ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លើកទី៣ហើយ ទើបបែកការណ៍! ឧត្តមសេនីយ៍យោធា ផ្កាយ២ ស៊ុំ ពៅ ប្រើរថយន្តទំនើប ៤គ្រឿង និងឲ្យកូនចៅ បន្លំធ្វើជាទាហាន ដឹកចិន ២៨នាក់ ពីបាវិត ទៅភ្នំពេញ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ ឧត្តមសេនីយ៍យោធា ផ្កាយ២ ស៊ុំ ពៅ បានប្រើប្រាស់​ឡានទំនើប​ ៤គ្រឿង មានទាំងស្លាកលេខ ខេមរភូមិន្ទ ១គ្រឿងផង…

ខេត្តស្វាយរៀង៖ ឧត្តមសេនីយ៍យោធា ផ្កាយ២ ស៊ុំ ពៅ បានប្រើប្រាស់​ឡានទំនើប​ ៤គ្រឿង មានទាំងស្លាកលេខ ខេមរភូមិន្ទ ១គ្រឿងផង និងកូនទាហាន ៦នាក់ ដឹកចិន ២៨នាក់ ពីក្រុង​បាវិត ទៅរាជធានី​​ភ្នំពេញ។ ប៉ុន្តែ​សមត្ថកិច្ចចាប់ឃាត់ខ្លួនយោធា​ថ្នាក់ឧត្តមសេនីយ៍ទោនេះ ដែលជាមេក្លោង និងបក្សពួក ៦នាក់ រួមទាំងជនជាតិចិន ២៨នាក់ កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១​។

មន្ត្រីយោធាថ្នាក់ឧត្តមសេនីយ៍ទោនេះ បាន​បំពានបទបញ្ជារបស់រាជរដ្ឋាភិបាល ស្តីពី ការបិទ​ខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ មិនឲ្យធ្វើដំណើរចេញ-ចូលឆ្លងពីរាជធានីភ្នំពេញ ទៅខេត្ត​ទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺ​កូវីដ១៩។ ក៏ប៉ុន្តែលោកផ្កាយ២ និងបក្សពួកហានប្រឆាំងបទបញ្ជា លួចដឹកជនជាតិចិនចំនួន ២៨នាក់ ពីក្រុងបាវិត ខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ ប្រឆាំងបញ្ជារបស់សម្តេចតេជោ។

ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៣​និង០០នាទី ទៀបភ្លឺថ្ងៃទី២២មេសា២០២១ នៅខាង​មុខសណ្ឋាគារ TTP1 ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

ប្រភព​បន្ត​ថា មុនពេលកើតហេតុ សមត្ថកិច្ចដើរល្បាត បានប្រទះឃើញរថយន្តសង្ស័យ ចំនួន ៤គ្រឿង នៅខាងមុខ​សណ្ឋាគារ TTP1 ក្រុងបាវិត និងកំពុងនាំជនជាតិចិនឡើងចូល ក្នុងរថយន្ត សមត្ថកិច្ច​ក៏ឃាត់សាកសួរ ទើបបែកធ្លាយរឿង រត់ពន្ធដឹកចិន ទៅរាជធានីភ្នំពេញ ទើបចាប់ឃាត់ខ្លួនតែម្តង។

ក្រោយពីរសាកសួររួច ជនជាតិចិនទាំង ២៨នាក់ ត្រូវឲ្យធ្វើចត្តាឡីស័ក នៅសណ្ឋាគារខាងលើបណ្តោះអាសន្នសិន រង់ចាំយកសំណាកពិនិត្យ។ ចេញលទ្ធផល ទើបរកទីតាំងដាក់ជាក្រោយ​។

ប្រភពបន្តទៀតថា ជនជាមេខ្លោង ឈ្មោះ ស៊ុំ ពៅ មានឋានៈជាឧត្តមសេនីយ៍ទោ មានតួនាទីជាអនុប្រធានក្រុមការងារ​ស្រាវជ្រាវយុទ្ធសាស្ត្រយោធានៃអគ្គបញ្ជាការដ្ឋាន​កងយោធពលខេមរភូមិន្ទ នៃ​ក្រសួងការពារជាតិ។ ទី២,ឈ្មោះ ស៊ូ សុភា ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាមេខ្យល់ប្រមូលភ្ញៀវជនជាតិចិន ពីស្រុកស្វាយជ្រុំ ពីស្រុករមាសហែក មកដាក់ឲ្យស្នាក់នៅក្នុងសណ្ឋាគារ TTP1 ក្រុងបាវិត រួចឲ្យក្រុមលោកផ្កាយពីរ ដឹកពីក្រុងបាវិត ខេត្តស្វាយរៀង ទៅរាជធានីភ្នំពេញ និងដឹកពីរាជធានីភ្នំពេញ មកក្រុងបាវិត ខេត្តស្វាយរៀង។ នេះគឺជាលើកទី៣ ក៏ត្រូវសមត្ថកិច្ចបង្ក្រាបតែម្តង។ ចំណែក ៥នាក់ផ្សេងទៀត គឺមិនមែនជាមន្ត្រីយោធាទេ ពួកគេ គឺលោកផ្កាយ២ ឲ្យក្លែងភេទ ជាមន្ត្រីយោធា មានឋានន្តរស័ក្តិ ជួលឲ្យបើករថយន្តប៉ុណ្ណោះ។ នេះបើតាមចម្លើយសារភាពអ្នកទាំង ៥នាក់។

ក្រោយពីសាកសួរអស់រយៈពេល ១ថ្ងៃ វេលាម៉ោង ៦ និង ១០នាទីល្ងាច ជនសង្ស័យទាំង ០៧នាក់ ត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការតាមនីតិវិធី។

ប្រភពបានឲ្យដឹងថា ក្រុមជនសង្ស័យនេះ ធ្លាប់ធ្វើសកម្មភាព ០៣លើកមកហើយ។ នេះគឺជាលើកទី៣ ក៏​ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្តង។

សមត្ថកិច្ច បានបង្ហើបឲ្យដឹងថា ករណីនេះ គឺជនសង្ស័យដឹកជនជាតិចិន ២៨នាក់នេះ ពីសណ្ឋាគារ TTP1 ក្រុងបាវិត ទៅព្រលានយន្តហោះ ដើម្បីចេញទៅក្រៅប្រទេស។

សមត្ថកិច្ចបង្ហើបឲ្យដឹងទៀតថា ជនឈ្មោះ ស៊ុំពៅ ប្រើប្រាសើ​រថយន្តម៉ាក LEXUS 570 KURO ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2BL-8896។ ចំណែកមេខ្យល់ឈ្មោះ ស៊ូ សុភា បើកបររថយន្តម៉ាកតូយ៉ូតា ហាយហ្រីត ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2N-4801 និង ៤នាក់ទៀត គឺ​២នាក់ ប្រើរថយន្តហែមម៊័រសារ៉ែន ស្លាកលេខ ខេមរភូមិន្ទ 2-9170 និង ២នាក់ទៀត ប្រើរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2BK-0821។

ក្នុងករណីខាងលើនេះ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរ​ភូមិន្ទ បានបើកផ្លូវឲ្យសមត្ថកិច្ចខេត្ដស្វាយរៀង ចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ មិនលើកលែងឲ្យនោះឡើយ ចំពោះមន្ដ្រីយោធាផ្កាយពីរ ស៊ុំ ពៅ ដែល​មានតួនាទីជាអនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា នៃអគ្គបញ្ជាការ កងយោធពលខេមរភូមិន្ទនៃក្រសួងការពារជាតិ និងបានប្រើប្រាស់លិខិត​ឧទ្ទេសនា សម្រាប់បើកផ្លូវ​។

ចំណាត់ការរបស់អគ្គបញ្ជាការកងទ័ព គឺអនុវត្តតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅលើក្រុមមន្ដ្រីយោធា ប្រព្រឹត្តិបទល្មើស ក្នុងដំណាក់កាលបិទខ្ទប់ ដោយសារជំងឺកូវីដ នៅតាមរាជធានី-ខេត្តខាងលើនេះ ក្រោយពីលោកឧត្តមសេនីយ៍ផ្កាយពីរ ស៊ុំ ពៅ ត្រូវបានកម្លាំង​នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចាប់ខ្លួន កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ខណៈដែលបុគ្គលរូបនេះ និងបក្សពួក ធ្វើសកម្មភាពដឹកជនជាតិចិន ២៨នាក់ ចេញពីសណ្ឋាគារ ក្នុងក្រុងបាវិត បម្រុងទៅរាជធានីភ្នំពេញ។

យោងតាមសំឡេងរបស់នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលត្រូវបានគេចែកចាយតាមបណ្ដាញសង្គម បានបញ្ជាក់ថា «ចំពោះបុគ្គល ស៊ុំ ពៅ នេះ ធ្វើទៅតាមផ្លូវច្បាប់ទៅ។ ខ្ញុំមិនយោគយល់មិនអីទៀតទេ ព្រោះនេះមិនគោរពបទបញ្ជា ហើយអនុវត្តល្មើសច្បាប់បាត់ទៅហើយ។ អាហ្នឹងធ្វើទៅតាមហ្នឹងទៅ ធ្វើតាមផ្លូវច្បាប់ទៅ គ្មាននណាមួយទៅពាំងអ្នកបំពានបទបញ្ជារបស់សម្តេច ខ្ញុំអត់ទទួលទេ»។

បើតាមសមត្ថកិច្ច​ លោកឧត្តមសេនីយ៍ទោ ស៊ុំ ពៅ មាន​លិខិតបេសកកម្មមួយសន្លឹក ដែលចេញដោយឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ដ្រយោធា អនុញ្ញាត​ឲ្យធ្វើដំណើរតាមរាជធានី-ខេត្ត ចាប់ពីថ្ងៃទី០១ ខែមេសា រហូតដល់ថ្ងៃផុតកំណត់ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។

​ក្រោយហេតុការណ៍ចាប់ឧត្តមសេនីយ៍ទោ ស៊ុំ ពៅ រួចមក លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន បានបញ្ជា​ឲ្យលោក​​ឧត្តមសេនីយ៍ឯក មាស វណ្ណា ប្រមូល​លិខិត​ឧទ្ទេសនាម សម្រាប់​ធ្វើដំណើរ ក្នុងអំឡុងពេល​បិទខ្ទប់នេះ យកមកវិញទាំងអស់​។​ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលខេត្តកែប និងខេត្តកំពត ក៏បានបង្ក្រាបការរត់ពន្ធ នាំជនជាតិវៀតណាម ចំនួន ៧នាក់ ពីខេត្តព្រះសីហនុ ទៅ​វៀតណាមផងដែរ។ ក្នុងនោះ ជនជាតិខ្មែរចំនួន ៣នាក់ ក៏ត្រូវបានចាប់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់វិធានការតាមច្បាប់៕ ដោយ៖ វ៉ាន់ ប៊ុនធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ