បន្ទាយមានជ័យ៖ អភិបាលខេត្ត បានដាក់វិធានការដល់មន្ត្រីជំនាញ និងសមត្ថកិច្ច ត្រូវចុះពិនិត្យមើលជាប្រចាំតាមផ្សារ ដោយត្រូវណែនាំបង្ការ និងទប់ស្កាត់កូវីដ១៩ អោយបាន កុំឲ្យរាតត្បាតក្នុងសហគមន៍។
កាលពីថ្ងៃទី២១ ខែមេសា ឆ្នា២០២១ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះណែនាំដល់អាជីវករ និងប្រជាពលរដ្ឋក្នុងផ្សារ ចំនួន ៣កន្លែង រយៈពេល ១ថ្ងៃពេញ មានផ្សារសិរីសោភ័ណ ផ្សារមង្គលបូរី និងផ្សារក្រុងប៉ោយប៉ែត ក្នុងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសដែលចុះណែនាំនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានចែកម៉ាស់ដល់អាជីវករ និងប្រជាពលរដ្ឋដែលគ្មានពាក់ម៉ាស់។
ឯកឧត្តម អ៊ុំ រាត្រី បានណែនាំដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដែលកំពុងមានវត្តមានក្នុងផ្សារ ត្រូវអនុវត្តអោយបានតាមការណែនាំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ត្រូវចូលរួមទាំងអស់គ្នា ដើម្បីបង្ការ ទប់ស្កាត់កូវីដ១៩។ ពេលចូលផ្សារត្រូវពាក់ម៉ាស់ ពេលត្រឡប់ទៅផ្ទះវិញ ត្រូវលាងដៃដោយអាកុល ឬសាប៊ូអោយបានស្អាត ដើម្បីការពារការរាតត្បាតក្នុងសហគមន៍។
ឯកឧត្តមបានបញ្ជាក់ថា មន្ត្រីជំនាញ និងសមត្តកិច្ច ត្រូវចុះពិនិត្យតាមផ្សារជាប្រចាំ ដើម្បីឃ្លាំមើល។ បើប្រជាពលរដ្ឋណាមួយ មិនគោរតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា គឺយើងត្រូវណែនាំឲ្យពួកគាត់អនុវត្តអោយបានតាមការណែនាំរបស់ក្រសួងសុខាភិបាលកម្ពុជា វិធានការបង្ការជំងឺកូវីដ១៩ គឺ៣ការពារ និង ៣កុំ។ ៣ការពារ គឺ៖ ១.ពាក់ម៉ាស់ ២.លាងដៃ ៣.រក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល។ រីឯ៣កុំ គឺ៖ ១.កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ត្រូវរកកន្លែងមានខ្យល់ចេញចូល ២.កុំទៅកន្លែងមានមនុស្សច្រើនកុះករ ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម៕ ប៊ុន ធឿន




ចែករំលែកព័តមាននេះ