រាចធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យជួញដូរគ្រឿងញៀនចំនួន៣នាក់ និងវត្ថុតាងគ្រឿងញៀន៦កញ្ចប់ត្រូវនគរបាលខណ្ឌជ្រោយចង្វារបង្ហាញមុខនៅព្រឹកថ្ងៃទី៧ តុលា នេះបន្ទាប់ពីឃាត់ខ្លួនបានជាបន្តបន្ទាប់កាលពីថ្ងៃទី៦ តុលា ។
ជនសង្ស័យដែលនគរបាលបង្ហាញមុខ រួមមាន១-ឈ្មោះគីម ឡេង ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅផ្ទះលេខ១១២ ផ្លូវជាតិលេខ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប, ២-ឈ្មោះឈៀង ផាន់ណែត ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅផ្ទះលេខ៤៣ ផ្លូវជាតិលេខ៦ ភូមិកៀនឃ្លាំង សង្កាត់ព្រែកលៀប និង៣-ឈ្មោះសែ រ៉ាវី ហៅត្រងោល អាយុ៣៣ឆ្នាំ មានទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ជាអ្នករកស៊ីចងការប្រាក់ និងកាន់កាតកាសែត៧មករា។ ជននេះបន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចបានដកហូតអាវប៉ារ៉ា អត្តសញ្ញាណបណ្ណប្រជាពលរដ្ឋ៣០សន្លឹក។
តាមនគរបាលខណ្ឌជ្រោយចង្វារបានឱ្យដឹងថា ដោយមានការស្រាវជ្រាវពីកម្លាំងនគរបាល នៅវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៦ តុលា សមត្ថកិច្ចបានឃាត់ខ្លួនជនម្នាក់ឈ្មោះគីម ឡុង នៅភូមិកៀនឃ្លាំង ខណៈពេលជននេះកំពុងធ្វើដំណើរតាមផ្លូវ ដោយដកហូតថ្នាំញៀន១កញ្ចប់។
នគរបាលបានឱ្យដឹងទៀតថា ពេលឃាត់ខ្លួនឈ្មោះគីម ឡុងបានសារភាពថា ថ្នាំញៀននេះទិញពីឈ្មោះឈៀង ផាន់ណែត ទើបសមត្ថកិច្ចឈានទៅចាប់ឈ្មោះឈៀង ផាន់ណែត នៅវេលាម៉ោង១២ថ្ងៃដដែល រួចឈានទៅចាប់បានជនទី៣ម្នាក់ទៀតនៅម៉ោង៤ និង២០នាទីរសៀល ៕
ចែករំលែកព័តមាននេះ