បន្ទាយមានជ័យ៖ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រី ចុះពិនិត្យស្ថានព្រំដែន ដើម្បីពង្រឹងការទប់ស្កាត់ពលករចំណាកស្រុក និងបទល្មើសតាមបន្ទាត់ព្រំដែន កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានលើកឡើងថា ជាការណែនាំពីឯកឧត្តម កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីយ៍ខ្មែររួចរាល់ រួមជាមួយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឱវាទ បានចុះពិនិត្យស្ថានភាពព្រំដែន ដើម្បីពង្រឹងការទប់ស្កាត់នូវពលករចំណាកស្រុក ដែលលួចឆ្លងដែនខុសច្បាប់គេចវេះធ្វើចត្តាឡីស័ក និងទប់ស្កាត់បទល្មើសឆ្លងដែន។
ឯកឧត្តម បានបញ្ជាក់ថា ក្រោយពេលដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ឃើញជាក់ស្តែងឃើញថា កម្លាំង ដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែន បានខិតខំប្រឹងប្រែងការពារទប់ស្កាត់បានល្អ ហើយមានស្នាដៃ ដោយបង្ក្រាបឃាត់ខ្លួនមេខ្យល់ បញ្ជូនទៅចាត់ការតាមច្បាប់ និងពលករ ត្រូវបានបញ្ជូនទៅដាក់មណ្ឌលធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ។
ឯកឧត្តម ខេង ស៊ុម បានផ្តាំផ្ញើ និងណែនាំដល់កងកម្លាំង ត្រូវតែបន្តអនុវត្តអោយបានតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាលនូវវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ ៣កាពារ ៣កុំ ដើម្បីបង្ការទប់ស្កាត់កូវីដ១៩ មិនអោយរាតត្បាតក្នុងសហគមន៍។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បាននាំយកអំណោយជូនដល់កងកម្លាំង ដែលកំពុងអនុវត្តការងារ រួមមាន៖ កម្លាំងយោធា កងរាជអាវុធហត្ថ និងនគរបាល ទទួលបានមាន មី ទឹកបរិសុទ្ធ និងទឹកក្រូច៕ ដោយ៖ ប៊ុន ធឿន







ចែករំលែកព័តមាននេះ