រាជធានីភ្នំពេញ ៖ ដោយមើលឃើញការបង្កើតបណ្តាញពាណិជ្ជកម្មអាចជួយឲ្យអាជីវករឬពាណិជ្ជករមានភាពរីកចម្រើននៅក្នុងការធ្វើពាណិជ្ជកម្ម បណ្តាញពាណិជ្ជករមកពីប្រទេសចំនួន៤បានជួបជុំសមាជិករបស់ខ្លួនជាថ្មី ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងឲ្យកាន់តែរឹងមាំនៅក្នុងការធ្វើជំនួញពាណិជ្ជកម្ម ។
លោក Hongfei Liu នាយកប្រតិបត្តិក្រុមហ៊ុន Khmernavi មានប្រសាសន៍ថាបណ្តាញពាណិជ្ជកម្មរ៤ប្រទេសដូចជាកូរ៉េ ចិន ជប៉ុន និងកម្ពុជា បានបង្កើតឲ្យមានការជួបជុំគ្នាដើម្បីពង្រឹងបណ្តាញទំនាក់ទំនងនៅក្នុងការធ្វើពាណិជ្ជកម្ម ។ លោកមានប្រសាសន៍ថា ៖ « ព្រឹត្តិការណ៍នេះមិនត្រឹមតែផ្តល់ឱកាសដល់ពាណិជ្ជករទាំង៤ប្រទេសបានស្គាល់គ្នាកាន់តែច្បាស់ប៉ុណ្ណោះទេ តែយើងថែមទាំងបានបញ្ជ្រាបការយល់ដឹងខាងផ្នែកវប្បធម៌រវាងប្រទេសទាំងនេះផងដែរ ធ្វើយ៉ាងណាឲ្យសមាជិកទាំងអស់មានការំពឹងខ្ពស់ទៅលើបណ្តាញទំនាក់ទំនងពាណិជ្ជកម្ម »។
លោក ព្រហ្ម ប៉ូលីម ប្រធានដឹកនាំផ្នែកធុរកិច្ចនៃសមាគមអ្នកសាងសង់កម្ពុជា បានឲ្យដឹងថា ចំពោះកម្មវិធី (KJCC) កូរ៉េ ជប៉ុន ចិន និងកម្ពុជានេះ បានជួយបណ្តុះនៃការទំនាក់ទំនងរវាងអាជីវករ ពាណិជ្ជករ នៅក្នុងប្រទេសទាំង៤ឲ្យកាន់តែកាន់មានភាពរីកចម្រើន តួយ៉ាងកន្លងមក លោកបានចូលរួមក្នុងកម្មវិធីបែបនេះច្រើនដងជាមួយស្ថាប័នផ្សេងៗ ហើយឃើញថា រាល់ការទំនាក់ទំនងបានធ្វើឲ្យខាងសមាគមរបស់ខ្លួនទទួលបានសមាជិក និងការចូលរួមនៅក្នុងសមាគមកើនឡើង ។
លោកមានប្រសាសន៍យ៉ាងដូច្នេះថា ៖« ការបង្កើតនូវបណ្តាញពាណិជ្ជកម្មនេះបានចូលរួមជួយជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យមានការកើនឡើង ហើយនៅពេលសហគមន៍សេដ្ឋកិច្ចអាស៊ានចូលមកដល់ កម្ពុជានឹងទទួលបាននូវឱកាសច្រើនក្នុងការរកស៊ីបន្ថែមទៀត ផ្អែកលើប្រទេសកម្ពុជាស្ថិតនៅចំកណ្តាលនៃបណ្តាប្រទេសអាស៊ាន។ ស្របពេលសព្វថ្ងៃនេះផងដែរ ប្រទេសកម្ពុជាកំពុងទទួលបានអ្នកវិនិយោគិនចិន កូរ៉េនិងជប៉ុនមានចំនួនច្រើន ហើយរាល់ទំហំវិនិយោគនៃវិនិយោគិនប្រទេសទាំងនោះ បានជំរុញឲ្យកំណើនសេដ្ឋកិច្ចកម្ពុជាមានការកើនឡើង »។
លោកស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យមានប្រសាសន៍ថា នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ការបង្កើតបណ្តាញទំនាក់ទំនងក្នុងការធ្វើពាណិជ្ជកម្មនៅកម្ពុជាមានចំនួនច្រើនគួឲ្យកត់សម្គាល់ តួយ៉ាងដូចជា សហព័ន្ធស្រូវអង្ករកម្ពុជា សមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា ជាដើម ។ លោកបានបញ្ជាក់ថា ៖ « រាល់សមាជិកដែលចូលរួមនៅក្នុងបណ្តាញពាណិជ្ជកម្មនេះ ពួកគាត់ទទួលបាននូវអត្ថប្រយោជន៍ដូចជា ការចែករំលែកចំណេះដឹង គោលនយោបាយ ការតស៊ូមតិ ការចរចាពហុជំនាញ ជំនួយការផ្នែកបច្ចេកទេស សម្ភារ និងបច្ចេកវិទ្យា ការគ្រប់គ្រងបែបស្តង់ដា អភិបាលកិច្ច និងការអនុវត្តប្រកបដោយគុណភាព។ ដោយឡែកសម្រាប់ពាណិជ្ជករផ្សេងទៀតដែលមិនបានចូលរួមនៅក្នុងបណ្តាញពាណិជ្ជកម្មនេះ ពួកគាត់នឹងមិនបានទទួលប្រយោជន៍ដូចបានបញ្ជាក់ខាងលើទេ » ។
លោកបន្តទៀត ការបង្កើតឡើងនៅបណ្តាញពាណិជ្ជកម្មនៅក្នុងប្រទេសនីមួយៗ វាបានផ្តល់នូវផលចំណេញមកដល់សង្គម និងប្រទេសជាតិដូចជា បង្កើនការលូតលាស់ និងការអភិវឌ្ឍអាជីវកម្មរបស់ពលរដ្ឋ និងបានបង្កើតការងារដល់ប្រជាពលរដ្ឋ និងបានជំរុញនូវកំណើតសេដ្ឋកិច្ចជាតិឲ្យរីកចម្រើន ។
បើយោងតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទុនវិនិយោគសរុបពីឆ្នាំ២០១១រហូតមកដល់ខែមិថុនាឆ្នាំ២០១៥នេះ មានប្រមាណ២០,៩៤ប៊ីលានដុល្លារ ក្នុងនោះ
ការវិនិយោគលើវិស័យឧស្សាហកម្មមានចំនួន៣៤ភាគរយ វិស័យហេដ្ឋារចនាសម្ព័ន្ធមានចំនួន៤១ ភាគរយ វិស័យកសិកម្មមានចំនួន១៥ភាគរយ និងវិស័យទេសចរណ៍មានចំនួន១០ភាគរយ ។
របាយការណ៍ដដែលបានបង្ហាញទៀតថា ចាប់ពីខែមករា ដល់ខែមិថុនាឆ្នាំ២០១៥នេះ ការវិនិយោគសរុបមានប្រមាណជា ៣,៣ប៊ីលានដុល្លារអាមេរិក ក្នុងនោះប្រទេសកម្ពុជាមានទំហំវិនិយោគប្រមាណ៨៨,៦៣ភាគរយ ចិនមាន៧,៦៥ភាគរយ វៀតណាមមាន០,៨៦ ជប៉ុនមាន០,៧៧ភាគរយ ចក្រភពអង់គ្លេសមាន០,៥៤ភាគរយ ម៉ាឡេស៊ីមានចំនួន០,៥៣ភាគរយ ថៃមាន០,៥២ភាគរយ កាណាដាមាន០,២៧ភាគរយ កូរ៉េមាន០,១៣ភាគរយ និងសង្ហិបុរីមាន០,០៦ភាគរយ ។ រីឯការវិនិយោគផ្សេងៗមាន០,០៤ភាគរយ ។
រីឯការវិនិយោគពីជប៉ុនក្នុងរយៈពេល៨ខែឆ្នាំ២០១៥នេះ មានទុនវិនិយោគប្រមាណជា៦៧៩.១៤៦.១១៤លានដុល្លារអាមេរិក ក្នុងនោះគម្រោងសរុបចំនួន១០៦គម្រោង ដោយ៦៧គម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និង៣៩គម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ៕
ចែករំលែកព័តមាននេះ