ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលបង្កឱ្យមានការកកស្ទះចរាចរណ៍ជាង២ម៉ោង ដោយសារតែមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដេញស្ទាក់ចាប់រថយន្តឡង់គ្រីស្ស័រទំនើបមួយគ្រឿងពេញក្រុងកំពង់ឆ្នាំង ទីបំផុតមកចាប់ជាប់នៅគល់ស្ពានខ្សាម ស្ថិតក្នុងភូមិទី១ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលជាកន្លែងបង្កឱ្យមានការស្ទះចរាចរណ៍ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៦ តុលា ២០១៥ ។
មុនពេលកើតហេតុ គេឃើញរថយន្តរបស់មន្ត្រីកងរាជអាវុធហត្ថខេត្តជាច្រើនគ្រឿង បានដេញចាប់រថយន្ត ម៉ាកឡង់គ្រីស្ស័រទំនើបមួយគ្រឿង ពណ័ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2P.6444 ពីចំណុចជិតស្ថានីយប្រេងឥន្ធនៈកាល់តិចចួលមកទីរួមខេត្តកំពង់ឆ្នាំង ហើយគេចចុះឡើងពេញក្រុង បន្ទាប់មកទើបស្ទាក់ចាប់បាននៅគល់ស្ពានខ្សាម ដោយមានរថយន្តមន្ត្រីកងរាជអាវុធហត្ថស្ទាក់ពីមុខបិទគូទពីក្រោយ និងបិទពីជាប់ពីចំហៀងឆ្វេងរថយន្តដែលមានជនត្រូវចាប់ខ្លួនជិះនៅក្នុងនោះ ប្រៀបបីដូចជាកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសឆក់ប្លន់ទ្រង់ទ្រាយធំដែរ តែធាតុពិត គឺចាប់តាមដីកាប៉ុណ្ណោះ ហើយអ្វីដែលរិតតែហួសចិត្តទៀតនោះ ពេលចាប់បានដល់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តបានតែជាង១ម៉ោងប៉ុណ្ណោះ គឺបានដោះលែងវិញ បន្ទាប់ពីជនដែលត្រូវចាប់ខ្លួន ទើបបង្ហាញដីកាបញ្ឈប់ឱ្យចាប់ខ្លួន ដែលចេញដោយចៅក្រមដដែល ។
ជុំវិញករណីដេញចាប់មនុស្សបង្កឱ្យមានការកកស្ទះចរាចរណ៍ និងផ្អើលមួយចំហៀងក្រុងកំពង់ឆ្នាំងនេះ ត្រូវបានមន្ត្រីកងរាជអាវុធខេត្តម្នាក់ប្រាប់ឱ្យដឹងថា គឺចាប់តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៣០/១១ ចុះថ្ងៃទី០៥ មេសា ២០១១ របស់លោក ទី សំណាង ប្រធានក្រុមប្រឹក្សាជំនុំជំរះ នៃសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលបង្គាប់ឱ្យចាប់ខ្លួន ឈ្មោះ ឃាម បញ្ញា អាយុ២១ឆ្នាំ មានមុខរបរជាងជួសជុលទូរស័ព្ទ មានទីលំនៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ឱ្យដាក់ពន្ឋនាគាររយៈពេល៣ឆ្នាំ «ពីបទលួច» ដែលបានប្រព្រឹត្តឡើង នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី ២១ កញ្ញា ២០១០ តាមមាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌ និងបានបង្គាប់ឱ្យចាប់ខ្លួនជននេះ ។
ទោះយ៉ាងណាក៏ដោយ ក្រោយការនាំមកដល់ទីបញ្ជាការដ្ឋានបានជាង១ម៉ោងក្រោយមក ជនត្រូវចាប់ខ្លួនត្រូវបានដោះលែងវិញ បន្ទាប់ពីយកដីកាបញ្ឈប់ឱ្យចាប់ខ្លួន លេខ៥៨/១១ ចុះថ្ងៃទី(រលុបមើលមិនឃើញ) មិថុនា ២០១១ របស់លោក ទី សំណាង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្ត៕









ចែករំលែកព័តមាននេះ