ក្លិប Liverpool ត្រៀមតែងតាំងគ្រូបង្វឹកថ្មីវ័យ៤៨ឆ្នាំ គឺលោក Jurgen Klopp ខណៈការពិភាក្សាបានឈានដល់ការចុះកុងត្រារយៈពេល៣ឆ្នាំ ។ ការប្រកាសសមាសភាពគ្រូបង្វឹកថ្មីរបស់ក្លិប Liverpool ត្រូវបានធ្វើឡើងបន្ទាប់ពីគ្រូបង្វឹកចាស់លោក Brendam Rodgers ដឹកនាំក្លិបប្រកួតស្មើ ១-១ ជាមួយក្លិប Everton កាលពីថ្ងៃអាទិត្យកន្លងទៅ ធ្វើឱ្យម្ចាស់ក្លិបក៏ដូចជាអ្នកគាំទ្រផ្ទុះកំហឹងយ៉ាងខ្លាំង ។
អតីតគ្រូបង្វឹកក្លិប Dortmund លោក Klopp រូបនេះនិយាយថា លោករីករាយនឹងការដឹកនាំក្លិប ព្រោះវាជាចំណង់ចំណូលចិត្តរបស់លោកតាំងពីដើមរៀងមក ។ ទន្ទឹមគ្នានេះដែរ លោកKlopp ស្នើឱ្យក្លិប Liverpool ពិចារណាទទួលយកអតីតជំនួយការពីររូបបន្ថែមទៀតគឺលោក German Krawietz វ័យ៤៣ឆ្នាំ និងលោក Bosnian Buvac វ័យ៥៤ឆ្នាំ ។ ពួកគេទាំងពីរនាក់នេះគឺជាសមាជិកក្រុមការងាររបស់លោកកាលពីនៅដឹកនាំក្លិប Dortmund ។
លោក Brendam Rodgers វ័យ៤២ឆ្នាំបានដឹកនាំក្លិប Liverpool តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៥ ដោយបានជួយក្លិបស្ថិតនៅចំណាត់ថ្នាក់ទី២ក្នុងតារាងPremier League កាលពីរដូវកាល២០១៣-២០១៤ ។ ចំណែកលោក Klopp បានដឹកនាំក្លិប Dortmund តាំងពីឆ្នាំ២០០៨ដល់ឆ្នាំ២០១៥ ៕
ចែករំលែកព័តមាននេះ