ខេត្តកំពង់ធំ ៖ លោកនាយឧត្តមសេនីយ៍ មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ។ ពិធីសំណេះសំណាលជាមួយអតីតយុទ្ធជន និងការបើកប្រាក់បេឡាមរណៈសង្គ្រោះជូនដល់គ្រួសារសពអតីតយុទ្ធជនចំនួន៥០នាក់ កាលពីព្រឹកថ្ងៃទី០៧ តុលា ២០១៥ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន៤លានរៀល និងអាវរងារ១ សរុបទឹកប្រាក់ចំនួន២០០លានរៀល។ ចំណែកសមាជិកអតីតយុទ្ធជនកម្ពុជា ដែលបានចូលរួមចំនួន២០០នាក់ ក្នុងម្នាក់ៗទទួលបាននូវថវិកាចំនួន៣ម៉ឺនរៀល ក្រម៉ា១ អាវរងារ១ និងអង្ករ២០គីឡូក្រាម ?
ថ្លែងក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ មាស សុភា មានប្រសាសន៍ថា សមាគមអតីតយុទ្ធជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយយករដ្ឋមន្ត្រីជាប្រធានសហគមន៍នោះ គឺមានសមាជិកសរុបចំនួនជាង៧ម៉ឺននាក់ទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយសម្តេចជានិច្ចជាកាលតែងតែគិតគូរដល់សុខទុក្ខរបស់បងប្អូនជាដរាប ហើយសម្តេចតែងតែរិះរកគ្រប់មធ្យោបាយ ដើម្បីតម្លើងប្រាក់ខែដល់មន្ត្រីរាជការ ។
ក្នុងនោះដែរសមាគមអតីតយុទ្ធជនកម្ពុជាក៏ឡើងប្រាក់ខែដូចគ្នាដែរ ហេតុដូច្នេះហើយសូមបងប្អូនកុំអស់សង្ឃឹម ត្រូវតែតស៊ូក្នុងជីវិត ចំណែកលោកឧត្តមសេនីយ៍ត្រី សោម ស៊ុន មេនបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវបានជាប់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ (ថ្មី) ក្នុងនោះមានលោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី ជូ សំអាន ស្នងការនគរបាលខេត្ត និងលោកអៀប ឈុនស្រៀង អនុប្រធានមន្ទីរសង្គមកិច្ច អ្នកទាំង៣ជាអនុប្រធាន និងអ្នកស្រី កែវ ចាន់ធូ ជាសមាជិក ៕






ចែករំលែកព័តមាននេះ