រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ លោកហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា នៅពេលដែលប្រធានគណបក្សប្រឆាំងវាយប្រហារដល់ប្រព័ន្ធអប់រំនៅកម្ពុជានៅខ្សោយ គ្រូបង្រៀនខ្លះនៅខ្សោយនោះ មានគ្រូបង្រៀនមួយចំនួនបានលើកឡើងថា បើចង់ដឹងទាស់តែសាកប្រឡងទាំងអស់គ្នា ទើបដឹងថា អ្នកណាខ្សោយ អ្នកណាខ្លាំង ពិសេសប្រឡងជាភាសាខ្មែរ ។
លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ផ្តល់បទសម្ភាសន៍ខាងលើបែបនេះ បានធ្វើឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នាព្រឹកថ្ងៃទី០៧ តុលា ២០១៥ ។
លោករដ្ឋមន្ត្រីលើកឡើងបែបចំអកទៅលោកសម រង្ស៊ី ដោយបានបញ្ជាក់ថា «បើចង់ដឹងនោះ ឱ្យមានការប្រឡងជាភាសាខ្មែរ នោះនឹងដឹងថា អ្នកណាខ្លាំង និងអ្នកណាខ្សោយ ។ កន្លងមក មានអ្នកនយោបាយខ្លះរិះគន់ប្រព័ន្ធអប់រំខ្សោយ ប៉ុន្តែដល់ពេលប្រឡងគាត់ប្រឡងធ្លាក់ ហើយទៅវាយប្រហារទៀត ។ ដូច្នេះ ខ្ញុំយល់ឃើញថា វិស័យអប់រំទាមទារមានការចូលទាំងអស់គ្នា កុំបានតែថា។ខ្ញុំគិតថា ប្រសិនបើអ្នកនយោបាយមិនបានរៀនអក្សរសិល្ប៍ខ្មែរនោះទេ មិនច្បាស់ថា គាត់ប្រឡងជាប់នោះទេ» ។
ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រីលើកឡើង ដើម្បីកំណែទម្រង់ប្រព័ន្ធអប់រំនៅកម្ពុជានោះ រាជរដ្ឋាភិបាលកម្ពុជាបានខិតខំតំឡើងប្រាក់ខែគ្រូបង្រៀន ជាងនេះក្រសួងអប់រំក៏ខិតខំពង្រឹងសមត្ថភាពគ្រូបង្រៀនទូទាំងប្រទេស ។
គួរបញ្ជាក់ថា លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងនៅក្នុងពិធីប្រគល់វិញ្ញាបនបត្រដល់សិស្ស ដែលទើបបញ្ចប់វគ្គសិក្សាខ្លីនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដែលគ្រប់គ្រង ដោយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៤ តុលា កន្លងទៅថាប្រព័ន្ធអប់រំនៅស្រុកខ្មែរ និងមានភាពទន់ខ្សោយ ។
លោក សម រង្ស៊ី បានបញ្ជាក់ថា «សញ្ញាបត្រនៅស្រុកខ្មែរ ភាគច្រើនអត់មានតម្លៃ ប្រព័ន្ធអប់រំស្រុកយើង ទន់ខ្សោយជាទីបំផុត គណបក្សសង្គ្រោះជាតិនឹងចូលរៀបចំប្រទេសឡើងវិញ រៀបចំប្រព័ន្ធអប់រំឡើងវិញ កំណត់ទិសដៅធំៗ កែប្រែផ្លាស់ប្តូរ នឹងប្តូរច្រើនណាស់ ដើម្បីឱ្យក្មួយៗយុវជនមានអនាគត ឱ្យស្រុកយើងមានការលូតលាស់ មានសេដ្ឋកិច្ចរីកចម្រើនរុងរឿងពិតប្រាកដ» ៕
ចែករំលែកព័តមាននេះ