ខេត្តកំពង់ឆ្នាំង ៖ ក្នុងថ្ងៃបុណ្យកាន់បិណ្ឌវេនទី៩ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ត្រូវនឹងថ្ងៃទី៦ តុលា ២០១៥ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ដោយមានការអញ្ជើញចូលរួមពី លោក គុយ សុផល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅក្រសួងព្រះបរមរាជវាំង លោក សៀត គឹមលៀង អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រតិភូព្រះបរមរាជវាំង មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដី និងពុទ្ធបរិស័ទចំណុះជើងវត្ត ចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីកាន់បិណ្ឌវេនទី៩ នៅវត្តចំនួន៣ មាន វត្តក្បាលដំរី វត្តពន្លៃ និងវត្តក្រោលជី ក្នុងស្រុកបរិបូរណ៏ ។
ពិធីបុណ្យកាន់បិណ្ឌនេះ បានប្រារព្ធធ្វើទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ដោយមានការថ្វាយនូវគ្រឿងសក្ការៈបូជាចំពោះព្រះពុទ្ធរូប ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រួនៃ យើង និងបានប្រារព្ធនូវបទនមស្ការព្រះរតនត្រ័យថ្វាយបង្គំព្រះ សមាទានសីល ដើម្បីគោរពរំឭកដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី មានព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ ព្រមទាំងបាននិមន្តព្រះសង្ឃស្វាធ្យាយជ័យន្តោចម្រើនព្រះបរិត្ត ពុទ្ធពរជ័យមង្គលជូនចំពោះសម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់ នៃក្រសួងព្រះបរមរាជវាំង ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរស្រុកបរិបូណ៌ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ សូមបានជួបប្រទះតែព្រះពុទ្ធពរទាំង៤ប្រការ និងសុំតែសេចក្តីសុខ សេចក្តីចម្រើន និងសុភមង្គលគ្រប់ក្រុមគ្រួសារ ។
នៅក្នុងឱកាសនេះដែរ សម្តេចចៅហ្វាវាំង គង់ សំអុល ព្រមទាំងថ្នាក់ដឹកនាំ បានប្រគេនចង្ហាន់ បរិក្ខា និងបច្ច័យដល់ព្រះសង្ឃវត្តទាំង៣ ចំនួន៣៩អង្គ ក្នុង១អង្គៗចង្ហាន់១ស្រាក់ ទេយ្យទាន១កញ្ចប់ បច្ច័យ៥ម៉ឺនរៀល ព្រះចៅអធិការ៣អង្គ ក្នុង១អង្គៗចង្ហាន់១ស្រាក់ ទេយ្យទាន១កញ្ចប់បច្ច័យ១០ម៉ឺនរៀល ។ ប្រគេនក្នុងមួយវត្តៗទទួលបានអង្ករ១០០គីឡូក្រាម ទឹកក្រូច៥កេស មី៥កេស ទឹកបរិសុទ្ធ៥កេស ត្រីខ២៤កំប៉ុង និងបច្ច័យ១លានរៀល សម្រាប់កសាងសមិទ្ធផលនានាក្នុងវត្តផងដែរ ។ ជូនយាយជី តាជី និងប្រជាពលរដ្ឋដែលបានចូលរួមចំនួន៦៧៧នាក់ ក្នុងម្នាក់ៗទទួល បានប្រាក់៥ពាន់រៀល និងកុមារតូចៗចំនួន១.០១០នាក់ ក្នុងម្នាក់ៗទទួលបានស្ករគ្រាប់ និងប្រាក់១ពាន់រៀលផងដែរ ៕




ចែករំលែកព័តមាននេះ