដ្ឋានស្រុកម៉ាឡៃ ដើម្បីរៀបចំសំណុំរឿង តាមនីតិវិធីច្បាប់។

លោកអធិការបានបញ្ជាក់ថា ពលករទាំង ០៦នាក់  (ស្រី ០២នាក់) មកពីខេត្តសៀមរាប ម្នាក់ និងខេត្តបន្ទាយមានជ័យ ចំនួន ០៥នាក់។ រីឯ​ជនសង្ស័យ ជាមេខ្យល់ចំនួន ០២នាក់ ឈ្មោះ ឡំ រ៉េត ភេទប្រុសអាយុ ៣៣ឆ្នាំ នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ និងឈ្មោះ ងួន ពេក ភេទប្រុស អាយុ ៤៧ឆ្នាំ នៅភូមិជ្រៃ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

អធិការនគរបាលស្រុកម៉ាឡៃ លោកវរសេនីយ៍ឯក បេន សំអាត់ បានបញ្ជាក់ថា តាមការបំភ្លឺរបស់ពលករទាំង ០៦នាក់ ពួកខ្លួនត្រូវបានអ្នកបើករថយន្តតាក់ស៊ីចង្កូតឆ្វេង ពណ៌ទឹកប្រាក់ ដឹកមកទំលាក់នៅមុខវិហារចាម ស្ថិតក្នុងភូមិជ្រៃ ឃុំបឹងបេង បន្ទាប់មកមានមេខ្យល់ចំនួន ០២នាក់ ឈ្មោះ ឡំ រ៉េត និងឈ្មោះ ងួន​ ពេក បានជូនឆ្លងអូរដែន ទៅថៃ នៅចំណុចភូមិជ្រៃ ឃុំបឹងបេង ឆ្លងចូលទឹកដៃថៃ បានប្រមាណជា ០២គ.ម ត្រូវទាហានថៃ ចាប់បញ្ជូនត្រឡប់មកវិញ។ ចំណែកឯចម្លើយសារភាពរបស់ឈ្មោះ ឡំ រ៉េត និងឈ្មោះ ងួន ពេក បានឆ្លើយថា ខ្លួនគេទាំង ០២នាក់ ពិតជាបានជូនប្រជាពលករខ្មែរទាំង ០៦នាក់ ឆ្លងដែនចូលទឹកដីថៃមែន ដោយយកម្នាក់ប្រាក់ថៃ តម្លៃចំនួន ២០០បាត។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ​នគរបាលប្រឆាំងការជួញដូរមនុស្ស និងការ​ពារអនីតិជន បានបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ ឡំ រ៉េត និង ងួន ពេក ត្រូវបានកម្លាំងនគរបាលជំនាញ បានបញ្ជូនខ្លួន ទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យ ចាត់ការតាមនី​តិវិធីច្បាប់ហើយ។ ចំណែកពលករខ្មែរទាំង ០៦នាក់ ស្រី ០២នាក់ នគរបាលស្រុកម៉ាឡៃ បញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័ក។

លោកនាយការិយាល័យ បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ មកទល់បច្ចុប្បន្ន ការបង្រ្កាបរបស់សមត្ថកិច្ចយើង លើករណីនាំមនុស្សឆ្លងដែនដោយខុសច្បាប់ បានសរុបចំនួន ៣៦ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ៥៥នាក់ ស្រី ០៧នាក់ រឹបអូសវត្ថុតាងបំរើឲ្យបទល្មើស ទូរស័ព្ទដៃ ចំនួន ៤៤គ្រឿង ម៉ូតូ ០៨គ្រឿង និងរថយន្តចំនួន ០៩គ្រឿង៕ ដោយ៖ ណុប-រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ