រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ទៅបុកពីក្រោយម៉ូតូបណ្តាលឱ្យអ្នកបើកម៉ូតូដួលរងរបួសធ្ងន់ កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០៦ តុលា ២០១៥ នៅចំណុចកើតហេតុក្បែរស្ពានអាកាស៧មករា ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីម125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BH-1911 ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ មិនចាំស្លាកលេខ បើកបរដោយបុរសម្នាក់ទិសដៅស្របគ្នាក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូត ជាន់ហ្វ្រាំងមិនទាន់ក៏ជ្រុលទៅបុកពីក្រោយម៉ូតូពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ដែលកំពុងតែជិះម៉ូតូដួលបោកទៅនឹងថ្នល់សន្លប់ប្រមាណជា៣០នាទីទើបដឹងខ្លួនឡើងវិញ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូត្រូវសមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋានខណ្ឌទួលគោក រង់ចាំក្រុមគ្រួសាររបស់ជនរងគ្រោះមកទទួលយក៕


ចែករំលែកព័តមាននេះ