រាជធានីភ្នំពេញ ៖ តារាសម្តែងសុវណ្ណ មករា និងតារាចំរៀងល្បីឈ្មោះសាពូន មីដាដា បានបើករថយន្តឡិចស៊ីស470 ពណ៌ខ្មៅ មួយគ្រឿងក្នុងល្បឿនលឿនទៅបុកប៉ះរថយន្តអិចស្កាលេត ពណ៌ខ្មៅ មួយគ្រឿងបើកបរដោយបុរសម្នាក់ នៅចំណុចផ្លូវបំបែកជាបួន បណ្តាលឱ្យក្រឡិតតិចតួចបំផុត តែមិនព្រមនិយាយដោះស្រាយគ្នាតាមសម្រួល បែរជាប្រកែកគ្នារកត្រូវរៀងៗខ្លួនរហូតឈានដល់ឈ្លោះប្រកែកគ្នាបែកផ្សែងពេញផ្លូវជាង១ម៉ោង បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២អធ្រាត្រ ឈានចូលថ្ងៃទី៧ តុលា ២០១៥ តាមបណ្តោយផ្លូវ១៨២ កែងនឹងផ្លូវ១២៣ ស្ថិតក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា។
តាមការឱ្យដឹងពីមន្ត្រីប៉ូលិសចរាចរណ៍ខណ្ឌមករា បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តឡិចស៊ីស470 ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2C-9495 បើកបរដោយតារាសម្តែងម្នាក់ឈ្មោះសុវណ្ណ មករា រួមដំណើរដោយលោកសាពូន មីដាដា តារាចំរៀងប្រចាំផលិតកម្មរស្មីហង្សមាស បានធ្វើដំណើរតាមបណ្តោយផ្លូវ១៨២ ក្នុងទិសដៅពីលិចទៅកើត ខណៈពេលមកដល់ចំណុចផ្លូវបំបែកជាបួន ក៏មានរថយន្តអិចស្កាលេត ពណ៌ខ្មៅ មួយគ្រឿងអត់មានស្លាកលេខ បើកបរដោយបុរសម្នាក់បានធ្វើដំណើរចេញពីផ្លូវ១២៣ ក្នុងទិសដៅពីជើងទៅត្បួងឆ្លងផ្លូវ ដោយពេលនោះរថយន្តឡិចស៊ីស470បើកលឿនចាប់ហ្វ្រាំងមិនជាប់ ក៏បានជ្រុលទៅបុកប៉ះគូទរថយន្តអិចស្កាលេត ពណ៌ខ្មៅនោះ បណ្តាលឱ្យក្រឡិតថ្នាំតិចតួចបំផុត ចំណែករថយន្តឡិចស៊ីស470វិញគ្រាន់តែក្រពឹតកាងមុខបន្តិចដែរប៉ុណ្ណោះ។
ក្រោយពេលកើតហេតុភាគីទាំងសងខាងមិនព្រមនិយាយដោះស្រាយគ្នាតាមសម្រួលទេ បែរជាឈ្លោះប្រកែគ្នាបែកផ្សែងពេញផ្លូវជាង១ម៉ោង រហូតដលពេលប៉ូលិសចរាចរណ៍ខណ្ឌ៧មករាចុះមកអន្តរាគមន៍ធ្វើការវាស់វែងរួចបំរុងយករថយន្តទាំង២គ្រឿងនោះទៅរក្សាទុកនៅអធិការខណ្ឌ ទើបភាគីទាំងសងខាងឈប់ឈ្លោះប្រកែកគ្នា ហើយបើករថយន្តចេញបាត់រៀងៗខ្លួនបាត់ទៅ៕





ចែករំលែកព័តមាននេះ