រាជធានីភ្នំពេញ ៖ បន្ទាប់ពីទំនាស់ខ្វែងគំនិតគ្នារវាងកីឡាករឡុង សុភី និងលោក នាង ស៊ីវត្ថា អ្នករៀបចំការប្រដាល់ប្រចាំស្ថានីយទូរទស្សន៍បាយ័នកាន់តែរីកធំ លោក ឡុង សាលវ័ន្ដ ដែលជាគ្រូបង្វឹក ឡុង សុភី ត្រូវគេមើលឃើញថានឹងរងឥទ្ធិពលជាងគេ ស្រួលមិនស្រួលអាចសិស្សរបស់លោកត្រូវគេដាក់សម្ពាធមិនឲ្យឡើងរេញញឹកញាប់ដូចមុននោះផង ។ លោកស្នើកុំឲ្យមានការដាក់សម្ពាធបែបនេះដោយសារតែ ឡុង សុភី ជាសិស្សរបស់លោកហើយលោកគាំទ្រគេព្រោះកុំឲ្យតម្លៃខ្លួនឡើងប្រកួតការពារខ្សែក្រវាត់របស់គេអាក្រក់មើលពេកប៉ុណ្ណោះ ។
មកទល់នឹងថ្ងៃនេះ មានការអះអាងថា មន្ត្រីសហព័ន្ធប្រដាល់បានដាក់កំហិតឲ្យគ្រប់ស្ថានីយទូរទស្សន៍ទាំងអស់ដាក់សំណើមកកាន់សហព័ន្ធ ប្រសិនបើចង់បានកីឡាករឡុង សុភី ឲ្យឡើងប្រដាល់នៅក្នុងស្ថាប័នរបស់ខ្លួន ។ វិធានការនេះត្រូវបានមន្ត្រីសហព័ន្ធប្រដាល់បន្លុយថា ដើម្បីការពារតម្លៃខ្លួនកីឡាករឡុង សុភី កុំឱ្យមានការទម្លាក់ថ្លៃ ប៉ុន្តែអ្នករៀបចំកម្មវិធីប្រដាល់ប្រចាំប៉ុស្តិ៍ទូរទស្សន៍បែរជាថា នោះជាវិធានការស្មុគស្មាញដែលរឹតបន្តឹងចំពោះការយកកីឡាកររូបនេះឲ្យឡើងប្រកួតទៅវិញ ។ ឡុង សុភី យល់ឃើញថា នេះជាការបិទផ្លូវប៉ុន្តែក៏មើលឃើញថា អាចជួយឲ្យខ្លួនទទួលបានតម្លៃ និងការចាប់អារម្មណ៍ល្អប្រសើរផងដែរ ប្រសិនបើសហព័ន្ធប្រកាសធ្វើក្នុងបំណងការពារមុខមាត់របស់ខ្លួនដែលជាកីឡាករម្នាក់ ។ កីឡាកររូបនេះនិយាយថា ៖ «ឥឡូវនេះខ្ញុំឮពីខាងប៉ុស្ដិ៍មួយចំនួនថា បើប៉ុស្ដិ៍ណាចង់បានខ្ញុំត្រូវស្នើទៅសហព័ន្ធដាច់ខាត ខ្ញុំមិនទាន់ដឹងថា តើនោះជាព័ត៌មានពិតឬយ៉ាងណាទេ ខ្ញុំកំពុងចាំមើល!»។ កោះសន្ដិភាពមិនទាន់ទទួលបានចម្លើយបំភ្លឺពាក់ព័ន្ធនឹងករណីនេះឡើយ ខណៈដែលមន្ត្រីពាក់ព័ន្ធបានអះអាងថា មិនទាន់មានការប្រជុំដើម្បីផ្សព្វផ្សាយវិធានការណាមួយពាក់ព័ន្ធនឹង ឡុង សុភី នោះទេ ។
លោក ឡុង សាលវ័ន្ដ ជាគ្រូបង្វឹកថ្លែងប្រាប់កោះសន្ដិភាពថា កូនសិស្សរបស់លោក (ឡុង សុភី) និងក្នុងនាមលោកជាប្រធានក្លិប បានដាក់លិខិតទៅកាន់លោក តែម ម៉ឺន និងមន្ត្រីសហព័ន្ធរួចហើយ ស្នើឲ្យមានអន្តរាគមន៍លើការដំឡើងតម្លៃខ្លួនកីឡាករឡុង សុភី ឲ្យដល់៥ពាន់ដុល្លារសម្រាប់ការឡើងប្រកួតការពារខ្សែក្រវាត់ដែលនឹងធ្វើឡើងនៅស្ដាតអូឡាំពិកខាងមុខ ។ ប៉ុន្តែដំណោះស្រាយនៅមិនទាន់លេចចេញលទ្ធផលនៅឡើយទេមកទល់នឹងថ្ងៃនេះ ។ យ៉ាងណាក៏ដោយ លោកថាដំណោះស្រាយដែលអាចទៅរួច គឺមានតែខាងទូរទស្សន៍បាយ័នដំឡើងតម្លៃខ្លួន ហើយ ឡុង សុភី ក៏បញ្ចុះជំហរឲ្យក្រោម៥ពាន់ដុល្លារដើម្បីស្វែងរកចំណុលកណ្ដាលមួយប៉ុណ្ណោះ ព្រោះតម្លៃ១ពាន់ក្នុងការការពារខ្សែក្រវាត់ គឺវាអន់ខ្លាំងណាស់សម្រាប់កីឡាករប្រដាល់ ។ លោកមានប្រសាសន៍ថា ៖ «យើងអត់មានដាក់កំហិតថាអត់ប្រកួតទេ គឺគ្រាន់តែទាមទារឲ្យមានការគិតគូរតម្លៃខ្លួនឡើងវិញប៉ុណ្ណោះ ។ ខ្ញុំសង្ឃឹមថា ការទាមទាររបស់សិស្សខ្ញុំ និងរូបខ្ញុំជាតំណាងក្លិប គឺមិនមែនទទួលមកវិញដោយការដាក់សម្ពាធដើម្បីក្ដិចត្រួយគ្នាឯងនោះទេ ព្រោះពួកខ្ញុំចង់ការពារភាពយុត្តិធម៌មួយប៉ុណ្ណោះ!» ។ លោកថា ការចេញមុខការពារសិស្សធ្វើឲ្យមានការយល់ឃើញជាច្រើនថាក្លិបប្រដាល់របស់ឡុងសាលវ័ន្ដទាំងមូល ក៏នឹងរងផលប៉ះពាល់ដូចគ្នាដោយសារតែការទាមទារ គឺមិនខុសពីបានបំបាក់មុខលោក នាង ស៊ីវត្ថា អ្នករៀបចំកម្មវិធីប្រដាល់នៅប៉ុស្ដិ៍បាយ័ន និងមន្ត្រីសហព័ន្ធប្រដាល់ដែលជាអ្នកគ្រប់គ្រងពីលើទេ។ ប៉ុន្តែលោកថា មិនខ្លាចនោះទេ ដោយសារតែការទាមទាររបស់ ឡុង សុភី និងរូបលោកផ្ទាល់គឺបានធ្វើឡើងក្នុងបំណងការពារផលប្រយោជន៍រួម និងដើម្បីឲ្យមានការលើកតម្លៃកីឡាករកម្ពុជាឡើងវិញប៉ុណ្ណោះ ។ លោកនិយាយថា ៖ «ខ្ញុំបំផុសឲ្យសិស្សធ្វើអញ្ចឹង ខ្ញុំអត់ខ្វល់ថាខាងបាយ័នឈប់ហៅសិស្សឡើងប្រកួត ឬខ្លាចដួលក្លិបព្រោះតែលែងមានការផ្គូផ្គងសិស្សទាំងមូលក្នុងក្លិបនោះទេ ខ្ញុំអត់ខ្លាច គឺនៅតែគាំទ្រ ឡុង សុភី ព្រោះខ្ញុំអត់មានថាមិនឲ្យសិស្សខ្លួនឯងអត់ប្រកួតឯណា គឺគ្រាន់តែជួយឲ្យមានការគិតគូរឡើងវិញពីតម្លៃឲ្យសមនឹងការប្រកួតការពារខ្សែក្រវាត់ប៉ុណ្ណោះ កុំចេះតែឲ្យៗគ្នាអាក្រក់មើលដល់ម្ល៉ឹង!» ។ លោកថា ក្នុងលិខិតស្នើសុំរបស់ ឡុង សុភី គឺលោកជាអ្នកជំរុញ ហើយបើទោះជាក្នុងពេលបន្តបន្ទាប់ លោក និងក្លិបទាំងមូលត្រូវបានគេរងរឿងតាមរយៈការបិទផ្លូវមិនឲ្យសិស្សក្នុងក្លិបបានចេញប្រកួតក៏ដោយ ក៏ការតវ៉ានៅតែគ្មានជំហរបង្ខំឲ្យ ឡុង សុភី ទទួលប្រកួតក្នុងតម្លៃ១ពាន់ដុល្លារវិញដែរ ។ លោកមានប្រសាសន៍ថា ៖ «ក្រោយពីមានរឿងហ្នឹង ខ្ញុំថាសិស្សរបស់ក្លិបខ្ញុំពិតជាពិបាកឡើងប៉ុស្ដិ៍បាយ័ន ហើយខ្ញុំមិនជឿថា ខាងសហព័ន្ធបែរជារឹតបន្តឹងមិនឲ្យក្លិបខ្ញុំឡើងប្រកួតដើម្បីគំរាមកំហែង ឬផ្គាប់ចិត្តលោក នាង ស៊ីវត្ថា ទេ ព្រោះអ្វីដែលខ្ញុំធ្វើដើម្បីផលប្រយោជន៍រួមនៅក្នុងពិភពប្រដាល់ប៉ុណ្ណោះ» ។ លោកថាទាល់តែជីវភាពកីឡាករទទួលបានកម្រៃសមរម្យទើបសន្ទុះនៃការប្រដាល់មាននិរន្តរភាពបានយូរអង្វែង គឺមិនមែនមានបានតែអ្នករៀបចំ និងមន្ត្រីថ្នាក់លើ ហើយកីឡាកររកអង្ករច្រកឆ្នាំងអត់បាន ហើយអាចធ្វើឲ្យវិស័យកីឡាទៅមុខកើតនោះទេ ។ លោកថាអត់ខ្វល់រឿងប៉ុស្ដិ៍បាយ័នបិទច្រកទីផ្សារនោះទេ ដោយសារតែភាពជាក់ស្ដែងគឺមានឡុង សុភី និង បឺត ខាំ ដែលមានឈ្មោះល្បីប្រចាំក្លិបប៉ុណ្ណោះទទួលបានឱកាសឲ្យឡើងប្រកួត ចំណែកកីឡាករផ្សេង គឺប៉ុស្ដិ៍បាយ័នមិនដែលសហការជួយផ្គូផ្គងទេ ។ លោកសង្ឃឹមថាប៉ុស្ដិ៍បាយ័ន និងមន្ត្រីសហព័ន្ធប្រដាល់នឹងធ្វើការសម្រុះសម្រួលដើម្បីផ្ដល់លទ្ធភាពឲ្យ ឡុង សុភី បានឡើងប្រកួតការពារខ្សែក្រវាត់នៅថ្ងៃទី៨ វិច្ឆិកាខាងមុខ ដើម្បីលើកទឹកចិត្តចំពោះកីឡាករម្នាក់ឲ្យទទួលបានយុត្តិធម៌ ដោយមិនមែនចេញមុខទាមទារនូវអ្វីមិនសមស្រប ហើយក៏ត្រូវគេក្ដិចត្រួយដូចជាការដាក់សម្ពាធទេ ។
តបនឹងការទទូចសុំរបស់ ឡុង សុភី និងគ្រូបង្វឹក លោក នាង ស៊ីវត្ថា បានបញ្ជាក់ប្រាប់កោះសន្ដិភាពថា មិនមានគម្រោងដំឡើងតម្លៃខ្លួនឲ្យ ឡុង សុភី តាមការទាមទារនោះទេ ដោយលោកសុខចិត្តផ្លាស់ប្ដូរគូប្រកួតជាជាងដាក់ ឡុង សុភី ឲ្យប្រកួតនាំឲ្យមានបញ្ហាល្អក់ចិត្ត ។ លោកថានឹងចាត់ទុកខ្សែក្រវាត់របស់ ឡុង សុភី ដូចបោះចោលបន្ទាប់ពីឡុង សុភី ធ្វើឲ្យលោកឈឺក្បាលព្រោះតែរឿងតវ៉ាដ៏ក្ដៅគគុកធ្វើឲ្យផ្អើលនេះ ។ លោកនិយាយថា ៖ «បើខាងគាត់មកកំណត់តម្លៃអញ្ចឹង ខ្ញុំមានតែទម្លាក់ទាបជាងហ្នឹងទៀត អត់មានដំឡើងអីទេ ហើយចង់គាត់ឡើងប្រកួតឬមិនប្រកួតជាសិទ្ធិរបស់គាត់ ! បើចេះតែធ្វើតាមចិត្តគាត់ចង់ ថ្ងៃក្រោយមិនបាច់រៀបចំការប្រដាល់អីកើតទេ ប្រាកដជាចេះតែមានការតវ៉ាអញ្ចឹងមិនចេះចប់ ! ខ្ញុំសុខចិត្តដូរចោល អត់ខ្វះទេអ្នកប្រកួតជំនួសឡុង សុភី នៅថ្ងៃហ្នឹង!» ។
កីឡាករឡុង សុភី និយាយថា បើមានការសម្រុះសម្រួលពីខាងសហព័ន្ធនោះលោកនឹងឡើងប្រដាល់ដោយមិនមែនដាច់អហង្កា លុះត្រាតែបាន៥ពាន់ដុល្លារដូចការទាមទារនោះទេ ។ លោកប្រកាសអត់ខ្វល់រឿងប៉ុស្ដិ៍បាយ័នលុបការប្រកួតខ្លួនចោល ឬធីបទីផ្សារលោកចោលនោះទេ ។ ទោះជាយ៉ាងណា លោកថានឹងឃ្លាំមើលចំណាត់ការរបស់សហព័ន្ធដើម្បីឲ្យប្រាកដថានឹងបិទទីផ្សាររបស់លោកនៅប៉ុស្ដិ៍តម្រូវចិត្តអ្នករៀបចំកម្មវិធី ឬជ្រោមជ្រែងដើម្បីឲ្យកីឡាករគ្រប់គ្នាមានកម្លាំងចិត្តនៅក្នុងអាជីពជាអ្នកប្រដាល់ ?


ចែករំលែកព័តមាននេះ