ខេត្តកំពត ៖ កម្មករជំនាញផ្សេងៗគ្នាជាច្រើននាក់ ដែលធ្វើការឱ្យអ្នកម៉ៅការនៅរោងចក្រផលិតស៊ីម៉ង់ត៍ភ្នំទទុងទូកមាស កាលពីព្រឹកថ្ងៃទី៥ តុលា បាននាំគ្នាធ្វើរបាំងរាំងផ្លូវ មិនឱ្យរថយន្តមេការជាជនជាតិថៃ បើកចេញក្រៅរោងចក្រទ្បើយ ដើម្បីទាមទារបើកប្រាក់ខែ ដោយសារកម្មករជាច្រើននាក់ បានធ្វើការច្រើនខែមកហើយ មិនបានទទួលប្រាក់ខែពីក្រុមហ៊ុន ។
កម្មករម្នាក់ឈ្មោះ ឃឿត ឃាង ភេទប្រុស អាយុ៤២ឆ្នាំ នៅខេត្តបាត់ដំបង បាននិយាយថា គាត់បាននាំទាំងប្រពន្ធកូនតាំងពីខេត្តបាត់ដំបងមកធ្វើជាកម្មករក្រុមហ៊ុនទ្បុងរ៉ូហ្វា ស៊ីម ដែលម៉ៅការពីរោងចក្រស៊ីម៉ង់ត៍ អស់រយៈពេលយូរខែហើយមិនបើកប្រាក់ខែឱ្យសោះ ។
កម្មកររូបនេះបាននិយាយថា ការសន្យារបស់មេការជាជនជាតិថៃនេះ មានច្រើនដងមកហើយថា នឹងបើកប្រាក់ខែឱ្យ រហូតដល់ពេលចូលរដូវបុណ្យភ្ជុំបិណ្ឌទៅហើយ ក៏នៅតែមិនបើកប្រាក់ខែតាមសន្យាទៀត ទើបពួកគាត់លើកគ្នាមកតវ៉ា ដោយយករនាំងបាំងមិនឱ្យរថយន្តមេការជនជាតិថៃ បើកចេញក្រៅបាន ។
ដោយសារតែមានភាពវឹកវរខ្លាចមានអំពើហិង្សាផ្ទុះចេញពីកម្មករ ដែលមានកំហឹង កម្លាំងនគរបាលស្រុកបន្ទាយមាស បានចុះមកដល់កន្លែងស្នាក់នៅរបស់កម្មករ និងបានហៅតំណាងក្រុមហ៊ុននីមួយៗ ទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុក ក្នុងនោះមានតំណាងក្រុមហ៊ុនផ្សេងៗគ្នាចំនួន៦នាក់ ។
មន្ត្រីនគរបាលបានសាកសួរតំណាងក្រុមហ៊ុន ប៉ុន្តែតំណាងក្រុមហ៊ុន បាននិយាយប្រាប់នគរបាលវិញថា ពួកគេគ្រាន់តែជាមេការទេ ហើយអ្វីៗស្រេចលើក្រុមហ៊ុន ។ ចំណែកខាងក្រុមហ៊ុននិយាយថា វេរលុយមិនទាន់៕


ចែករំលែកព័តមាននេះ