ខេត្តកំពត ៖ កម្លាំងសមត្ថកិច្ចរដ្ឋបាលជលផលកំពត បានចេញល្បាតបង្ក្រាបបទល្មើសនេសាទ ដោយសហការជាមួយប្រជាសហគមន៍នេសាទ និងអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) បើតាមការឱ្យដឹងពីលោក ស សូរិន នាយខណ្ឌរដ្ឋបាលជលផលកំពតបានប្រាប់កោះសន្តិភាពកាលពីរសៀលថ្ងៃទី៧ តុលា នេះថា ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជានេសាទមកថា មានទូកនេសាទខុសច្បាប់ជាច្រើនគ្រឿងបានធ្វើការនេសាទដោយទូកអួនអូសប្រើឧបករណ៍ខុសច្បាប់ (ឧបករណ៍ឆក់) ។
លោកបន្តថា ក្រោយពីបានទទួលព័ត៌មាននេះខណ្ឌរដ្ឋបាលជលផលបានចាត់កម្លាំងចេញល្បាតដឹកនាំដោយខ្លួនលោកផ្ទាល់ រួមជាមួយប្រជាសហគមន៍នេសាទ និងសហការជាមួយមន្ត្រីអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ចុះបង្ក្រាបបានទូកនេសាទខុសច្បាប់អួនអូសចំនួន២គ្រឿង និងឃាត់មនុស្ស៦នាក់ ដែលធ្វើសកម្មភាពជាក់ស្តែងនៅក្នុងសមុទ្រខេត្តកែប ត្រង់ចំណុចខាងលិចផ្សារក្តាមចម្ងាយប្រមាណជា៥គីឡូម៉ែត្រ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៧ តុលា ២០១៥ ស្ថិតក្នុងក្រុងកែប ខេត្តកែប ។
ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង៦នាក់ ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសួរនាំ និងស្រាវជ្រាវរកអត្តសញ្ញាណ ព្រោះមិនទាន់ដឹងច្បាស់ពីអត្តសញ្ញាណជនសង្ស័យទាំង៦នាក់នេះទេ គ្រាន់តែដឹងថា ជនសង្សយ័ទាំងនេះ មានទីលំនៅនៅក្នុងខេត្តកែប ៕
ចែករំលែកព័តមាននេះ