រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ស្ត្រីម្នាក់ដែលគេអះអាងថាជាតារាបង្ហាញម៉ូដបានធ្វើអត្តឃាតដោយលោតសម្លាប់ខ្លួនពីលើផ្ទះជួលជាន់ទី២មកដីបោកក្បាលស្លាប់ភ្លាមៗ បន្ទាប់ពីមានទំនាស់គ្នាជាមួយបុសម្នាក់ដែលគេអះអាងថា ជាប្តីពីរឿងប្តីប្រចណ្ឌ និងចោទថានាងមានសហាយ ហើយបានវេចបង្វេចចុះចោលផ្ទះទៅបាត់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ ថ្ងៃទី៦ តុលា ២០១៥ នៅចំណុចផ្ទះជួលលេខ១២១ជាន់ទី២ ផ្លូវ១៩២Z សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
ស្ត្រីដែលធ្វើអត្តឃាតនេះមានឈ្មោះឃិន រដ្ឋា អាយុ២៥ឆ្នាំ មានទីលំនៅភូមិផ្លូវពោធិ៍វង្ស ឃុំស្វាយហ្លួង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ជាបុគ្គលិកក្រុមហ៊ុនតេងឡាយ។
តាមម្ចាស់ផ្ទះជួលបានឱ្យដឹងថា នាងបានមកជួលផ្ទះស្នាក់នៅបន្ទប់លេខ១ ជាន់ទី១ ជាមួយបុរសម្នាក់ដែលគេអះអាងថា ជាប្តីឈ្មោះទូច ផល្លី ជាអង្គរក្សឧកញ៉ាម្នាក់ តាំងពីថ្ងៃទី១ តុលា ។ នៅមុនពេលកើតហេតុ ប្តីប្រពន្ធទាំង២នាក់បានទាស់គ្នារឿងប្តីចោទប្រពន្ធថាមានសហាយ លួចផិតក្បត់ទៅស្រឡាញ់បុរសម្នាក់ជិះរថយន្ត៥៧០។ បន្ទាប់ពីទាស់គ្នាហើយបុរសជាប្តីបានវេចបង្វេចចុះចេញពិផ្ទះទៅបាត់ទៅ។
ប្រភពដដែលបានឱ្យដឹងថា ក្រោយមកមិត្តភក្តិនាងម្នាក់បានមកលេងផ្ទះជួលរបស់នាងហើយបាននាំគ្នាឡើងទៅដេកនៅជាន់ទី២ ខណៈពេលមិត្តភក្តិរបស់នាងកំពុងតែចាក់សោបន្ទប់ជាន់ទី២ ស្រាប់តែនារីរងគ្រោះលោតទម្លាក់ខ្លួនមកដីបោកក្បាលស្លាប់ភ្លាមៗតែម្តង។
តាមក្រុមគ្រួសារនារីរងគ្រោះបានឱ្យដឹងថា នាង ឃិន រដ្ឋា ជាស្ត្រីមេម៉ាយកូន២ ប្រុស១ ស្រី១ ហើយបានបែកបាក់ជាមួយប្តីដើមរយៈពេល២ឆ្នាំហើយ និងបានមកទំនាក់ទំនងស្នេហារួមរស់ជាមួយបុរសឈ្មោះទូច ផល្លី នេះ តែសាច់ញាតិមិនបានដឹងឭទេ។
តាមការពិនិត្យរបស់សមត្ថកិច្ចឃើញថា នៅលើដងខ្លួនសពនារីរងគ្រោះមានស្នាមវាយធ្វើទារុណកម្មជាំពេញខ្លួន។
ពេលនេះសពនារីរងគ្រោះត្រូវមិត្តភក្តិយកទៅតម្កល់ទុកនៅវត្តទឹកថ្លារង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕





ចែករំលែកព័តមាននេះ