រាជធានីភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចកម្ពុជា បើទោះបីជាឆ្នាំនេះ ត្រូវបានធនាគារពិភពលោកព្យាករមានការធ្លាក់ចុះបន្ដិចក្តី ប៉ុន្តែសេដ្ឋកិច្ចកម្ពុជានៅតែមានភាពរឹងមាំដដែល ។ ទន្ទឹមនឹងនេះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះមានការកត់សម្គាល់ថា ពលរដ្ឋខ្មែរ ជាពិសេសអ្នករស់នៅទីប្រជុំជន និងក្នុងរាជធានី ហាក់ដូចជាផ្លាស់ប្ដូរបរិបទនៃការរស់នៅច្រើន ដែលអាចឆ្លុះបញ្ចាំងតាមរយៈការប្រើប្រាស់ផលិតផលម៉ាកល្បីៗ ទំនើបៗដែលនាំចូលពីបរទេស ពិសេសនៅពេលមានកម្មវិធីពិព័រណ៍អន្តរជាតិ និងកម្មវិធីប្រមូសិនបញ្ចុះតម្លៃម្ដងៗ ។ ជាក់ស្តែងកម្មវិធីតាំងពិព័រណ៍ផលិតផលម៉ាកល្បីៗដែលមានបញ្ចុះតម្លៃពិសេស ចាប់ពី៥០%ទៅ៨០% ធ្វើឲ្យប្រជាជនខ្មែរប្រមាណជា១ម៉ឺននាក់ ពិសេសយុវវ័យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដែលបានរៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ ។
ទំនិញបញ្ចុះតម្លៃម៉ាកល្បីៗទាំងនេះ ដូចជា Adidas, Pedro, Charles & Keith, Lily, U.R.S & inc ត្រូវបានដាក់បង្ហាញ និងលក់យ៉ាងច្រើនពាលពេញក្នុងសាលពិព័រណ៍ និងមានមនុស្សម្នាដើរចេញចូលឥតឈប់ឈរ ចាប់តាំងពីថ្ងៃទី២រហូតដល់ថ្ងៃទី៤ ខែតុលា ដែលបានរៀបចំឡើងដោយក្រុមហ៊ុនម៉ីងវួយ គ្រុប ខូអិលធីឌី ។
ការតាំងពិព័រណ៍នេះ ចាប់ផ្តើមបើកស្វាគមន៍អតិថិជនចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៩យប់ជារៀងរាល់ថ្ងៃ ក្នុងរយៈពេលបីថ្ងៃ ។ ទន្ទឹមនឹងនេះ ដោយសារតែប្រជាជនទទួលបានព័ត៌មានទាក់ទងនឹងការពិព័រណ៍នេះគ្រប់គ្រាន់ ធ្វើឲ្យមានអ្នកគ្រាំទ្រផលិតផលម៉ាកដែលនាំចូលពីបរទេស មានការផុលផុសចូលរួមយ៉ាងច្រើន ជាហេតុធ្វើកម្មវិធីនេះត្រូវបានបញ្ឈប់មុនម៉ោងកំណត់ នៅថ្ងៃទី១នៃការតាំងពិព័រណ៍នេះ ។
ការគាំទ្រ និងទិញយ៉ាងគំហុករបស់អ្នកអតិ ថិជន បានធ្វើឲ្យក្រុមអ្នករៀបចំកម្មវិធីបានសម្រេចចិត្តពន្យារដំណើរការកម្មវិធីចំនួនពីរថ្ងៃ ថែមទៀត គឺនៅថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែ តុលា ។
លោកស្រី ឃួន ដាវី អ្នកគ្រប់គ្រងទីផ្សារ នៃក្រុមហ៊ុនម៉ីងវួយ គ្រុប ខូអិលធីឌី បានមានប្រសាសន៍ថា ៖ «គម្រោងរបស់យើងតាមការពិតទៅ ធ្វើឡើងតែ៣ថ្ងៃទេ ប៉ុន្តែដោយសារមានការគាំទ្រពីអតិថិជនច្រើន អីុចឹងយើងក៏មានការពន្យារពេលបន្ថែមពីរថ្ងៃទៀត ព្រោះមានអតិថិជនខ្លះ គាត់អត់ទាន់បានទិញទេ នៅ៣ថ្ងៃដំបូង » ។
លោកស្រីបានឲ្យដឹងដែរថា ការបិទការតាំងពិព័រណ៍នៅថ្ងៃដំបូង ដោយហេតុថាមានអតិថិនជាច្រើនដែលលើសពីចំនួនកំណត់ និងលើសពីការរំពឹងទុក ធ្វើឲ្យមានការផ្អាកការតាំងពិព័រណ៍ជាបណ្តោះអាសន្នសិន និងបានបន្តនៅថ្ងៃបន្ទាប់ ។
លោកស្រីបានបន្ថែមថា ៖ « ក្នុងមួយថ្ងៃៗយើងទទួលបានអតិថិជនប្រហាក់ប្រហែលជាង២០០០នាក់ ដូច្នេះយើងអាចរាប់ឃើញថា មានភ្ញៀងអញ្ជើញមកសរុបប្រមាណជា២ម៉ឺននាក់ ក្នុងរយៈពេលប្រាំថ្ងៃនេះ » ។
ស្ថិតក្នុងសម្លៀកបំពាក់ស៊ីវិល័យ ព្រមទាំងទឹកមុខស្រស់ស្រាយ ក្នុងដៃមានកាន់អីវ៉ាន់ពេញមួយថង់ធំ ស្ត្រីវ័យកណ្តាលម្នាក់បានឲ្យដឹងថា គាត់មកទីនេះជាលើកដំបូង និងជាថ្ងៃចុងក្រោយនៃកម្មវិធីពិព័រណ៍ ហើយបានទិញទំនិញដែលមានគុណភាពខ្ពស់ដែលស្ថិតក្នុងតម្លៃពិសេស ដោយសារទើបតែទទួលបានដំណឹងលើការបញ្ចុះតម្លៃកាលពីថ្ងៃទី៥ ខែតុលា ។
អ្នកស្រី រស់ សុរិយា ជាមេផ្ទះ បានមានប្រសាសន៍ថា ៖ « ថ្ងៃនេះខ្ញុំទិញសុទ្ធតែស្បែកជើងកីឡា Adidas ចំនួនបួនគូរសម្រាប់កូនៗខ្ញុំពាក់ទៅសាលា តែនៅមិនទាន់រកឃើញរបស់សម្រាប់ខ្លួននៅឡើយ ។ ស្បែកជើងទាំងអស់ហ្នឹង ចំណាយអស់សរុបប្រហែល២៤០ដុល្លារ ប៉ុន្តែខ្ញុំគិតថាវាមិនថ្លៃទេ ព្រោះវាត្រូវបានបញ្ចុះតម្លៃច្រើនរួចហើយ ។ បើយើងគិតពីតម្លៃពេញវិញ ស្បែកជើងបួនគូរនេះ សឹងមិនស្មើនឹងតម្លៃដើម១គូផង » ។
បើយោងតាមរបាយការណ៍របស់ធនាគារពិភពលោកដែលបានចេញផ្សាយកាលពីថ្ងៃទី៥ តុលា កន្លងមកបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថយចុះបន្តិចនៅត្រឹម៦,៩ភាគរយក្នុងឆ្នាំ២០១៥ ពី៧,១ភាគរយនៅឆ្នាំ២០១៤។ ទោះបីយ៉ាងណា កម្លាំងសេដ្ឋកិច្ចកម្ពុជានៅតែខ្លាំងក្លា និងរឹងមាំ ដែលជាហេតុផលបង្ហាញពីជីវភាពកាន់តែប្រសើររបស់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ន ។
ដោយឡែក យុវជនម្នាក់ក្នុងចំណោមអតិថិជនរាប់រយនាក់ដែលកំពុងដើរទិញទំនិញបញ្ចុះតម្លៃបានបង្ហាញចំណាប់អារម្មណ៍ថា ទំហំសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាស្ថិតនៅក្នុងដំណាក់កាលមួយដែលប្រជាពលរដ្ឋនៅមិនទាន់គួរប្រើប្រាស់ផលិតផលម៉ាកល្បីនៅឡើយទេ ដោយសារតែប្រទេសកម្ពុជាមានអតិផរណាពី ៣%ទៅ៤% កើតឡើងជារៀងរាល់ឆ្នាំ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋប្រឈមនឹងអនិភ័យលើផ្នែកហិរញ្ញវត្ថុ ។
លោក ញ៉ៅ អេងគៀម ជានិស្សិតឆ្នាំទី៥ ផ្នែកសំណង់ស៊ីវិល នៃសាកវិទ្យាល័យន័រតុន បាននិយាយថា ៖ « កាលណាមានអតិផរណា ធ្វើឲ្យទំនិញលើទីផ្សារមានការកើនឡើង តែប្រាក់ចំណូលរបស់ប្រជាជននៅមានកម្រិតទាប ព្រោះយើងមើលឃើញថា ប្រាក់ចំណូលជាធម្យមរបស់គាត់ចំនួនប្រហែលជា១៥០ដុល្លារសោះ ។ អីុចឹង បើយើងចំណាយលើរបស់ម៉ាកល្បីៗនោះ វាត្រូវចំណាយច្រើន ដូច្នេះប្រាក់ដែលនៅសល់នោះ នឹងមិនអាចទប់ទល់នឹងជីវភាពរស់នៅបានទេ ហើយនេះនៅមិនទាន់គិតដល់កត្តាសុខភាពផង។ ប៉ុន្តែខ្ញុំគិតថា អ្នករស់នៅក្នុងក្រុងភ្នំពេញ ឬអ្នកដែលអាចរកប្រាក់ចំណូលបានចាប់ពី១៥០០ ទៅ២០០០ដុល្លារនោះ គាត់អាចមានលទ្ធភាពក្នុងការប្រើប្រាស់ផលិតផលម៉ាកបាន » ។
បើតាមសម្តីអ្នកគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុន ម៉ីងវួយ គ្រុប ខូអិលធីឌី បានឲ្យដឹងថា មានអតិថិជនក្នុងលំដាប់កណ្តាលប្រមាណ៦០ភាគរយ ដែលក្នុងនោះភាគច្រើនជាបុគ្គលិកការិយាល័យ និងថ្នាក់ខ្ពស់ និងថ្នាក់ទាប ប្រមាណ៤០ភាគរយ បានអញ្ជើញមកមើល និងទិញផលិតផលក្នុងពិព័រណ៍រយៈពេល៥ថ្ងៃនេះ ។
លោក ស្រី ចន្ធី អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ មានប្រសាសន៍ថា ៖ « នៅពេលដែលយើងព្យាយាមប្រមើលទុកជាមុននូវស្ថានភាពនាពេលអនាគត នោះយើងនឹងដើរទៅកាន់ភាពមិនប្រកដប្រជា ។ ប៉ុន្តែយើងរំពឹងទុកថា សេដ្ឋកិច្ចកម្ពុជានឹងរីកចម្រើនឡើងខ្លាំង(ពី៦,០ភាគរយ ទៅ៧,០ភាគរយក្នុងមួយឆ្នាំ) ហើយវានឹងរាប់ទុកថា ប្រជាជនខ្មែរនឹងមានជីវភាពរស់នៅប្រចាំថ្ងៃដែលប្រសើរជាងមុន ហើយភាពក្រីក្រនឹងត្រូវបានកាត់បន្ថយ » ៕


ចែករំលែកព័តមាននេះ