ខេត្តក្រចេះ ៖ ទារិកាភ្លោះបីនាក់ចាប់កំណើតនៅក្នុងត្រកូលកសិករមួយនៅឃុំកញ្ជរ ស្រុកឆ្លូង បានប្រសូតក្នុងព្រៃចម្ការឆ្ងាយពីភូមិជាង៧គីឡូម៉ែត្រ តែស្លាប់ម្នាក់បន្ទាប់ពីមធ្យោបាយទៅសង្គ្រោះរបស់មណ្ឌលសុខភាពយឺតយ៉ាវ ។
ជារឿងគួរអនិច្ចាដល់ទារិកាភ្លោះទាំង៣ នោះដែលកើតក្នុងរោងនៅព្រៃចម្ការ កាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី៥ តុលា ហើយរយៈពេលជាង២ម៉ោងក្រោយមកទើបចាត់បញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកឆ្លូង ។ គ្រួសារនោះសម្រាលកូនក្នុងសភាពរខេករខាកតែពីរនាក់ប្តីប្រពន្ធនៅក្នុងព្រៃ ។ ពេលស្វែងរកការជួយអន្តរាគមន៍ពីពេទ្យឆ្មប និងរថយន្តសង្គ្រោះគ្មានការឈឺឆ្អាលជួយបានពេញលេញទេ ដូច្នេះហើយពឹងអ្នកភូមិសែងតាមអង្រឹងទៅផ្លូវលំ ទើបអាចដឹកតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យឆ្លូងបាន ។
បុរសជាប្តីឈ្មោះហួត សុព័ន្ធ អាយុ៣១ឆ្នាំ ឲ្យដឹងនៅថ្ងៃទី៦ តុលា ថា លោកបានសម្រេចបញ្ជូនប្រពន្ធ និងកូនស្រីភ្លោះដែលនៅរស់ចំនួនពីរនាក់ទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តកំពង់ចាម ក្រោយពីមើលឃើញថាសុខភាពរបស់កូនស្រីមិនប្រក្រតី ។ កូនភ្លោះនោះជាកូនទី៤ ។ ខណៈសម្រាលកូននៅក្នុងរោងចាំចម្ការ គឺមានតែពីរនាក់ប្តីប្រពន្ធប៉ុណ្ណោះដោយមិនមានពេទ្យឆ្មបឡើយ ។ ការឆ្លងទន្លេនេះដោយសារមិនទាន់គ្រប់ខែទើបមានបញ្ហា គឺទើបតែ៧ខែប៉ុណ្ណោះក៏ឈឺពោះ ។
បុរសជាប្តីមិនដឹងថា ក្នុងផ្ទៃពោះភរិយាមានកូនភ្លោះ៣ទេ ។ ភ្លាមៗបន្ទាប់ពីប្រពន្ឋឈឺពោះនោះ បុរសជាប្តីបានទូរស័ព្ទទៅរកពេទ្យឆ្មប និងរថយន្តសង្គ្រោះពីមណ្ឌលសុខភាពកញ្ជរ ដែលនៅចម្ងាយជាង៧គីឡូម៉ែត្រពីចម្ការ តែក្រុមគ្រូពេទ្យថាមិនអាចជួយបានទេ ដោយសារតែផ្លូវពិបាកចូលទៅ ។ បន្ទាប់ពីកូនកើតបានរយៈពេលជាង២ម៉ោង បុរសជាប្តីបានពឹងអ្នកភូមិឱ្យជួយសែងប្រពន្ធដាក់អង្រឹងចេញទៅផ្លូវលំ រួចទើបបានបញ្ជូនតាមរថយន្តសង្គ្រោះទៅមន្ទីរពេទ្យឆ្លូង ។
លោកហួត សុព័ន្ធ និយាយថា ដោយសារតែគ្មានមធ្យោបាយសង្គ្រោះទាន់ពេល កូនស្រីរបស់គាត់ម្នាក់ក្នុងចំណោមពីរនាក់បានស្លាប់នៅលើរថយន្តពេលកំពុងនាំទៅកាន់មន្ទីរពេទ្យ ។ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកឆ្លូង បញ្ជាក់ថា ក្រោយពីពិនិត្យឃើញថាសុខភាពរបស់ទារិកាទាំង២ មានសភាពខ្សោយខ្លាំង ដោយសារតែកើតមិនគ្រប់ខែ គឺបានតែ៧ខែ ហើយដោយសារតែនៅមន្ទីរ ពេទ្យឆ្លូង គ្មានឧបករណ៍គ្រប់គ្រាន់ទើបសម្រេចបញ្ជូនទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យខេត្តកំពង់ចាម ៕



ចែករំលែកព័តមាននេះ