ខេត្តត្បូងឃ្មុំ ៖ ក្មេងទំនើងមានគ្នា៣នាក់ បានព្រួតគ្នាវាយទាត់ធាក់ និងកាប់ទៅលើអ្នកលក់បុកល្ហុងម្នាក់ឈ្មោះ ធី ស៊ីរ៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៦ តុលា ២០១៥ នៅលើកំណាត់ផ្លូវលំមួយ ស្ថិតនៅក្នុងភូមិឈូកសណ្តល់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ បុរសរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាមទាំងយប់ ។
លោកវរសេនីយ៏ត្រី ឡុង សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ក្រោយពីជិះម៉ូតូកង់បីដើរលក់ល្ហុងបុកតាមភូមិនានារួចមក អ្នករងគ្រោះបានធ្វើដំណើរត្រឡប់មកផ្ទះវិញនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ មិនទាន់នឹងដល់ផ្ទះផង ស្រាប់តែក្មេងទំនើង៣នាក់មិនស្គាត់អត្តសញ្ញាណមកស្ទាក់វាយយ៉ាងចាស់ដៃបណ្តាលឲ្យរងរបួសធ្ងន់ ។
លោកអធិការរងនគរបាលស្រុក បានបន្តថា ក្រោយពីបានវាយនិងកាប់លើបុរសរងគ្រោះរួចហើយ ក្រុមបង្កបាននាំគ្នារត់គេចខ្លួនបាត់អស់ បន្ទាប់មកអ្នកភូមិក្បែរនោះចេញមកឃើញហេតុការណ៍នេះ ក៏ប្រញាប់រាយការណ៍ទៅលោកនាយនគរបាលប៉ុស្ត៏រដ្ឋបាលឃុំរកាពប្រាំ ។ ដោយបានដឹកនាំកម្លាំងចុះមកកាន់កន្លែងកើតហេតុ ហើយបានហៅរថយន្តមកដឹកអ្នករងគ្រោះរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។
ជុំវិញករណីនេះ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកបានចុះទៅស្រាវជ្រាវដោយបានសួរនាំសាក្សីរហូតមកដល់ព្រឹកថ្ងៃទី៧ តុលា ទើបស្គាល់អត្តសញ្ញាណក្រុមជនដៃដល់ ដែលកាប់ប្រហារលើបុរសអ្នកលក់បុកល្ហុង ត្រូវចំ២កាំបិត គឺដៃនិងក្បាល របួសធ្ងន់ឈាមហូរស្រោចពេញខ្លួនតែម្តង ។
លោកវរសេនីយ៏ត្រី បានបញ្ជាក់ថា ជាមួយនឹងហេតុការណ៏ខាងលើនេះ ត្រូវបានលោកឧត្តមសេនីយ៏ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត ចាត់ឲ្យកម្លាំងជំនាញស្រុកតាមប្រមាញ់ចាប់ខ្លួនជនដៃដល់ទាំង៣នាក់នោះ ។ ទោះបីជាយ៉ាងណាក្តី សមត្ថកិច្ចបានរៀបចំអន្ទាក់បណ្តាក់ដូចខ្យង ដើម្បីតាមប្រមាញ់ក្រុមជនទាំងនោះឲ្យទាល់តែបាន ដើម្បីនាំខ្លួនមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ