រាជធានីភ្នំពេញ ៖ បុរស២នាក់ ម្នាក់រងរបួសបែកមុខបែកមាត់ និងបាក់ធេ្មញហូរឈាម និងម្នាក់ទៀតរងរបួសស្រាល ខណៈពេលចេញពីផឹកស៊ីស្រវឹងជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ កាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ តុលា ស្ថិតតាមបណ្ដោយផ្លូវលេខ២៧១ ត្រង់ចំណុចលើស្ពានអាកាសស្ទឹងមានជ័យ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
បុរសរងគ្រោះទាំង២នាក់មិនស្គាល់អត្តសញ្ញាណ អាយុជាង២០ឆ្នាំ ជិះម៉ូតូម៉ាកនិក ពណ៌កំបោរ ស៊េរីឆ្នាំ២០១៣ គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងស្ថានភាពស្រវឹង ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពលកើតហេតុ គេឃើញបុរសទាំង២នាក់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿនហើយស្រវឹងជោកជាំ ធ្វើដំណើរឆ្លងស្ពានអាកាសស្ទឹងមានជ័យ ខណៈមកដល់ចំណុចស្ពានកោងជិះលឿនពេកមិនបានកោងតាមស្ពានក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានបណ្តាលឲ្យម្នាក់ដួលរងរបយសបែកមុខមាត់ និងបាក់ធ្មេញ និងម្នាក់ទៀតរងរបួសស្រាលងើបដើរចេញទៅចោលមិត្តភក្តិបាត់ ។
ក្រោយពេលកើតហេតុ បុរសរងគ្រោះត្រូវបានបញ្ជូនទៅកាន់គ្លីនិកឯកជន រីឯម៉ូតូយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងសាឡាង ៕
ចែករំលែកព័តមាននេះ